ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​វាយ​ប្រហារ​មីស៊ីល​របស់​ក្រុម​​ហ៊ូធី​នៅ​យេម៉ែន


រូបភាពដកស្រង់ពីវីដេអូដោយសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ បង្ហាញ​ទីតាំង​នៃ​ការ​ផ្ទុះ​មួយ​កន្លែង​ នៅ​ទីក្រុង Dhamar ប្រទេសយេម៉ែន។
រូបភាពដកស្រង់ពីវីដេអូដោយសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ បង្ហាញ​ទីតាំង​នៃ​ការ​ផ្ទុះ​មួយ​កន្លែង​ នៅ​ទីក្រុង Dhamar ប្រទេសយេម៉ែន។

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល ​បាន​និយាយ​ថា​ កង​កម្លាំង​សហរដ្ឋ​អាមេរិក​បានវាយ​ប្រហារ​តាម​អាកាស​កាលពី​ល្ងាច​ថ្ងៃពុធ​លើ​មីស៊ីល​ក្រុមហ៊ូធី​ ​ចំនួន ១៤​ គ្រាប់​នៅ​ភាគ​ខាងលិច​ប្រទេស​យេម៉ែន។​

សេចក្តី​ថ្លែងការណ៍​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល ​បាន​និយាយ​ថា កាំជ្រួច​នោះ​ត្រូវ​បាន​ផ្ទុក​ដើម្បី​បាញ់ ​ហើយ​វា​ជា​ការគំរាម​កំហែង​បន្ទាន់​ចំពោះ​នាវា​ពាណិជ្ជកម្ម ​និង​នាវា​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​តំបន់។​

លោក​នាយ​ឧត្តម​សេនីយ៍ ​Michael Erik Kurilla ​មេបញ្ជាការ​បញ្ជាការដ្ឋាន​សហ​រដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល ​បាន​និយាយ​ថា៖ ​«សកម្មភាព​របស់​ពួកភេរវករ​ហ៊ូធី​ ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់ ​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​នាវា​ចរណ៍​អន្តរជាតិ​ និង​រំខាន​ដល់​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​នៅ​សមុទ្រ​ក្រហម​ភាគ​ខាងត្បូង ​និង​ផ្លូវ​នាវាចរណ៍​នៅជាប់​នោះ»។​

ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​គឺជា​សកម្មភាព​ដោយ​ផ្ទាល់​ទីបួន​ រួមទាំង​សកម្ម​ភាព​សហការ​ជាមួយ​កង​កម្លាំង​អង់គ្លេស​ប្រឆាំង​នឹង​ទីតាំង​ក្រុមហ៊ូធី ក្នុង​ប្រទេស​យេម៉ែន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ ​និង​ការ​គំរាម​កំហែង​ដល់​នាវា​នៅ​សមុទ្រ​ក្រហម។​

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បង្ហោះ​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ពួកហ៊ូធីក្នុង​ប្រទេស​យេម៉ែន​បាន​វាយ​ប្រហារ​កប៉ាល់​ M/V Genco Picardy ​របស់​អាមេរិក​ និង​ប្រតិបត្តិការ​ដោយ​អាមេរិក​បំពាក់​ទង់ជាតិ​ប្រទេស​Marshall Islands​នៅ​ឈូង​សមុទ្រ ​Aden។​

ប្រតិបត្តិករ​របស់​កប៉ាល់​បាន​រាយ​ការណ៍​ថា​ ការ​វាយ​ប្រហារ​នេះ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ហើយ​កប៉ាល់​បាន​រង​ការ​ខូចខាត​តិចតួច។​

ក្រុមហ៊ូធីនិយាយ​ថា​ ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​ប៉ាឡេស្ទីន​ប្រឆាំង​សង្គ្រាម​របស់​អ៊ីស្រាអែល​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់នៅ​តំបន់​ហ្កាហ្សា​ ហើយ​បានវាយ​ប្រហារជាង ៣០​លើក ​នៅ​សមុទ្រ​ក្រហម៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG