ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិក​ស្នើ​សុំ​ប្រាក់​៤​ពាន់​លាន​ដុល្លារ ដើម្បី​ប្រជែង​យក​ឈ្នះ​ចិន


រូបឯកសារ៖ អគារក្រសួងការបរទេសត្រូវបានថតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ អគារក្រសួងការបរទេសត្រូវបានថតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃទី ១១ ខែមីនា កន្លង​ទៅ​នេះ​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ប្រើប្រាស់​«វិធី​ទាំងអស់​តាម​លទ្ធភាព​ដែល​ខ្លួន​មាន»​ដើម្បី​យក​ឈ្នះ​ប្រទេស​ចិន។ ការ​និយាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រូប​នេះ បាន​ធ្វើឡើង ខណៈ​ពេល​ដែល​រដ្ឋបាល​លោក Biden បាន​បង្ហាញ​សំណើ​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៥។

លោក Rich Verma អនុរដ្ឋមន្រ្តីទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​និង​ធនធាន​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សំណើ​នេះ​មាន​រួមបញ្ចូល​ទាំង​ទឹកប្រាក់ ៤ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ចាំបាច់​រយៈពេល ៥ ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​យក​ឈ្នះ​ប្រទេស​ចិន​ ដោយ​ក្នុង​នោះ​មាន​រួម​ទាំង​ប្រាក់ ២ ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​មូលនិធិ​ហេដ្ឋារចនាសម្ពន្ធ​អន្តរជាតិ​ថ្មី​មួយ​ដើម្បី​ផ្តល់​ជម្រើស​ដែល​អាច​ទុកចិត្ត​បាន និង​គួរ​ឱ្យ​ទុកចិត្ត​ជាង​ការ​ផ្តល់​មូលនិធិ​ហេដ្ឋារចនាសម្ពន្ធ​របស់​ចិន។

លោក Rich Verma បាន​ថ្លែង​ទៀត​ថា ទឹកប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ត្រូវ​បាន​កំណត់​សម្រាប់​«ការ​វិនិយោគនានា​ដែល​នាំ​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​ខ្លាំង» ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ប្រឆាំង​នឹង​«កិច្ចខិតខំ​ប្រឹងប្រែង​កេង​ចំណេញ»។ លោក​បាន​បន្ថែម​ទៀត​ថា ការ​វិនិយោគ​ទៅលើ​ការផ្លាស់ប្តូរ​ខ្លាំងទាំងនេះ​នឹង​រួមបញ្ចូល​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​អភិបាលកិច្ច និង​នីតិរដ្ឋ​ផងដែរ។

ក្រសួង​ការបរទេស​អាមេរិកបាន​ស្នើ​សុំ​ថវិកា​ចំនួន ៤ ពាន់​លាន​ដុល្លារ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​សម្រាប់​ផ្តល់​ជំនួយ​បរទេស និង​ការចូលរួម​ផ្នែក​ការទូត​នៅ​ក្នុង​តំបន់។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍មាន​ចំនួន​តិច​ជាង​ខ្លាំង​បើ​ប្រៀប​ធៀប​នឹងគម្រោង ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) ដ៏​ធំ​របស់​ប្រទេស​ចិន​ដែល​ជា​គម្រោង​មាន​រយៈពេល ១០ ឆ្នាំ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ពន្ធ និង​បណ្តាញ​ថាមពល​តភ្ជាប់ទ្វីប​អាស៊ី​ជាមួយ​ទ្វីប​អាហ្វ្រិក និង​អឺរ៉ុប​តាមរយៈ​ផ្លូវគោក និង​ផ្លូវ​សមុទ្រ។

យោង​តាម​របាយការណ៍​របស់​អ្នកស្រាវជ្រាវ​អាមេរិក​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២១ ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១,៣៤ លាន​លាន​ដុល្លារ ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ដោយ​សំដៅ​ទៅ​លើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ការ​និយាយ​អក្សរកាត់​នៃ​ឈ្មោះ​ជា​ផ្លូវការ​ជា​ភាសា​អង់គ្លេស​គឺ PRC លោក Verma ក៏​បាន​និយាយ​ផង​ដែរ​ថា «យើង​ត្រូវតែ​ប្រើ​គ្រប់មធ្យោបាយទាំងអស់​ដែលយើង​មាន​ ដើម្បី​យក​ឈ្នះ​ប្រទេស​ចិន នៅ​ពេល​ណា​ដែល​យើង​អាច​ធ្វើ​បាន‍»។

លោក​បាន​និយាយ​ថា សំណើ​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៥ នឹង​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក «បន្ត​វិនិយោគ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​រឹងមាំ​នៅ​ក្នុង​ប្រទេស​របស់​យើង​ស្របគ្នា​ជាមួយ​ដៃគូ​ដែល​មាន​ទស្សនៈ​ដូចគ្នា ដើម្បី​ពង្រឹង​ផលប្រយោជន៍​រួម​របស់​យើង និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ប្រើប្រាស់​ធនធាន​ទាំងនោះ​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ចិន និង​ការពារ​ផលប្រយោជន៍​របស់​យើង‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG