ក្នុងការចរចាទ្វេភាគីរវាងប្រទេសថៃនិងសហរដ្ឋអាមេរិក ដែលភាគច្រើនផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងទាក់ទងខាងពាណិជ្ជកម្មនោះ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានគាបសង្កត់ឲ្យរដ្ឋាភិបាលទីក្រុងបាងកកវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបស៊ីវិលវិញ។
ការចរចាស្ថិតនៅក្រោមប្រធានបទការសន្ទនាជាយុទ្ធសាស្រ្តរវាងប្រទេសថៃ និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធនេះ រួមមានចាប់តាំងពីពាណិជ្ជកម្មរហូតដល់សន្តិសុខក្នុងតំបន់ ហើយនឹងបញ្ហានានានៅទូទាំងតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឃើញប្រទេសថៃមានការរួបរួមគ្នា មានស្ថិរភាព សន្តិសុខ រីកចម្រើន និងមានឥទ្ធពល។ លោក Russel បានពិភាក្សាដោយត្រង់ៗ និងប្រកបដោយខ្លឹមសារជាមួយលោក Prayut Chan-o-cha នាយករដ្ឋមន្រ្តី ដែលបានដឹកនាំរដ្ឋប្រហារនៅប្រទេសថៃក្នុងឆ្នាំ២០១៤។
«មានវិស័យមួយចំនួនដែលយើងមិនអាចព្រមព្រៀងគ្នា។ ក៏ប៉ុន្តែវិស័យមួយដែលយើងបានព្រមព្រៀងគ្នាគឺសារៈសំខាន់របស់ប្រជារាស្រ្តថៃឆ្ពោះទៅកាន់មាគ៌ានាថ្ងៃអនាគតប្រកបដោយស្ថិរភាព សន្តិសុខ។ មាគ៌ានេះឆ្ពោះទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលដឹកនាំដោយស៊ីវិល»។
ការតានតឹងបានកើនឡើងកាលពីខែមុន បន្ទាប់ពីលោក Glyn Davies ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃ បានរឹះគន់ការកាត់ទោសដាក់ពន្ធនាគាររយៈពេលយូរ ដែលបានធ្វើឡើងតាមច្បាប់ប្រមាថមាក់ងាយរាជវង្សព្រះមហាក្សត្រប្រទេសថៃ។
ការកាត់ទោសពេលថ្មីៗនេះមានការដាក់ទោសឲ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ ដោយបុរសម្នាក់ អាយុ២៧ឆ្នាំ ត្រូវតុលាការយោធាកាត់ទោសកាលពីថ្ងៃពុធឲ្យប្រឈមការជាប់គុក៣៧ឆ្នាំចំពោះការចុះផ្សាយក្នុងបណ្តាញព័ត៌មានសង្គមអំពីសត្វឆ្កែមួយក្បាលដែលព្រះមហាក្សត្រពេញព្រះទ័យ។
លោក Russel បានមានប្រសាសន៍ទៀតថា ការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្រសិទ្ធិមនុស្សនោះ មិនដៅចំៗតែប្រទេសថៃទេ។
«សិទ្ធិមនុស្សដែលសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតគាំទ្រនោះមិនមែនសម្រាប់តែថៃ សម្រាប់តែអាមេរិកទេ។ សិទ្ធិមនុស្សទាំងនោះជាសិទ្ធិមនុស្សសាកល។ សិទ្ធិទាំងនោះជាសេរីភាពដែលមនុស្សទាំងអស់ស្វះស្វែងរក ហើយមនុស្សទាំងអស់សក្តិសមទទួលបាន។ ហើយវាជាសេចក្តីប៉ងប្រាថ្នាដ៏ល្អរបស់យើងដែលថា បំណងប្រាថ្នា និងសិទ្ធិរបស់ពលរដ្ឋនៃព្រះរាជាណាចក្រថៃនៅទីបំផុតនឹងត្រូវបានគេយល់ថា មិនអាចគ្មានរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យប្រកបដោយស្ថិរភាព និងដឹកនាំដោយស៊ីវិលនោះទេ»។
រដ្ឋាភិបាលយោធានិយាយថា នៅពេលដែលការធ្វើកំណែទម្រង់រដ្ឋធុម្មនុញ្ញចូលជាធរមាននោះ ការបោះឆ្នោតថ្មីអាចដំណើរការនៅឆ្នាំ២០១៧៕
ប្រែសម្រួលដោយជឹង ប៉ូជីន