ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​លុប​ឈ្មោះ​ក្រុមហ៊ុន​កម្ពុជា​ចំនួន​២០​ចេញ​ពី​បញ្ជី​នាំ​ទំនិញ​ចូល


រូបឯកសារ៖ ទីស្នាក់ការរបស់អាជ្ញាធរ​ចំណី​អាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ (U.S.FDA) នៅទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ ទីស្នាក់ការរបស់អាជ្ញាធរ​ចំណី​អាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ (U.S.FDA) នៅទីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។

ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ចំនួន​ ៥៦​ មក​នៅ​ត្រឹម​ ៣៦ ​ក្រុមហ៊ុន​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះ​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​នាំ​ផលិតផល​ចំណី​អាហារ​របស់​កម្ពុជា​ចូល​សហរដ្ឋ​អាមេរិក​ចំនួន​ ២០ ​ត្រូវ​បាន​អាជ្ញាធរ​ចំណី​អាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ (U.S.FDA) ​លុបឈ្មោះ​ចេញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៩។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃចន្ទ​ថា​ ការណ៍​នេះ​ដោយ​សារ​តែក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ជូន​ដំណឹង​ពី​ការ​ចុះ​បញ្ជី​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨។​

​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ចំនួន​ ៥៦​ មក​នៅ​ត្រឹម​ ៣៦ ​ក្រុមហ៊ុន​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះ​នៅ​ឡើយ​ទេ។​

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បន្ត​ស្នើ​ឱ្យ​ក្រុមហ៊ុន​នានា​ទាក់​ទង​នឹង​តំណាង​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ក្រុមហ៊ុន​ Registrar Corp ​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ចុះ​បញ្ជី​ជាថ្មី។​

ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា៖

«ដើម្បី​ជៀសវាង​នូវ​ការ​ឃាត់ឃាំង ​ឬ​សកម្មភាព​និយ័តកម្ម​ផ្សេងៗ​ ក្រុមហ៊ុន​ Registrar Corp ​សហរដ្ឋ​អាមេរិក​នឹង​សម្របសម្រួល​ផ្តល់​សេវា​ផ្ទៀងផ្ទាត់​ដោយ​ឥត​គិតថ្លៃ​ចំពោះ​ការចុះ​បញ្ជី​ទីតាំង​ផលិត​ចំណី​អាហារ​ឡើងវិញ​សម្រាប់​សុពលភាព​ឆ្នាំ​ ២០១៩ ជាមួយ​U.S FDA ទើប​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​នាំ​ចូល​និង​ចែក​ចាយ​នៅ​សហរដ្ឋ​អាមេរិក​បាន‍»។

សហរដ្ឋ​អាមេរិក​ទទួល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ចំនួន ​៣,៨ ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ក្នុង​នោះ​ផលិតផល​កសិកម្ម​មាន​ចំនួន​ ២៤​ លាន​ដុល្លារ។ ផលិតផល​កសិកម្ម​របស់​កម្ពុជា​មាន​ស្រូវ កៅស៊ូ​ អាហារសម្រន់ ​បន្លែ​និង​គ្រឿងទេស។ នេះ​បើ​តាម​ការ​បញ្ជាក់របស់គេហទំព័រ​នៃ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។​

ការ​លុប​ឈ្មោះ​ក្រុមហ៊ុន​បរទេស​ចេញពី​បញ្ជី​របស់​អាជ្ញាធរ​ចំណីអាហារ​ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋ​អាមេរិក​គឺ​មិនមែន​តែ​លើ​ប្រទេស​កម្ពុជា​មួយ​ទេ។ មាន​ក្រុមហ៊ុន​ចំនួន​៤៧.៦៣៥​ ត្រូវ​បាន​លុបចេញ​ដែល​ត្រូវ​ជា​ ២០ ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​ ២០១៩។ នេះ​បើតាម​ការ​បញ្ជាក់​នៅ​លើ​គេហទំព័ររបស់​ការិយាល័យ​ក្រុមហ៊ុន​ Registrar Corp ។

បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន ​Registrar Corp ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដោយសារតែ​លោកស្រី​គ្មាន​សិទ្ធិ​និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ក្រុមហ៊ុន​នានាត្រូវ​ចុះ​បញ្ជី​ឡើង​វិញ​ នៅ​ចន្លោះ​ថ្ងៃទី​១ ខែតុលា​ ដល់​ថ្ងៃទី​៣១ ខែធ្នូ​ជា​រៀងរាល់​ឆ្នាំ​គូ។

លោក​ស្រី​បាន​បន្ថែម​ថា​ មិន​ដឹង​មូល​ហេតុ​អ្វី​ដែល​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ចុះ​បញ្ជី​ឡើងវិញ​ទេ។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ​ការ​លុប​ឈ្មោះ​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្នើ​ច្បាប់​ពាណិជ្ជកម្មដែល​សមាជិក​សភា​និង​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើង​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ផលិតផល​របស់​កម្ពុជា​ទេ​ ដែល​ក្នុងនោះ​គឺ​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ​លើ​ផលិត​ផល​ ដែល​កម្ពុជា​នាំ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ​ជាង​ ៤០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

លោកស្រី​បន្ថែម​ថា​ ក្រុមហ៊ុន​ Registrar Corp ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Virginia ​នឹង​ធ្វើជា​តំណាង​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់ក្រុមហ៊ុន​ទាំងនោះ។​

អាជ្ញាធរ​ចំណី​អាហារ​និង​ថ្នាំ​ពេទ្យ​របស់​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​វីអូអេ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃចន្ទនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG