សហរដ្ឋអាមេរិកកំពុងបញ្ជូនអ្នកការទូតជាន់ខ្ពស់ម្នាក់ដើម្បីចរចាថ្នាក់ដំបូងជាមួយពួកមេដឹកនាំស៊ីវិលនិងរដ្ឋាភិបាលថ្មីរបស់ប្រទេសភូមា។
រដ្ឋាភិបាលថ្មីចូលកាន់តំណែងកាលពីចុងខែមេសាដើម្បីជំនួសក្រុមយោធាដែលគ្រប់គ្រងប្រទេស ក៏ប៉ុន្តែពួកមន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពួកយោធានៅតែរក្សាការត្រួតត្រាប្រកបដោយប្រសិទ្ធិភាព។
ពួកមន្រ្តីនៅក្នុងសហរដ្ឋអាមេរិកនិយាយថា ការបញ្ជូនអ្នកការទូតទៅកាន់ប្រទេសភូមាមិនឆ្លុះបញ្ចាំនូវភាពធូរស្រាលណាមួយនៃទស្សនៈរឹះគន់របស់សហរដ្ឋអាមេរិកអំពីការផ្លាស់ប្តូរនយោបាយនៅប្រទេសនោះទេ ប៉ុន្តែរដ្ឋបាលរបស់លោកអូបាម៉ានៅតែតាំងចិត្តព្យាយាមធ្វើការសន្ទនាជាមួយប្រទេសភូមា។
លោកJoseph Yun ឧប្បការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការងារតំបន់អាស៊ីខាងកើតនិងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធដើម្បីបំពេញទស្សនកិច្ចប្រទេសភូមារយៈពេលបីថ្ងៃ។
អ្នកការទូតជាន់ខ្ពស់រូបនេះបានបំពេញទស្សនកិច្ចប្រទេសភូមាកាលពីខែធ្នូឆ្នាំមុន ហើយដំណើរបំពេញទស្សនកិច្ចរបស់លោកនៅសប្តាហ៍នេះគឺជាលើកទី១ចាប់តាំងរដ្ឋាភិបាលថ្មីរបស់ភូមាបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែមិនា។
ក្រុមយោធាគ្រប់គ្រងប្រទេស ដែលបានដឹកនាំប្រទេសភូមាអស់រយៈពេលជាច្រើនទសវត្សរ៍ បានផ្ទេរអំណាចនៅពេលនោះ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងថា មានការលួចបន្លំ។
អាសនៈចំនួនមួយភាគបួននៅក្នុងសភាថ្មីត្រូវគេរក្សាទុកសម្រាប់ពួកមន្រ្តីយោធាហើយគណបក្សដែលគាំទ្រយោធាទទួលបានអាសនៈជាងពាក់កណ្តាលនៃអាសនៈដែលនៅសល់។
ពេលប្រកាសដំណើរបំពេញទស្សនៈរបស់លោក Yun អ្នកនាំពាក្យស្តីទីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកMark Toner បាននិយាយថា សហរដ្ឋអាមេរិក នៅតែចាត់ទុកថា ដំណើរការនយោបាយក្នុងប្រទេសភូមានៅមានគុណវិបត្តិហើយនៅមានរឿងឡប់ឡែ។
«វាស្របទៅតាមវិធីដោះស្រាយ២របៀបរបស់យើងទាក់ទងប្រទេសភូមា។ យើងមិនមានសុទិដ្ឋិនិយមទាល់តែសោះអំពីបញ្ហានេះ។ យើងទទួលស្គាល់ថា មានបញ្ហាប្រឈមមុខខ្លះត្រូវដោះស្រាយក្នុងទំនាក់ទំនងនេះ។ ក៏ប៉ុន្តែ យើងកំពុងបន្តប្រតិបត្តិនយោបាយពីររបៀបដែលរួមមានការកៀបសង្កត់ ប៉ុន្តែក៏មានការចូលរួមជាគោលការណ៍ដែរ»។
មន្រ្តីជាន់ខ្ពស់ ដែលនិយាយទៅកាន់ពួកអ្នកយកព័ត៌មាន បានឲ្យដឹងថា ក្រៅពីជំនួបជាមួយមន្រ្តីរដ្ឋាភិបាលនិងសមាជិកអង្គការសង្គមស៊ីវិល លោក Yun ក៏នឹងព្យាយាមជួបជាមួយមេដឹកនាំគណបក្សប្រឆាំងគឺលោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីខែវិច្ឆិកាឆ្នាំទៅ បន្ទាប់ពីលោកស្រីជាប់នៅក្នុងការឃុំឃាំងរយៈពេលជិត២០ឆ្នាំ។
ប្រែសម្រួលដោយជឹង ប៉ូជីន