លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក Ash Carter និងលោក Han Min Koo សមភាគីកូរ៉េខាងត្បូងរបស់លោកបានព្រមានប្រទេសកូរ៉េខាងជើងថា អំពើឈ្លានពានណាមួយឬការបង្ករឿងខាងយោធាដោយរបបគ្រប់គ្រងនៅដាច់ពីគេនេះ «នឹងមិនត្រូវបានអន់ឱនឱ្យបានទេ។»
លោក Carter និងលោក Han បានជួបគ្នាកាលពីថ្ងៃចន្ទនៅក្នុងក្រុងសេអ៊ូល នៅក្នុងការពិនិត្យសើរើប្រចាំឆ្នាំនៃសម្ព័ន្ធភាពយោធាជិតប្រាំទសវត្សរ៍របស់ប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រដ្ឋមន្ត្រីទាំងពីរនាក់នេះបានប្តេជ្ញាថានឹង«ធ្វើការស្មាទល់នឹងស្មាដើម្បីបង្ហាញការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរ។» លោករដ្ឋមន្ត្រីទាំងពីរនាក់នេះក៏បានសម្តែង «កង្វល់យ៉ាងខ្លាំង» អំពីការនិយាយកាលពីពេលថ្មីៗនេះដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលថាខ្លួននឹងធ្វើការពិសោធបាញ់កាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការឆ្ងាយមួយលើកទៀត ឬថានឹងធ្វើការពិសោធបរមាណូលើកទីបួន។
រដ្ឋមន្ត្រីការពារប្រទេសទាំងពីរនាក់នេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្ទេរការត្រួតត្រាប្រតិបត្តិការពេលសង្គ្រាមនៃកងកម្លាំងកូរ៉េខាងត្បូងពីសហរដ្ឋអាមេរិកទៅកាន់ក្រុងសេអ៊ូលវិញ នៅពេលណាដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកែលម្អសមត្ថភាពខាងយោធានិងខាងការស៊ើបការសម្ងាត់របស់ខ្លួន ដោយមានរួមបញ្ចូលទាំងប្រតិបត្តិការផ្នែកប្រឆាំងនឹងកងកាំភ្លើងធំប្រឆាំងនឹងកូរ៉េខាងជើង៕