ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក នឹង​រៀបចំ​កិច្ចប្រជុំ​អំពី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ និង​ថ្ងៃសុក្រ​ស្អែក


រូបឯកសារ៖ ទង់ជាតិ​អាមេរិក ដែល​ត្រូវបាន​ដោត​នៅ​លើ​អគារ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ ទង់ជាតិ​អាមេរិក ដែល​ត្រូវបាន​ដោត​នៅ​លើ​អគារ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

នៅ​ថ្ងៃ​ប្រហស្បតិ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​រៀបចំ​កិច្ចប្រជុំ​តាម​អនឡាញ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក ក៏​ដូចជា​ពី​សង្គមស៊ីវិល និង​ផ្នែក​ឯកជន​ផងដែរ ដើម្បី «ដាក់​ចេញ​នូវ​របៀបវារៈ​វិជ្ជមាន​មួយ​សម្រាប់​ការ​ចាប់ផ្ដើម​បន្ត​អនុវត្ត​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោះស្រាយ​ការ​គំរាមកំហែង​ខ្លាំងក្លា​មួយ​ចំនួន ដែល​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន តាមរយៈ​សកម្មភាព​រួមគ្នា»។

កិច្ចប្រជុំ​ដែល​មាន​រយៈពេល ២ ថ្ងៃ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក Biden នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក នៅ​ចំពេល​ដែល​រដ្ឋាភិបាល​ផ្តាច់ការ​បែប​អត្តាធិបតេយ្យ​កំពុង​កើនឡើង។

គោលបំណង​របស់​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ទប់ទល់​ប្រឆាំង​និង​ការ​ដឹកនាំ​បែប​ផ្តាច់ការ ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស។

រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា បណ្ដា​មេដឹកនាំ​ដែល​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ នឹង​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រកាស​អំពី«សកម្មភាព​ជាក់លាក់​និង​ការ​តាំងចិត្ត​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​ដ៏​មាន​ប្រយោជន៍» ស្រប​ទៅ​តាម​គោលបំណង​របស់​កិច្ចប្រជុំ​នេះ។

សហរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​ប្រទេស​ជាង ១០០ នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​សេរី ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទន់ខ្សោយ និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​លក្ខណៈ​ផ្តាច់ការ​ផងដែរ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ការ​អញ្ជើញ​របស់​សហរដ្ឋ​អាមេរិក​នេះ មិនមែន​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​ប្រថាប់​ត្រា​យល់ស្រប​ជាមួយ​ប្រទេស​ទាំងនោះ​នោះទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG