ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជំរុញ​ឱ្យ​ប៉ារ៉ាហ្គាយ​ធ្វើ​ការ​ជាមួយ​តៃវ៉ាន់​​ ខណៈ​មាន​​​បាតុកម្ម​​​ទាក់ទិន​​វិបត្តិ​​កូវីដ១៩


ពលរដ្ឋ​ប៉ារ៉ាហ្គាយ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​សុខាភិបាល​របស់​លោក​ប្រធានាធិបតី Mario Abdo Benitez និង​កង្វះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
ពលរដ្ឋ​ប៉ារ៉ាហ្គាយ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​សុខាភិបាល​របស់​លោក​ប្រធានាធិបតី Mario Abdo Benitez និង​កង្វះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជំរុញ​ឲ្យ​ប្រទេស​ប៉ារ៉ាហ្គាយ (Paraguay) ធ្វើការ​ជាមួយកោះ​តៃវ៉ាន់​ដែល​ជា​សម្ព័ន្ធមិត្តការទូត​របស់​ខ្លួន ដើម្បី​ជម្នះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​មានការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូងមួយ​នេះ​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​វិបត្តិ​សុខភាព​នេះ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​ប៉ារ៉ាហ្គាយ​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​នៅ​ក្នុង​រដ្ឋធានី​អាសង់ស្យុង (Asuncion) អំពី​ការ​ខ្វះ​ថ្នាំ​សង្កូវ ​និង​គ្រែ​នៅកន្លែង​សង្គ្រោះ​បន្ទាន់​នៅ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវការ​ឆ្លងជំងឺ​កូវីដ១៩ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Mario Abdo ចេញ​ពី​តំណែង។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី​ Blinken បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី Abdo កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហាការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ ហើយ​បាន​សង្កត់​ធ្ងន់ពី​សារៈសំខាន់​នៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី ការ​តវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី​និង​នីតិរដ្ឋ។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​ធ្វើការ​ជាមួយ​បណ្តា​ដៃគូ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​និង​នៅ​ក្នុង​ពិភពលោក រួម​ទាំង​កោះ​តៃវ៉ាន់ ​ដើម្បី​ជម្នះ​ការ​រាតត្បាត​ជា​សាកល​នេះ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ហើយ​នឹង​បង្កើន​តម្លាភាព​និង​ការ​ទទួល​ខុសត្រូវ»។

ប្រទេស​ប៉ារ៉ាហ្គាយ​ជា​សម្ព័ន្ធមិត្ត​ខាង​ការទូត​តែ​មួយ​គត់​របស់​កោះតៃវ៉ាន់​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ដោយ​មិន​មាន​សិទ្ធិ​ជា​រដ្ឋ​មួយ​ទេ។

សហរដ្ឋអាមេរិក បាន​សម្តែង​នូវ​ក្តីកង្វល់​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​១៥​ផ្សេង​ទៀត​ដែល​នៅ​មាន​ចំណងការទូត​ជាមួយកោះ​តៃវ៉ាន់​នៅ​ឡើយ​ ហើយ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ជាពិសស​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ថា​ជា​តំបន់​អំណាចរបស់​ខ្លួន៕

XS
SM
MD
LG