ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក ពន្យារ​ការប្រើប្រាស់​សេវាកម្ម 5G នៅ​ក្បែរ​អាកាស​យានដ្ឋាន​ខ្លះ


រូបឯកសារ៖ អ្នកដំណើរ​ម្នាក់ ប្រើ​កុំព្យូទ័រ​យួរដៃ​នៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​ធ្វើដំណើរ​ពី​ទីក្រុង Boston ទៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកដំណើរ​ម្នាក់ ប្រើ​កុំព្យូទ័រ​យួរដៃ​នៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​ធ្វើដំណើរ​ពី​ទីក្រុង Boston ទៅ​ទីក្រុង Atlanta កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមហ៊ុន​ទូរគមនាគមន៍​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​ដូចជា Verizon និង AT&T បាន​យល់ព្រម​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពន្យាពេល​នៃ​ការដាក់ពង្រាយ​សេវា​កម្ម​ទូស័ព្ទ​ចល័ត 5G ថ្មី​របស់​ខ្លួន​នៅ​ជុំវិញ​អាកាសយានដ្ឋាន​សំខាន់ៗ ​បន្ទាប់ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ បាន​អះអាង​ថា បច្ចេកវិទ្យា​នេះ បាន​គំរាម​កំហែង​សុវត្ថិភាព​របស់​យន្តហោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កិច្ចព្រមព្រៀង​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍ នឹង«បញ្ចៀស​ការអាច​បង្អាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការធ្វើដំណើរ​របស់​អ្នក​ជិះយន្តហោះ ដល់​កិច្ចប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​ដល់​ការងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​យើង» ខណៈដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ដាក់​ពង្រាយ​ស្ថានីយ​ទូរស័ព្ទចល័ត​របស់​ពួកគេ​ជាង​៩០ភាគរយ​នៅ​ថ្ងៃ​ពុធ​ដូចដែល​ពួកគេ​បាន​គ្រោងទុក។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ទៀត​ថា «កិច្ចព្រមព្រៀង​នេះ ការពារ​សុវត្ថិភាព​របស់​យន្តហោះ និង​អនុញ្ញាត​ឲ្យ​កិច្ចប្រតិបត្តិការ​របស់​យន្តហោះ​បន្ត​ដោយ​គ្មាន​ការបង្អាក់​ធំដុំ ហើយ​នឹង​ផ្តល់​ជម្រើស​ប្រព័ន្ធ Internet កាន់តែ​លឿន​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់»។

ក្រុមហ៊ុន​ទូរគមនាគមន៍២ បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​សហព័ន្ធ បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​របស់​សហរដ្ឋ​អាមេរិក បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ពាណិជ្ជកម្ម​របស់​អាមេរិក នឹង​ធ្លាក់​ចុះ ប្រសិនបើ បច្ចេកវិទ្យា​ទូស័ព្ទ​ចល័ត 5G បាន​ត្រូវដាក់​ពង្រាយ​នៅ​ជិត​អាកាសយានដ្ឋាន​ធំៗ​នោះ។ សេតវិមាន​ មិនបាន​និយាយ​ថា​ តើចំណត​យន្តហោះ​ចំនួន​ប៉ុន្មាន​ដែល​បច្ចេកវិទ្យា 5G នឹង​ត្រូវ​ពន្យាពេល​ក្នុងការឲ្យ​ប្រើ​នោះ​ទេ។

លោក​ប្រធានាធិបតី Biden បាន​អរគុណ​ក្រុមហ៊ុន​ទូស័ព្ទ​ចល័ត​ចំពោះ​ការពន្យាពេល​នេះ​ ហើយ​បាន​ថ្លែង​ថា​ ការចរចានឹង​បន្ត៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

XS
SM
MD
LG