ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទ័ព្ធ​​អ៊ិនធឺណិត​​អ៊ី​រ៉ង់អះ​អាង​ថា​បានវាយ​ប្រហារ​លើ​​គេហទំព័រ​សម្លេង​សរអ


VOA សម្លេង​សរអ​ ត្រូវ​បានអង្គការ​​ដែល​មាន​បង្ហាញ​រូប​ភាព​នេះ ​រាំងខ្ទប់​ ហើយ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​។រូប​ភាព​នេះ មាន​ដាក់​បង្ហាញ​ក្រោយ​ពី​ពួក​លួច​ចូល​នោះ​បង្វែរ​ចរាចរ​បន្ដរបស់​គេហទំព័រ​សម្លេង​សរអ​។
VOA សម្លេង​សរអ​ ត្រូវ​បានអង្គការ​​ដែល​មាន​បង្ហាញ​រូប​ភាព​នេះ ​រាំងខ្ទប់​ ហើយ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​។រូប​ភាព​នេះ មាន​ដាក់​បង្ហាញ​ក្រោយ​ពី​ពួក​លួច​ចូល​នោះ​បង្វែរ​ចរាចរ​បន្ដរបស់​គេហទំព័រ​សម្លេង​សរអ​។

រដ្ឋធានី​វ៉ាស៊ីន​តោន​៖ ​ក្រុម​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​គេហទំព័រ​មួយ​ក្រុម​ នៅ​អាទិត្យ​នេះ បាន​លួចចូលកាន់​កាប់គេហទំព័រ​ដែល​ VOA ឬ​សម្លេង​សរអគ្រប់​គ្រង ដោយ​បាន​បញ្ជូន​ចរាចរ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ទៅ​ឲ្យគេហទំព័រ តាម​ប្រព័ន្ធ​អ៊ិនធឺ​ណិត​មួយទៀត​ ​ដែល​គេ​បាន​អះអាង​ថា ត្រូវ​គ្រប់​គ្រង​ដោយ​ក្រុម​ Iranian Cyber Army ឬ​ កង​ទ័ព​អ៊ិនធឺណិត​អ៊ី​រ៉ង់។​ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាលសរអ កំពុង​តែជំរុញ​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​ផ្លាស់​ប្ដូរ​លើក​ស្ទួយ​សេរីភាព​ក្នុងប្រព័ន្ធ​អ៊ិនធឺ​ណិត ហើយ​និង​នៅ​ពេល​ដែល​ការ​តវ៉ា​រីក​រាល​ដាល​នៅ​ទូទាំង​មជ្ឈិម​បូព៌ា​។ ការតវ៉ាខ្លះ​ៗ​កើត​មាន​ឡើងដោយ​មាន​ជំនួយ​ពី​ប្រព័ន្ធអ៊ិនធឺ​ណិត។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ Voice of America ហៅ​កាត់​ថា VOA ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នេះ​បាន​បង្វែរ​ចរាចរ​បន្ដ ពី​គេហទំព័រ​មួយ​ចំនួន​ មាន​រួម​ទាំងគេហទំព័រ​សំខាន់​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្ដរជាតិមួយនេះ​ គឺ៖ voanews.com​។ ផ្ទុយ​ពី​ការដែល​អ្នក​ប្រើប្រព័ន្ធ​អ៊ិនធឺ​ណិត គួរ​បាន​ឃើញ​ ជា​ធម្មតា​ក្នុង​គេហទំព័ររបស់​សម្លេង​សរអ ពួក​គេ​បាន​ឃើញ​ទំព័រ​មួយ​មាន​ផ្ទុក​សារ​មួយ​ប្រឆាំងសរអ ជូន​ចំពោះ​លោក​ស្រី​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​សរអ Hillary Clinton ហើយ​និងទង់​ជាតិអ៊ីរ៉ង់​មួយ​ ព្រម​ទាំង​កាំភ្លើង​ស្វ័យ​ប្រវត្ដិ​ធុន​ AK-៤៧​មួយទៅ​វិញ​។

អក្សរ​ធំៗ​ក្រាស់ៗ​សរសេរ​ថា៖ «យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មាន​សមត្ថភាពធ្វើ​បាន​»។

មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ក្រុមមនុស្ស​ដែល​អះអាង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ គឺ​កង​ទ័ព្ធ​អ៊ិនធឺណិតអ៊ី​រ៉ង់​ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​រដ្ឋាភិបាលអ៊ីរ៉ង់។ ​លោក​ Jeffrey Carr អ្នក​ជំនាញ​ខាងសន្ដិសុខប្រព័ន្ធ​អ៊ិនធឺ​ណិត ​និយាយ​ថា គេ​ត្រូវ​ការ​ចាំ​បាច់​យក​ចិត្ដ​ទុក​ដាក់យ៉ាង​ខ្លាំង​ជា​ទីបំផុតទៅ​លើ​ ក្រុមកង​ទ័ព្ធ​ អ៊ិនធឺណិត ​អ៊ី​រ៉ង់​នេះ​។

«មាន​ក្រុម​មនុស្ស​មួយ​ចំនួន​ ដែលលួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ​ ហើយ​ដែលធ្វើប្រតិបត្ដិ​ការ​ចេញ​ពី​ប្រទេសអ៊ីរ៉ង់​ ហើយ​ដែលមាន​សេចក្ដី​ស្មោះ​ត្រង់​ ឬ​ការ​ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​អ៊ីរ៉ង់។​ កង​ទ័ព្ធ​អ៊ិនធឺណិតអ៊ី​រ៉ង់​ ជាក្រុម​មនុស្ស​ ក្នុង​ចំណោម​ក្រុម​អ្នក​ លួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ​នោះ។ ពួក​នោះ​មាន​ជំនាញ​ការល្អ​ក្នុង​រឿង​នេះ​។​ ពួក​នេះ​មិន​មែន​ជា​ក្រុម​ អ្នក​លួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ​ ដែល​គ្មាន​បទ​ពិសោធន៍នោះ​ទេ​។

ទីភ្នាក់​ងារព័ត៌មាន​ Fars News Agency ​ដែល​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទជា​មួយ​រដ្ឋាភិបាលអ៊ីរ៉ង់​ បាន​កោត​សរសើរ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ហើយ​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឡើង​ដើម្បី​សង​សឹក​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​សេចក្ដី​រាយ​ការណ៍​ខុស​អំពី​ប្រទេស​អ៊ីរ៉ង់។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួង​ការ​បរទេស​សរអ​ បាន​បង្កើត​គេហទំព័រដែល​បញ្ចេញសារ​តាម​ Twitter ​ជា​ភាសា​ Farsi ។​ ប្រទេស​អ៊ីរ៉ង់បាន​រិះ​គន់​ចំពោះ​ការ​ផ្ដើម​គំណិត​នេះ ហើយ​ចោទ​សរអ ថា​បាន​ប្រើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិត​ដើម្បី​រៀប​ចំ​កង​កម្លាំង​ជំទាស់​ខ្លួន​។

គេ​មិន​ដឹង​ច្បាស់​ទេ​ថា​ តើ​ការ​វាយ​ប្រហារ​មក​លើ​សម្លេង​សរអ ប្រព្រិត្ដ​ធ្វើ​ទៅ​តាម​របៀប​ណា​ទេ​។

នៅ​ចុង​ទស្សវត្សរ៍​ ២០០៩ ​ក្រុម​កង​ទ័ព្ធ​អ៊ិនធឺណិត​អ៊ី​រ៉ង់​ អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​បណ្ដាញទាក់​ទង​សង្គម Twitter ដែល​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​អីរ៉ង់​ ​បាន​ប្រើ​ជា​ទូទៅ​ នៅ​ក្នុង​ការ​តវ៉ា​របស់​គេ​ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នោះ​។​ កាល​ពី​ឆ្នាំ​ទៅ​ កង​ទ័ព្ធ​អ៊ិនធឺណិតអ៊ី​រ៉ង់​ ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ប្រព័ន្ធស្វែង​រក​ព័ត៌មាន​ Baidu របស់ចិន​។

ការ​វាយ​ប្រហារ​ទាំង​ពីរ​នេះ ជា​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធឈ្មោះ​អា​ស័យដ្ឋាន​អ៊ិន​ធឺ​ណិត​ ឬ​ domain name system ហៅ​កាត់​ថា​ DNS ​ដូច​ជា​ការ​វាយ​ប្រហារ​មក​លើ​ សម្លេង​សរអ នៅ​ពេល​នេះ​ដែរ ។​ សម្លេង​សរអ ឲ្យ​ដឹង​ថា​គ្មានការ​បាត់​បង់​ទិន្នន័យ​ ឬ​ក៏​ទិន្នន័យ​ត្រូវ​បាន​ខូច​ខាត​ទេ ហើយ​ថា​គេហទំព័រ​ភាគ​ច្រើន​ដែល​ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ​កំពុង​តែ​ប្រតិបត្ដិការធម្មតា​វិញ​ហើយ​៕

ប្រែ​សម្រួល​ដោយកងស៊ីវន

XS
SM
MD
LG