ប្រទេសចិននិងឥណ្ឌាជាប្រទេសពីរដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយបើរួមគ្នា ប្រទេសទាំងពីរនេះជាទីផ្សារធំបំផុតសម្រាប់ការរីកលូតលាស់និងឱកាសនៅក្នុងពិភពលោក។ ខណៈដែលប្រទេសអាស៊ីធំបំផុតទាំងពីរនេះមានសារៈសំខាន់កាន់តែខ្លាំងនៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាផ្សេងៗរបស់សាកលលោក សហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាឲ្យបាននូវតុល្យភាពល្អក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះដែលមានឱកាសច្រើនដើម្បីពង្រឹងទំនាក់ទំនងជាមួយគ្នា។ មានភាពស្មុគស្មាញនិងបញ្ហាប្រឈមដ៏គួរឲ្យចាប់អារម្មណ៍នានា ក្នុងការដោះស្រាយជាមួយចិននិងឥណ្ឌា។
សតវត្សរ៍ថ្មីនេះពោរពេញទៅដោយចរន្តឥទ្ធិពលកើនឡើងរបស់ទ្វីបអាស៊ី។
«ខណៈដែលការរីកចម្រើនឡើងរបស់ប្រទេសអាឡឺម៉ង់ប្រែក្លាយសតវត្សរ៍ទី១៩ ហើយការរីកចម្រើនឡើងរបស់សហរដ្ឋអាមេរិកបានប្រែក្លាយសតវត្សរ៍ទី២០ ការរីកចម្រើនឡើងរបស់ចិននិងឥណ្ឌាទៅជាតួអង្គសំខាន់ក្នុងសាកលលោក នឹងផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្រ្តនយោបាយក្នុងសតវត្សរ៍ទី២១។ ដូច្នេះយើងកំពុងប្តូរពីសតវត្សរ៍មហាសមុទ្រអាត្លង់ទិកទៅជាសតវត្សរ៍មហាសមុទ្រប៉ាស៊ីហ្វិក ហើយចិននិងឥណ្ឌានៅចំកណ្តាល (ឥទ្ធិពល)នោះតែម្តង»។
លោក រ៉ូប៊ឺត ហ៊ម៉ាតស៍ (Robert Hormats) ជាអនុរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ថាមពល និងកសិកម្ម។ ថ្លែងកាលពីថ្ងៃពុធក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ (Center for Strategic and International Studies ឬCSIS) លោកអនុរដ្ឋមន្ត្រី ហ៊ម៉ាតស៍ បញ្ជាក់ថា សហរដ្ឋអាមេរិកបាននិងកំពុងរៀនសូត្រពីរបៀបថាតើត្រូវធ្វើយ៉ាងដូចម្តេចឲ្យមានតុល្យភាពទំនាក់ទំនងជាមួយប្រទេសទាំងពីរនេះ ខណៈដែលទំនាក់ទំនងជាមួយឥណ្ឌាកាន់តែរឹងមាំឡើង។
«របៀបនៃការរៀបចំទំនាក់ទំនងត្រីកោណនេះឲ្យមានលក្ខណៈមួយដែលសហការគ្នាជាជាងប្រកួតប្រជែងគ្នានោះ គឺនឹងមានសារៈសំខាន់យ៉ាងខ្លាំង។ ចិនបាននិងកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នបំផុតចំពោះការកើនឡើងនៃទំនាក់ទំនងសហរដ្ឋអាមេរិកនិងឥណ្ឌា ដោយរាប់បញ្ចូលទាំងផ្នែកការពារជាតិផង។ ឥឡូវនេះប្រទេសឥណ្ឌាបានធ្វើសមយុទ្ធជាមួយយើងច្រើនជាងធ្វើជាមួយកងទ័ពប្រទេសផ្សេងទៀតណាទាំងអស់»។
ជាទូទៅទំនាក់ទំនងផ្ទាល់រវាងចិននិងឥណ្ឌាមានការលំបាក។ បណ្តោយព្រំដែនភ្នំហិមពាន្តមួយផ្នែកធំរវាងប្រទេសទាំងពីរនៅមានជម្លោះនិងប្រទាំងប្រទើសនៅឡើយ។ លោក អេឌ លូស (Ed Luce) អ្នកធ្វើអត្ថាធិប្បាយជាន់ខ្ពស់របស់កាសែត Financial Times និយាយថា ប្រការនោះបានជួយរារាំងដល់លំហូរទៅវិញទៅមកនៃប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរ ដោយបានកម្រិតទំនាក់ទំនងដោយផ្ទាល់និងការយល់ដឹងពីគ្នាទៅវិញទៅមកតែម្តង។
«ចំនួនទិដ្ឋាការដែលត្រូវបានចេញឲ្យជារៀងរាល់ឆ្នាំនៅមានកម្រិតតិចតួចណាស់ប្រសិនបើយើងគិតទៅលើរឿងថាប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយប្រទេសទាំងពីរមានទំហំធំមហិមាទៀតនោះ។ ប្រទេសទាំងពីរជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនបំផុតនៅក្នុងពិភពលោក។ ដូច្នេះ លទ្ធភាពនៃការយល់ច្រឡំគ្នាទៅវិញទៅមកមានភាពធំខ្លាំងណាស់»។
លោកហ៊ម៉ាតស៍ អនុរដ្ឋមន្ត្រីការបរទេសមានប្រសាសន៍ថា បរិយាកាសនៃភាពងាយចល់ច្រឡំគ្នារវាងប្រទេសចិននិងឥណ្ឌា អាចជាស្ថានភាពការទូតដ៏ផុយស្រួយមួយសម្រាប់សហរដ្ឋអាមេរិក។
«ឥណ្ឌាចង់បានទំនាក់ទំនងល្អជាមួយចិន ដោយសារតែឥណ្ឌាដឹងថា ពួកគេជាប្រទេសជិតខាង ហើយពួកគេដឹងថា ពួកគេជាប្រទេសមានអាវុធនុយក្លេអ៊ែរដូចគ្នា ហើយពួកគេចង់ធ្វើពាណិជ្ជកម្ម។ ឥណ្ឌាមិនចង់ជាប់ខ្លួននៅក្នុងជម្លោះកលល្បិចរវាងចិននិងអាមេរិកនោះទេ។
ដូចមាននៅក្នុងទំនាក់ទំនងរវាងប្រទេសភាគច្រើនបំផុត ជារឿយៗវិបុលភាពនិងការរីកលូតលាស់សេដ្ឋកិច្ចជាកត្តាកំណត់សកម្មភាពរវាងប្រទេសទាំងពីរ។ ដោយសារតែរឿងនោះហើយ ទើបលោក អេឌ លូស៍ មិនគិតថា ចិននិងឥណ្ឌា នឹងមានទំនោរប៉ះទង្គិចគ្នាដែលអាចទៅជាជម្លោះនោះទេ។
«ពួកគេពិតជាមានការប្រយ័ត្នប្រយែងពីគ្នាទាំងសងខាង។ ក៏បុន្តែស្របពេលជាមួយគ្នានេះដែរ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងរីកដុះដាល។ ដូច្នេះ នោះជារូបភាពដ៏ស្មុគ្រស្មាញនិងលម្អិតជាងរូបភាពដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកពិនិត្យមើលទៅលើវិស័យយុទ្ធសាស្ត្រវិញ។ ហើយប្រទេសទាំងពីរបានចាត់ទុកយ៉ាងច្បាស់ក្រឡែតថា មូលដ្ឋាននៃសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាទំនុកចិត្តទៅវិញទៅមកដែរ គឺភាពរីកចម្រើនសេដ្ឋកិច្ច។ ហើយរឿងមួយដែលអាចបំផ្លាញមូលដ្ឋាននេះគឺ ជម្លោះ។ ដូច្នេះ ខ្ញុំមិនគិតថាប្រទេសទាំងពីរនឹងឈានទៅរកជម្លោះណាមួយឡើយ»។
ការណ៍នេះនាំឲ្យសហរដ្ឋអាមេរិកស្ថិតនៅក្នុងតួនាទីមួយ ដែលនឹងត្រូវជួយជំរុញឲ្យមានបរិយាកាសមួយ ដែលចិននិងឥណ្ឌា អាចថ្កុំថ្កើនតាមរយៈការវិវឌ្ឍទៅតាមការប្រតិបត្តិនានាដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសលោកខាងលិច ហើយដែលបានរីកលូតលាស់កាលពីសតវត្សរ៍មុន។ លោកឯកអគ្គរដ្ឋទូត ខាល អែហ្វ អ៊ីនឌឺហ្វ៊ឺត (Karl F. Inderfurth) ជាទីប្រឹក្សាជាន់ខ្ពស់នៅឯ CSIS និងជាអតីតឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង។
«វិធីសាស្ត្រមួយដែលយើងគួរធ្វើ ហើយកំពុងព្យាយាមតម្រង់គោលនយោបាយរបស់ពួកគេនោះ គឺត្រូវលើកទឹកចិត្តឲ្យពួកគេកាន់តែប្រកាន់ខ្ជាប់នូវច្បាប់សាកលលោក បើនិយាយអំពីពាណិជ្ជកម្ម ឬនិយាយអំពីការវិនិយោគ ឬនិយាយពីរបៀបដែលកម្មសិទ្ធិបញ្ញាត្រូវបានការពារ ដោយសារប្រទេសទាំងនេះមានចំណែកកាន់តែច្រើនឡើងនៅក្នុងសេដ្ឋកិច្ចសាកលលោក»។
ឯកអគ្គរដ្ឋទូត អ៊ីនឌើហ្វ៊ឺត ថ្លែងថា ជំនាញខាងបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិក ជាវិធីសាស្ត្រពិសេសមួយក្នុងការពង្រឹងចំណងទាក់ទងជាមួយឥណ្ឌារហូតដល់ចំណុចមួយនៃការធ្វើឲ្យពលរដ្ឋធម្មតាចូលរួមបាន។
«ធាតុផ្សំមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងទំនាក់ទំនងនេះ គឺការណ៍ដែលយើងអាចប្រើកិច្ចសហប្រតិបត្តិការបច្ចេកវិជ្ជាជាន់ខ្ពស់រវាងសហរដ្ឋអាមេរិកនិងឥណ្ឌា ក្នុងរបៀបមួយ ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋឥណ្ឌាទូទៅនៅតាមកសិដ្ឋាននានា និងភូមិដ្ឋានទូទាំងប្រទេសឥណ្ឌា។ ដោយសារមូលហេតុដូចគ្នានេះដែរ កិច្ចការមួយដែលយើងព្យាយាមធ្វើនៅសហរដ្ឋអាមេរិកនោះ គឺត្រូវបង្ហាញប្រាប់ពលរដ្ឋអាមេរិកថា ពួកគេបានទទួលផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយឥណ្ឌានេះ»។
លោកបានឲ្យដឹងទៀតថា ការយល់ច្បាស់និងស៊ីជម្រៅជាងមុនស្តីពីផលប្រយោជន៍ផ្ទាល់ នឹងជួយកាត់បន្ថយការព្រួយបារម្ភមួយចំនួននៅសហរដ្ឋអាមេរិកដែលថាការងារយ៉ាងច្រើនត្រូវបានយកទៅបង្កើតនៅប្រទេសផ្សេងៗទៅវិញ ជាពិសេសគឺនៅឥណ្ឌា៕
ប្រែសម្រួលដោយ លី សុខឃាង