មន្ទីរបញ្ចកោណ៖ ដោយអ្នកនយោបាយអ៊ីរ៉ាក់ នៅមិនទាន់មានលទ្ធភាពបង្កើតរដ្ឋាភិបាលមួយនៅឡើយ ហើយកាលបរិច្ឆេទនៃការដកកងទ័ពសហរដ្ឋអាមេរិកចំនួនពីរលើកខិតជិតចូលមកដល់ហើយ ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ាក់កំពុងផ្លាស់ប្តូរសេចក្តីអធិប្បាយស្តីពីអនាគតនៃទំនាក់ទំនងការពារប្រទេសទ្វេភាគី។
កងទ័ពប្រយុទ្ធរាប់ពាន់នាក់របស់សហរដ្ឋអាមេរិកកំពុងចាកចេញពីប្រទេសអ៊ីរ៉ាក់ជារៀងរាល់សប្តាហ៍ ខណៈដែលវត្តមានកងទ័ពអាមេរិកសរុបនៅក្នុងប្រទេសនេះ ធ្លាក់ចុះយ៉ាងឆាប់រហ័សដើម្បីទៅដល់ទិសដៅកំណត់ដែលមានចំនួន៥ម៉ឺននាក់មិនលើសពីដំណាច់ខែនេះ។ សូម្បីតែកាលបរិច្ឆេទនៅសល់បីសប្តាហ៍ទៀតក៏ដោយ ក៏ប៉ុស្តិ៍ទូរទស្សន៍របស់មន្ទីរបញ្ចកោណបានគូសបញ្ជាក់ថា ការបញ្ចប់ជាផ្លូវការនៃបេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកគឺតាំងពីថ្ងៃសៅរ៍មុន។ ប៉ុស្តិ៍ទូរទស្សន៍នោះផ្សាយថា៖
«សម្លេងប្រុស៖ នេះជាសេចក្តីរាយការណ៍របស់ប៉ុស្តិ៍មន្ទីរបញ្ចកោណ។ សម្លេងស្រី៖ កងពលតូចលេខបួននៃកងពលធំថ្មើរជើងលេខ២បានប្រគល់ការទទួលខុសត្រូវផ្នែកសន្តិសុខជាផ្លូវការ ទៅឲ្យកងពលធំលេខ៦ នៃកងទ័ពអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍។ នេះគឺជាក្រុមប្រយុទ្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលត្រូវផ្ទេរការគ្រប់គ្រងនៃប្រតិបត្តិការប្រយុទ្ធទៅឲ្យកងទ័ពអ៊ីរ៉ាក់វិញ»។
ដោយសារប្រការនោះហើយ ទើបនាំឲ្យការផ្តោតការយកចិត្តទុកដាក់របស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់នឹងត្រូវផ្លាស់ប្តូរទាំងស្រុងទៅជាការផ្តល់ប្រឹក្សា និងជួយកងកម្លាំងអ៊ីរ៉ាក់វិញ។ សូម្បីតែឈ្មោះផ្លូវការនៃបេសកកម្មនេះក៏នឹងផ្លាស់ប្តូរនៅថ្ងៃទី១ ខែកញ្ញា ពីប្រតិបត្តិការដើម្បីសេរីភាពអ៊ីរ៉ាក់ (Operation Iraqi Freedom) ទៅជាប្រតិបតិ្តការព្រឹកព្រហាមថ្មី (Operation New Dawn) វិញ។ អនុលោមតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ ដែលបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០០៨ នឹងមានការដកកងទ័ពមួយលើកទៀតនៅឆ្នាំក្រោយ ដោយមិនបន្សល់ទុកកងទ័ពសហរដ្ឋអាមេរិកណាម្នាក់ឡើយ នៅត្រឹមថ្ងៃទី៣១ ខែធ្នូរ ឆ្នាំ២០១១។
ប៉ុន្តែ ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ក្រុមអ្នកជំនាញ និងក្រុមមន្ត្រីអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិករំពឹងថា កិច្ចព្រមព្រៀងនេះអាចត្រូវធ្វើវិសោធនកម្ម មុនពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តយ៉ាងពេញលេញ។
នេះជាលោកម៉ៃខល អូហានឡុន (Michael O'Hanlon) នៃវិទ្យាស្ថានប៊្រុកឃីងស៍ (Brookings Institution)។
«ទេ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ប៉ុន្តែខ្ញុំគិតថា យើងត្រូវតែដាក់កិច្ចព្រមព្រៀងនេះឲ្យនៅក្នុងចក្ខុវិស័យមួយសិន»។
លោកម៉ៃខល អូហានឡុនមានប្រតិកម្មតបទៅនឹងបទអត្ថាធិប្បាយនេះ កាលពីថ្ងៃពុធ ដែលធ្វើឡើងដោយមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ាក់ គឺលោកឧត្តមសេនីយ៍ទោ បាបាគៀ ហ្សេបារី (Babakir Zebari)។ លោកឧត្តមសេនីយ៍រូបនេះមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ាក់នឹងត្រូវការកងទ័ពសហរដ្ឋអាមេរិក រយៈពេល១០ឆ្នាំទៀត។ លោកអូហានឡុនថ្លែងថា៖
«អ្វីដែលអ្នកអាចមើលឃើញនោះគឺថា លោកឧត្តមសេនីយ៍អ៊ីរ៉ាក់រូបនេះពិតជាកំពុងព្យាយាមដាក់សម្ពាធទៅលើអ្នកនយោបាយ ក្នុងប្រទេសរបស់លោក ហើយក៏ជំទាស់ទៅនឹងការសន្មត់ថា សហរដ្ឋអាមេរិកគួរតែចាកចេញនៅត្រឹមដំណាច់ឆ្នាំក្រោយ»។
លោកអូហានឡុន មានប្រសាសន៍ថា លោកឧត្តមសេនីយ៍រូបនេះកំពុងធ្វើការឆ្លុះបញ្ចាំងពីទស្សនៈរបស់ក្រុមមន្ត្រីយោធាអ៊ីរ៉ាក់ និងអាមេរិកជាច្រើន ដែលជឿថា ប្រទេសអ៊ីរ៉ាក់នឹងត្រូវការឥទ្ធិពលកងទ័ពអាកាស គ្រូបង្វឹក កងកម្លាំងពិសេស និងការគាំទ្រផ្សេងៗ ពីសំណាក់សហរដ្ឋអាមេរិក នៅក្រោយដំណាច់ឆ្នាំក្រោយ។ ហើយលោកមានប្រសាសន៍ថា ក៏មានមូលហេតុផ្សេងទៀតដែរ។ លោកអូហានឡុនបន្តថា៖
«ហេតុអ្វីបានជាអ្នកចង់ប្រថុយយកចេញនូវមិត្តភ័ក្រដ៏ល្អរបស់ប្រជាពលរដ្ឋអ៊ីរ៉ាក់ ព្រមទាំងសមត្ថភាពប្រកបដោយស្ថេរភាព ឯករាជ្យ និងអព្យាក្រិត ដូចជាកងទ័ពសហរដ្ឋអាមេរិកនេះ ខណៈដែលអ្នកមិនទាន់ប្រាកដនៅឡើយថា ស្នាមរបួសរបស់ប្រទេសអ៊ីរ៉ាក់ទាំងអស់ជាសះស្បើយស្រួលបួល សម្រាប់ប្រទេសនេះស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកស្ថេរភាពនោះ?»។
ស្នាមរបួសមិនទាន់ព្យាបាលទាំងនោះរួមមានជម្លោះរវាងនិកាយស៊ីអ៊ីត (Shiites) និងស៊ុននី (Sunnis) របស់អ៊ីរ៉ាក់ និងរវាងសហគមន៍អារ៉ាប់ (Arab) និងឃឺឌ (Kurdish) របស់ប្រទេសនេះ ហើយក៏នៅមានទិដ្ឋភាពដែលថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិបាលកិច្ច ដែលមិនទាន់ដំណើរការទៅល្អ និងប្រព័ន្ធយុត្តិធម៌ដែលប្រឈមនឹងបញ្ហា អាចផ្តល់ឱកាសដល់ពួកកងជីវពលឲ្យត្រឡប់មកវិញ។ ក្រុមអ្នកជំនាញក៏បានកត់សម្គាល់ឃើញដែរថា ប្រទេសអ៊ីរ៉ាក់នឹងត្រូវបន្តធ្វើឲ្យកងទ័ពរបស់ខ្លួនមានលក្ខណៈអាជីព និងទំនើប ហើយត្រូវការបរទេសជួយក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់នោះ។ អ្នកខ្លះនិយាយថា ប្រភពជំនួយភស្តុភារធំបំផុតគឺសហរដ្ឋអាមេរិក។
ប៉ុន្តែ ទិដ្ឋភាពនៃការបន្តឲ្យមានកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ក្រោយឆ្នាំ២០១១ គឺជាបញ្ហានយោបាយយ៉ាងរសើបសម្រាប់ប្រទេសទាំងពីរនេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេកំពុងធ្វើការដើម្បីឆ្ពោះទៅរកការអនុវត្តផែនការដកកងទ័ពដ៏ពេញលេញមួយ ប៉ុន្តែពួកគេនៅតែបើកចំហរក្នុងការពិភាក្សាអំពីការផ្លាស់ប្តូរផែនការ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ាក់ចង់មានការពិភាក្សា។ លោករ៉ូប៊ើត ហ្គេត (Robert Gates) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានគូសបញ្ជាក់ចំណុចនោះដល់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោក ក្នុងអំឡុងពេលនៃការធ្វើដំណើរក្នុងស្រុកកាលពីថ្ងៃពុធ។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំគិតថា យើងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ ដែលរដ្ឋាភិបាលទាំងពីរបានយល់ស្របគ្នារួចហើយ ដែលថាយើងនឹងចាកចេញពីប្រទេសអ៊ីរ៉ាក់ មិនហួសដំណាច់ឆ្នាំ២០១១។ ប្រសិនបើរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅទីនោះ ហើយគេចង់ពិភាក្សាអំពីរឿងរ៉ាវក្រោយឆ្នាំ២០១១ យើងពិតជាបើកចំហរចំពោះការពិភាក្សានោះ។ ប៉ុន្តែការផ្តួចផ្តើមគំនិតនឹងត្រូវផុសចេញពីខាងអ៊ីរ៉ាក់ខ្លួនឯង»។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានទទូចសុំឲ្យអ្នកនយោបាយអ៊ីរ៉ាក់ដោះស្រាយភាពខ្វែងគំនិតគ្នា ហើយបង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗជាច្រើន ដោយរាប់បញ្ចូលទាំងបញ្ហាកងទ័ពផង។ ក្រុមមន្ត្រីអ៊ីរ៉ាក់កំពុងមិនចុះសម្រុងគ្នា ចាប់តាំងពីការបោះឆ្នោតរដ្ឋសភានៅក្នុងខែមីនា ដែលនាំឲ្យមានប្លុកនយោបាយសំខាន់ពីរដែលមានអំណាចស្ទើរតែស្មើគ្នា។
ក្រុមអ្នកជំនាញនិយាយថា បញ្ហាកងទ័ពទំនងជានឹងមិនអាចដោះស្រាយបានទេ រហូតដល់ប្រទេសអ៊ីរ៉ាក់មានរដ្ឋាភិបាលមួយសិន ហើយរហូតដល់ក្រុមមន្ត្រីនៃប្រទេសទាំងពីរមានឱកាសវាយតម្លៃទៅលើការអនុវត្តរបស់កងកម្លាំងអ៊ីរ៉ាក់នៅក្នុងតួនាទីថ្មី ដែលឥឡូវនេះពួកគេកំពុងទទួលខុសត្រូវខាងវិស័យសន្តិសុខទូទាំងប្រទេស។
សម្រាប់ពេលនេះ ក្រុមមន្តី្ររដ្ឋាភិបាលក្រុងបាកដាត (Baghdad) និងវ៉ាស៊ីនតោន (Washington) នឹងផ្តល់ទស្សនៈរបស់ពួកគេជាបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទុកបញ្ហានេះឲ្យនៅរស់រវើក និងផ្សព្វផ្សាយទស្សនៈផ្ទាល់របស់ពួកគេ អំពីថាតើបញ្ហានេះគួរត្រូវដោះស្រាយយ៉ាងដូចម្តេច៕
ប្រែសម្រួលដោយលី សុខឃាង