ក្នុងចំណាត់ការមួយដែលទំនងផ្តល់នូវការជួយជ្រោមជ្រែងដល់វេទិកាខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងចូលរួមក្នុងជំនួបស្តីពីកិច្ចផ្តួមផ្តើមមួយដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះនៅក្នុងទីក្រុងប៉េកាំង។
ការសម្រេចចូលរួមនេះជាផ្នែកមួយនៃផែនការរយៈពេល១០០ថ្ងៃ ហើយនិងកិច្ចព្រមព្រៀងថ្មីរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងដែលត្រូវបានសម្របសម្រួលគ្នានៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិងប្រធា នាធិបតីចិន ស៊ី ជីនពីង បានជួបគ្នាកាលពីដើមខែមុននៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
គណៈប្រតិភូអន្តរទីភ្នាក់ងារមកពីរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវដឹកនាំដោយលោក Matthew Pottinger ទីប្រឹក្សាកំពូលរដ្ឋបាលប្រធានាធិបតីត្រាំនិងជានាយកក្រុមប្រឹក្សា សន្តិសុខជាតិសម្រាប់តំបន់អាស៊ីខាងកើត។ប្រទេសចិនសប្បាយរីករាយអំពីការសម្រេចនេះ។
លោក Zhu Guanyao អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា៖ «យើងសូមស្វាគមន៍ប្រទេសទាំងអស់ដែលចូលរួមវេទិកានេះ។ ហើយយើងសូមស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងឋានៈជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកដែលពាក់ព័ន្ធសកម្មភាពកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ»។
លោក Tom Miller អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា សុបិន្តអាស៊ីរបស់ចិន៖ «ការស្ថាបនាចក្រភពតាមបណ្តោយផ្លូវសូត្រថ្មី»បាននិយាយថា៖ «តាមពាក្យសំដីរបស់លោក ត្រាំ គម្រោងនេះធ្វើឲ្យប្រទេសចិនអស្ចារ្យម្តងទៀត ហើយនិងធ្វើឲ្យចិនអស្ចារ្យនៅលើឆាកអន្តរជាតិ»៕