ក្រុមអ្នកចរចាកំពូលៗរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃអង្គារនេះ ក្នុងក្ដីសង្ឃឹមថានឹងមានការវិវឌ្ឍទៅមុខនៅក្នុងការពិភាក្សាជុំថ្មីលើកនេះជាមួយនឹងក្រុមអ្នកចរចាចិន ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ជាអ្នកដឹកនាំក្រុមចរចាខាងសហរដ្ឋអាមេរិកដើម្បីចូលរួមនៅក្នុងការចរចាពាណិជ្ជកម្មកម្រិតខ្ពស់ជុំទី ១០ នៅសប្ដាហ៍នេះ ដោយខាងភាគីចិនមានលោកឧបនាយករដ្ឋមន្ត្រី Liu He ជាអ្នកតំណាងរដ្ឋាភិបាលក្រុងប៉េកាំង។
បន្ទាប់ពីការចរចានេះ លោក Liu He ត្រូវគេរំពឹងថានឹងធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃទី ៨ ខែឧសភាខាងមុខនេះ ដើម្បីបន្តការចរចា។
លោក Mnuchin បានប្រាប់អ្នកកាសែតនៅសណ្ឋាគាររបស់លោកនៅក្នុងទីក្រុងប៉េកាំងនៅមុនការចរចានេះចាប់ផ្ដើមយ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថា នឹងសម្រេចបាននូវការវិវឌ្ឍដ៏សំខាន់នៅក្នុងការពិភាក្សាទាំងពីរនេះ»។
លោក Mnuchin បានបដិសេធមិនបញ្ជាក់អំពីបញ្ហាដែលនឹងពិភាក្សានៅក្នុងការចរចានេះ ប៉ុន្តែលោកបានប្រាប់កាសែត The New York Times ថា ការពិភាក្សានេះនឹងបន្តផ្ដោតលើការអនុវត្តរបស់ចិនលើផ្នែកឧស្សាហកម្មដែលចិនរួមចំណែកឧបត្ថម្ភមួយចំនួន។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាលុបចោលនូវការរួមចំណែកឧបត្ថម្ភមិនត្រឹមត្រូវរបស់រដ្ឋាភិបាលចិនចំពោះក្រុមហ៊ុនចិន ដោយលើកឡើងផ្ទាល់នូវការទាមទារចម្បងៗរបស់សហរដ្ឋអាមេរិក៕