ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ​ទាមទារ​តុលាការ​ឯករាជ្យ​ក្រោយ​ត្រូវ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ឧបឃាត


រូបថតទាញចេញវីដេអូមួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នៅព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយ​មាន​លោក សម រង្ស៊ី អង្គុយ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ជាច្រើនរូប នៅ​ទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី។ (រូបថត​ពី​វីដេអូ​ក្នុង​ទំព័រ​ហ្វេសប៊ុក Sam Rainsy)
រូបថតទាញចេញវីដេអូមួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នៅព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយ​មាន​លោក សម រង្ស៊ី អង្គុយ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ជាច្រើនរូប នៅ​ទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី។ (រូបថត​ពី​វីដេអូ​ក្នុង​ទំព័រ​ហ្វេសប៊ុក Sam Rainsy)

ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​«ឯករាជ្យ» តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ ​អំពី​ការ​ចោទប្រកាន់​ពី​បទ​«ឧបឃាត» ឬការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា។

​អ្នក​ស្រី មូរ សុខហួរ​ អនុប្រធាន​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​នេះ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដែរ​នោះ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយនៅ​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ​២០២០​ថា៖

«នៅ​តុលាការ​អយុត្តិធម៌ យើង​អត់​មាន​អី​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​អយុត្តិធម៌​ទេ។ យើង​សុំ​ឲ្យ​មាន​តុលាការ​មួយ​ឯករាជ្យ​ពិត​ប្រាកដ»។

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ បាន​សម្រេច​កោះ​ហៅ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិដែល​ត្រូវ​បាន​រំលាយ​ចំនួន​៩​រូប​រួម​ទាំង​លោក សម រង្ស៊ី​ ផង ​ឲ្យ​ចូល​បំភ្លឺនៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ «ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការ​ចោទប្រកាន់​នេះ» នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលាម៉ោង​៨​ព្រឹក ម៉ោង​ក្នុង​ប្រទេស​កម្ពុជា។

ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​នេះ​ ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០២០​ ហើយ​ត្រូវ​បាន​អាជ្ញាធរក្រុង​ភ្នំពេញ​យក​ទៅ​បិទនៅ​អតីត​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។​

ការ​កោះ​ហៅ​ថ្នាក់​ដឹកនាំអតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នេះ ធ្វើ​ឡើង ខណៈ​ដែលថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​៩​នាក់​នេះ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​នៅ​ឡើយ។

ក្រុមមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដក​ចេញ​នូវ​បម្រាមប្រឆាំង​លើ​ក្រុម​ខ្លួន​រួម​ទាំង​បម្រាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដឹក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី​ ចូល​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក អេង ឆៃអ៊ាង អនុប្រធាន​មួយ​រូប​ទៀត​នៃ​គណបក្ស​ប្រឆាំង​នេះ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ដែរ​នោះ​ បាន​សរសេរ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​ថា៖

«ដក​បំរាម​ចេញ​ពី​ក្រុមហ៊ុន​យន្តហោះ​នានា ​និង​ពី​ប្រទេស​សមាជិក​អាស៊ាន​ ពិសេស​ប្រទេស​ថៃ នោះ​ពួកយើង​នឹង​ចូល​ទៅ​កម្ពុជា​ហើយ​ មិន​ចាំ​បាច់​ឲ្យ​តុលាការ​ ចេញ​ដីកា​កោះ​ហៅ​ទេ»។

ក្រៅ​ពី​លោក សម រង្ស៊ី និង​អនុ​ប្រធាន​ទាំង​ពីរនៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​ មន្ត្រី​ជាន់ខ្ពស់នៃ​គណបក្ស​ប្រឆាំង​នេះ​ចំនួន​៦​នាក់​ទៀត​ដែល​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺដែរ​នោះ​រួម​មាន លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថា​វរិន្ទ្រ លោក នុត រំដួល ព្រម​ទាំង​លោក​ស្រី ជូឡុង សូមួរ៉ា ដែល​ជា​ភរិយា​របស់​លោក​សម រង្ស៊ី​ ផងដែរ។​

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​កាលពី​ដើម​ខែ​តុលា​នេះ ​តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អ្នក​ទាំង​៩​នាក់​នេះ​ម្តង​ហើយ​ពីបទ​ចោទ​«ឧបឃាត»​នេះ​ដែល​ទាក់​ទង​នឹង​ផែន​ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​របស់លោក ​សម រង្ស៊ី​និង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង​ទាំង​៨​នាក់​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ដើម្បី​ដឹកនាំ​អ្វី​មួយ​ដែល​គណបក្ស​ប្រឆាំង​នេះ​ធ្លាប់ហៅ​ថា​ជា​មហា​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG