ខណៈដែលអង្គការក្នុងតំបន់អាហ្វ្រិក កំពុងព្យាយាមបញ្ចុះបញ្ចូល ប្រធានាធិបតីកូតឌីវ័របច្ចុប្បន្ន លោកឡរ៉ិន បាហ្កបូ (Laurent Gbagbo) ឲ្យចុះចេញពីអំណាច រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀត និងដោយបង្ខំប្រឆាំងនឹងមេដឹកនាំរឹងទទឹងរូបនេះ។
នៅក្នុងការតវ៉ាកាលពីពេលថ្មីៗនេះ នៅឯស្ថានទូត កូតឌីវ័រ ក្នុងទីក្រុងវ៉ាស៊ីនតោន លោកខូហ្វ៊ី សុសថេន (Coffi Sosthene) អ្នកតវ៉ាម្នាក់ក្នុងចំណោមរាប់សិបនាក់ ដែលគាំទ្រវិធានការរបស់រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា អំពាវនាវឲ្យលោក ឡរ៉ិន បាហ្កបូ (Laurent Gbagbo) ផ្តល់អំណាចឲ្យលោក អាឡាសាន វ៉ាតារ៉ា (Alassane Ouattara) ដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតី និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងប្លុកតំបន់អាហ្វ្រិកខាងលិច ហៅថាកាត់ថា ECOWAS ។ លោកបន្តថា៖
«ខ្ញុំគិតថា រដ្ឋបាលលោកអូបាម៉ា បានឆ្លើយតបទាន់ពេល តាំងពីការចាប់ផ្តើមហេតុការណ៍ ដែលជាការល្អខ្លាំងណាស់។ កន្លងមកអាមេរិកប្រកាន់យកផ្លូវដ៏ត្រឹមត្រូវដោយឈរនៅខាងប្រធានាធិបតី ដែលត្រូវបានបោះឆ្នោតជូនដោយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ កូតឌីវ័រនឹងមិនបំភ្លេចរឿងនេះឡើយ»។
លោក សុសថេន ជាអ្នកតំណាងប្រចាំនៅអាមេរិកសម្រាប់គណបក្សនយោបាយ កូតឌីវ័រ របស់អតីតប្រធានាធិបតី លោក ហិនរី កូណាន បេឌី (Henri Konan Bedie) ដែលទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងការបោះឆ្នោតជុំទីមួយនៅកូតឌីវ័រដ៏ប្រកួតប្រជែង ហើយបន្ទាប់មកបានគាំទ្រលោកវ៉ាតារ៉ាក្នុងការបោះឆ្នោតជម្រុះកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
អង្គការសហប្រជាជាតិ និងអាមេរិក បានឲ្យដឹងថា លោក វ៉ាតារ៉ា បានឈ្នះការបោះឆ្នោត នៅពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានរាប់សន្លឹកឆ្នោត។ ប៉ុន្តែ លទ្ធផលនេះ ត្រូវបានលុបចោលដោយក្រុមប្រឹក្សាធម្មនុញ្ញរបស់កូតឌីវ័រ ដែលបានបដិសេធសន្លឹកឆ្នោតបញ្ជូនមកពីភាគខាងជើង ដែលគ្រប់គ្រងដោយពួកឧទ្ទាមកូតឌីវ័រ ហើយផ្តល់ជ័យជម្នះឲ្យទៅលោកបាហ្កបូវិញ។
លោក ស្ទេហ្វិន ស្ម៊ីធ (Stephen Smith) នរវិទូមានមូលដ្ឋាននៅអាមេរិក និងអ្នកជំនាញនៅអាហ្វ្រ៊ិកខាងលិច មានប្រសាសន៍ថា ការលើកកម្ពស់លទ្ធផលប្រជាធិបតេយ្យ មានសារៈសំខាន់ចំពោះគោលនយោបាយស្តីអំពីកិច្ចការអាហ្វ្រិករបស់លោកអូបាម៉ា។ លោក ថ្លែងថា៖
«ខ្ញុំអាចយល់បាន តាមរយៈការសន្ទនារបស់ខ្ញុំជាមួយក្រុមមន្ត្រីអាមេរិក ដែលថា លោកប្រធានាធិបតី អូបាម៉ា ចាត់ទុករឿងនេះថា ជាការប្រមាថផ្ទាល់ខ្លួន ដែលជាប្រទេសស្ថិតនៅក្បែរកន្លែងដែលលោកបានថ្លែងគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអាហ្វ្រ៊ិក។ នៅប្រទេសហ្គាណាដែលស្ថិតនៅក្បែរគ្នានោះ លោកអូបាម៉ា បានថ្លែងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងភាពចាំបាច់របស់ជនជាតិអាហ្វ្រ៊ិក ដើម្បីក្តាប់ឲ្យជាប់នូវជោគវាសនារបស់ខ្លួន។ លោកចាត់ទុករឿងនេះ ថាជាការបំពារបំពានជាចំហរ ទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយបោះបង់ចោលលទ្ធផលនៃការបោះឆ្នោត និងប្រកាសថា ជាលទ្ធផលមិនអាចជឿទុកចិត្តបាន ដែលនោះជាអ្វីដែលលោកមិនអាចទ្រាំបាន»។
មន្ត្រីអាមេរិកបាននិយាយម្តងហើយម្តងទៀតថា លោក បាហ្កបូ ត្រូវតែចេញ។ ពួកគេក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងលោក បាហ្កបូ ក្រុមគ្រួសាររបស់លោក និងសមាជិកសំខាន់ៗ នៃរដ្ឋាភិបាលរបស់គាត់ទៀតផង។ លោកបាហ្កបូ បានឆ្លើយតប ដោយនិយាយថា អាមេរិក ជាផ្នែកមួយនៃអ្នកផ្សំគំនិតបរទេសប្រឆាំងនឹងឯករាជ្យភាពនៃប្រទេសរបស់លោក។ លោកមិនព្រមនិយាយ ឬជួបប្រជុំជាមួយមន្ត្រីអាមេរិកណាម្នាក់ឡើយ។
នៅសប្តាហ៍នេះ មន្ត្រីមួយចំនួននៃក្រសួងការបរទេសអាមេរិកបានថ្លែងថា ពួកគេបានត្រៀមរួចជាស្រេចដើម្បីជួយរៀបចំអ្វីដែលពួកគេពិពណ៌នាថា ជា «ច្រកចេញប្រកបដោយកិត្តិយស» សម្រាប់លោកបាហ្កបូ ប៉ុន្តែថា ឱកាសនេះនឹងមានមិនយូរទេ។
លោក ហ្គឺវ៉ៃ ឌ្យីណាកា (Gervais Gnaka) អ្នកវិភាគនយោបាយ កូតឌីវ័រ ដែលគាំទ្រលោកបាហ្កបូ មានប្រសាសន៍ថា លោកជឿថា ជារឿយៗ ជនបរទេស យល់ខុសចំពោះបរិបទប្រវត្តិសាស្ត្ររបស់ប្រទេសនៅក្នុងទ្វីបអាហ្វ្រ៊ិក។ លោកមានប្រសាសន៍ថា៖
«អ្វីដែលលោកប្រធានាធិបតី អូបាម៉ា និងមនុស្សទាំងឡាយ ដែលកំពុងនិយាយអំពីលោក ឡូរ៉ង់ បាហ្កបូ គួរយល់ដឹង គឺថា បើទោះជាលោកឡូរ៉ង់ បាហ្កបូ ជាមនុស្សមិនល្អឥតខ្ចោះ ហើយលោកបានប្រព្រឹត្តកំហុសជាច្រើនក៏ដោយ ក៏លោកជានិមិត្តរូបនៃការតស៊ូរបស់ប្រជាពលរដ្ឋ កូតឌីវ័រ រាប់លាននាក់ និងជនជាតិអាហ្វ្រិកជាច្រើនដែរ។ នៅពេលអ្នកឃើញប្រជាពលរដ្ឋនៅប្រទេសកុងហ្គោ (Congo) ហ្គាបុន (Gabon) និងកាម៉េរូន(Cameroon) ជួបជុំ និងប្រមូលផ្តុំគ្នាដើម្បីគាំទ្រលោកឡូរ៉ង់ បាហ្កបូ នោះ មិនមែនដោយសារលោកឡូរ៉ង់ បាហ្កបូ ជាទេវតាទេ ប៉ុន្តែដោយសារពលរដ្ឋម្នាក់ៗ នឿយណាយចំពោះការជ្រៀតជ្រែករបស់លោកខាងលិចទៅក្នុងកិច្ចការក្នុងស្រុករបស់អាហ្វ្រ៊ិក»។
លោក ជេ ភីតធឺ ផាម (J. Peter Pham) អ្នកវិភាគអំពីទី្វបអាហ្វ្រ៊ិក មានមូលដ្ឋាននៅអាមេរិក មានប្រសាសន៍ថា លោកជឿថា ការបោះឆ្នោតនឹងមិនអាចបង្រួបបង្រួមប្រទេស កូតឌីវ័រ ដែលនៅតែបែកគ្នារវាងភាគខាងត្បូងដែលគ្រប់គ្រងដោយលោកបាហ្កបូ និងភាគខាងជើងដែលកាន់កាប់ដោយក្រុមឧទ្ទាមបានឡើយ។ លោកវ៉ាតារ៉ា មានលទ្ធភាពបញ្ចុះបញ្ចូលធនាគារអន្តរជាតិ ឲ្យបង្កកគណនីរបស់កូតឌីវ័រ ប៉ុន្តែ នៅក្នុងទីក្រុងភាគខាងត្បូងដ៏សំខាន់ឈ្មោះ អាប៊ីហ្សង់ (Abidjan) លោកប្រធានាធិបតីដែលមានការទទួលស្គាល់ពីអន្តរជាតិ កំពុងលាក់ខ្លួននៅក្នុងសណ្ឋាគារដ៏ប្រណិតមួយកន្លែង ដែលទទួលបានការការពារពីអតីតក្រុមឧទ្ទាម និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕
ប្រែសម្រួលដោយ លី សុខឃាង