ប្រទេសចិនបានបិទបញ្ចប់សមាជសភាប្រចាំឆ្នាំរបស់ខ្លួនដែលមានរយៈពេលមួយសប្ដាហ៍ ក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅនេះ ដោយបានអនុម័តលើវិសោធនកម្មមួយចំនួនដែលនឹងជួយពង្រឹងអំណាចកាន់តែខ្លាំងឡើងថែមទៀត សម្រាប់ប្រធានាធិបតីចិន លោក Xi Jinping ក៏ដូចជាការសន្យាអនុម័តច្បាប់ថ្មីៗមួយចំនួនទៀត ក្នុងគោលបំណងការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខចិន។
សភាប្រថាប់ត្រារបស់ប្រទេសចិន កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅ បានអនុម័តកែសម្រួលច្បាប់ស្ដីពីក្រុមប្រឹក្សារដ្ឋ ដោយបានបញ្ចូលលក្ខខណ្ឌមួយចំនួនដែលចែងថា ក្រុមប្រឹក្សានេះនឹងនៅតែរក្សាបាននូវឋានៈជាអ្នកដឹកនាំសម្រាប់គណបក្សកុម្មុយនីស្តចិនដែលកាន់អំណាច និងរក្សាការពារឋានៈដឹកនាំបែបមជ្ឈការអំណាចប្រមូលផ្តុំ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ដែលដឹកនាំដោយប្រធានាធិបតីចិនលោក Xi ។
លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានថ្លែងនៅក្នុងពិធីបិទសម័យប្រជុំសភារយៈពេលមួយសប្ដាហ៍ដូច្នេះថា៖ «ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានសមមិត្ត Xi Jinping ជាថ្នាក់ដឹកនាំដ៏សំខាន់នោះ យើងត្រូវតែប្រកាន់ខ្ជាប់នូវទ្រឹស្តីរបស់លោក ស្ដីអំពីសង្គមនិយមដែលមានលក្ខណៈចិន សម្រាប់សករាជថ្មី ដោយចាត់ទុកគំនិតនេះ ជាគោលការណ៍ណែនាំ ហើយយើងនឹងធ្វើដំណើរទៅមុខឥតងាករេឆ្ពោះទៅកាន់ការធ្វើទំនើបកម្មតាមរបៀបប្រទេសចិន»។
ការធ្វើវិសោធនកម្មមួយចំនួនត្រូវបានធ្វើឡើង បន្ទាប់ពីគណបក្សកុម្មុយនីស្តចិនបានប្រកាសអំពីការលុបចោលការធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំជាបន្ទាន់ របស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅពេលបិទបញ្ចប់កិច្ចប្រជុំសភាមួយសប្ដាហ៍នេះ។
អ្នកវិភាគមួយចំនួនប្រាប់វីអូអេថា ការធ្វើវិសោធនកម្មចុងក្រោយក៏ដូចជាការសម្រេចចិត្តលុបចោលសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលធ្លាប់ជាផ្នែកមួយនៃសមាជសភាប្រចាំឆ្នាំអស់រយៈពេលជាង៣ទសវត្សរ៍មកហើយនោះ គឺជាកិច្ចប្រឹងប្រែងមួយរបស់ថ្នាក់ដឹកនាំចិន ក្នុងការកំណត់ឡើងវិញអំពីតួនាទីរបស់ក្រុមប្រឹក្សារដ្ឋ។
លោក Liu Dongshu អ្នកជំនាញផ្នែកនយោបាយចិននៅសាកលវិទ្យាល័យក្រុងហុងកុង បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖ «ខណៈលោក Xi កំពុងពង្រឹងអំណាចរបស់លោក អំណាចរបស់ក្រុមប្រឹក្សារដ្ឋត្រូវបានទម្លាក់ឲ្យមកនៅត្រឹមតួនាទីមួយ ដែលផ្ដោតទៅលើតែការអនុវត្តគោលនយោបាយប៉ុណ្ណោះ»។
លោកបន្តថា ការវិវត្តន៍បែបនេះនឹងធ្វើឲ្យក្រុមប្រឹក្សារដ្ឋមានឥទ្ធិពលកាន់តែតិចទៅ នៅក្នុងដំណើរការសម្រេចចិត្តរបស់គណបក្សកុម្មុយនីស្តចិន ហើយការវិវត្តន៍នេះគឺជាការ«បោះជំហានដ៏ធំមួយរបស់លោក Xi» ក្នុងការពង្រឹងអំណាចក្នុងដៃរបស់លោក។
លោក Liu ថ្លែងដូច្នេះទៀតថា៖ «កាលពីមុន នាយករដ្ឋមន្ត្រីចិនដែលជាប្រធានក្រុមប្រឹក្សារដ្ឋ ត្រូវបានគេមើលឃើញថា ឥស្សរជននយោបាយដ៏សំខាន់ម្នាក់នៅក្នុងប្រទេសចិន ប៉ុន្តែបច្ចុប្បន្ននេះ ឋានៈនេះលែងដូចមុនទៀតហើយ»។
ដោយសារតែអំណាចសម្រេចចិត្តភាគច្រើនបំផុតនៅពេលនេះ ស្ថិតក្នុងដៃរបស់លោក Xi នៅក្រោមរចនាសម្ព័ន្ធនយោបាយកែសម្រួលថ្មីនោះ អ្នកជំនាញមួយចំនូននិយាយថា ការធ្វើបែបនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំចិន។
លោក Ian Chong អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖ «ការសម្រេចរបស់គណបក្សកុម្មុយនីស្តចិនអាចនឹងមានដំណើរការយឺតយ៉ាវជាងមុនពីព្រោះគ្រប់យ៉ាងត្រូវតែឆ្លងកាត់លោក Xi ប៉ុន្តែខ្ញុំគិតថា ការអនុវត្តគោលនយោបាយនានាអាចនឹងលឿនជាងមុន នៅពេលដែលបទបញ្ជាណាមួយបានធ្លាក់ទៅដល់ដៃអ្នកដែលត្រូវអនុវត្តនៅក្នុងក្រុមប្រឹក្សារដ្ឋ។ អ្នកអនុវត្តបទបញ្ជានោះមិនចាំបាច់គិតអ្វីវែងឆ្ងាយទៀតទេ ក្រៅតែពីរកវិធីក្នុងការអនុវត្តបទបញ្ជានោះ»។
ខណៈដែលប្រទេសចិនកំពុងជួបបញ្ហាសេដ្ឋកិច្ចដែលមិនទាន់ដោះស្រាយចេញ លោក Liu នៃសាកលវិទ្យាល័យក្រុងហុងកុងថ្លែងថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការពង្រឹងអំណាចសម្រាប់លោក Xi អាចធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃគោលនយោបាយនានា និងប៉ះពាល់លើកិច្ចប្រឹងប្រែង ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងសេដ្ឋកិច្ចចិន។
លោក Liu ថ្លែងប្រាប់វីអូដូចនេះថា៖ «ខ្ញុំមិនអាចគិតស្មានពីរបៀបពិភាក្សាគ្នាយ៉ាងរស់រវើកលើសេចក្តីសម្រេចចិត្តណាមួយនៅក្នុងគណបក្សកុម្មុយនីស្តចិននោះទេ នៅពេលដែលលោក Xi កំពុងមានអំណាចគ្រប់ដណ្ដប់បែបនេះ។ លោកបន្ថែមទៀតថា ការវិវត្តន៍បែបនេះអាចកាត់បន្ថយទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសចិន។ មនុស្សម្នាមានអារម្មណ៍ថា ចិនបានក្លាយទៅជាប្រទេសដែលគ្មានតម្លាភាពកាន់តែខ្លាំងឡើង»។
ការរឹតបន្តឹងលើសន្តិសុខជាតិ
បន្ថែមលើការពង្រឹងអំណាចរបស់លោក Xi តាមរយៈការកែសម្រួលតួនាទីរបស់ក្រុមប្រឹក្សារដ្ឋនោះ សភាប្រថាប់ត្រារបស់ប្រទេសចិន ក៏បានសន្យាអនុម័តទៅលើច្បាប់មួយចំនួនទៀត ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខនៅក្នុងឆ្នាំ ២០២៤ នេះ ដែលនិន្នាការបែបនេះកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកច្បាប់កំពូលរបស់ចិន លោក Zhao Leji បានថ្លែងកាលពីថ្ងៃទី ៨ ខែមីនាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងអនុម័តច្បាប់ស្ដីពី«ការគ្រប់គ្រងស្ថានភាពគ្រាមានអាសន្ន និងច្បាប់ស្ដីពីថាមពល» ស្របពេលដែលសភាក៏នឹងកែសម្រួល«ច្បាប់ស្ដីពីការអប់រំផ្នែកការពារជាតិ និងច្បាប់ស្ដីពីសន្តិសុខអ៊ីនធឺណិត» ផងដែរ។
ការប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តលើការកែប្រែច្បាប់ស្ដីពីការការពារកិច្ចការសម្ងាត់របស់រដ្ឋកាលពីខែកុម្ភៈកន្លងទៅ ដែលពង្រីកលើវិសាលភាពនៃព័ត៌មានដែលត្រូវចាត់ទុកថា ជា«ការងារសម្ងាត់» នោះ។ កាលពីឆ្នាំមុន ប្រទេសចិនក៏បានធ្វើការកែប្រែទៅលើច្បាប់ប្រឆាំងនឹងចារកម្ម ដែលច្បាប់នេះផ្ដល់អំណាចឲ្យអាជ្ញាធរចិនកាន់តែច្រើនឡើងក្នុងការដាក់ទោសទណ្ឌទៅលើអ្វី ដែលពួកគេយល់ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។
លោក Chong ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានថ្លែងថា ផែនការរបស់រដ្ឋាភិបាលចិនក្នុងការរឹតបន្តឹងកាន់តែខ្លាំងឡើងលើបញ្ហាសន្តិសុខជាតិ អាចនឹងផលជះអវិជ្ជមានលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនិងវិបត្តិប្រជាសាស្ត្រដ៏អាប់អួរបស់ខ្លួន។
លោក Chong ថ្លែងប្រាប់វីអូអេដូចនេះថា៖ «យើងត្រូវចាំក្នុងចិត្តថា ការយកបញ្ហាសន្តិសុខមកធ្វើជាអំណះអំណាងជាធំ មិនមែនគ្មានផលប៉ះពាល់នោះទេ»។
លោកបន្តទៀតថា៖ «វាច្បាស់ណាស់ថា នឹងមានអ្នកដែលរងផលប៉ះពាល់ពីបញ្ហានេះ ហើយបច្ចុប្បន្ននេះ ការយកបញ្ហាសន្តិសុខមកអះអាងជាធំ កំពុងតែដាក់កំហិតទៅលើសេដ្ឋកិច្ចនិងនវានុវត្តន៍របស់ចិន ព្រមទាំងបំបាក់ទឹកចិត្តដល់វិនិយោគិនផងដែរ»។
លោកបន្ថែមទៀតថា ការផ្ដោតដ៏សំខាន់របស់រដ្ឋាភិបាលចិនទៅលើបញ្ហាសន្តិសុខជាតិនេះ អាចនឹងរារាំងពលរដ្ឋចិនមិនឲ្យរៀបការឬមានកូន។
លោក Chong បន្ថែមដូច្នេះទៀតថា ខណៈដែលបញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះ ទំនងជានឹងបន្តកើតមាននាពេលខាងមុខ វាជារឿងចាំបាច់ដែលត្រូវឃ្លាំមើល ថាតើភាពតានតឹងរវាងសេដ្ឋកិច្ចចិន និងការសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខ នឹងវិវត្តន៍ទៅជាយ៉ាងណា៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ