លោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ Vermont នៅ ភាគឦសានប្រទេសបាននិយាយកាលពីថ្ងៃទី ៦ ខែឧសភាថា លោកនឹងឈរឈ្មោះសម្រាប់ព្រឹទ្ធសភាអាណត្តិទី៤របស់លោក។ លោក Sanders បាននិយាយនៅក្នុងសេចក្តីប្រកាសតាមវីដេអូថា ការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនេះ អាចជាការបោះឆ្នោតដ៏សំខាន់បំផុតនៃជីវិតរបស់យើង។ លោក Sanders បានសួរនៅថ្ងៃទី ៦ ខែឧសភាថា «តើសហរដ្ឋអាមេរិកនឹងបន្តដំណើរការជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យឬតើយើងនឹងផ្លាស់ប្តូរទៅជារដ្ឋាភិបាលផ្តាច់ការ»។ លោកបានចោទសួរថា តើ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងក្លាយជាប្រព័ន្ធដែលបម្រើសម្រាប់ទាំងអស់គ្នា និងមិនមែនសម្រាប់តែអ្នកមានទ្រព្យធនដែលរួមចំណែកក្នុងយុទ្ធនាការបោះឆ្នោត។
លោក Sanders ដែលបានស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០១៦ និងឆ្នាំ២០២០ កំពុងគាំទ្រលោក Joe Biden ដែលកំពុងរកសំឡេងឆ្នោតជាប់ជាប្រធានាធិបតីឡើងវិញនៅឆ្នាំ ២០២៤។
ការបោះឆ្នោតនាពេលខាងមុខបានធ្វើឱ្យអ្នកបោះឆ្នោតមួយចំនួនពិភាល់អំពីអាយុនៃឥស្សរជននយោបាយសំខាន់ៗ និងសំណួរថាតើវាដល់ពេលសម្រាប់អ្នកដឹកនាំថ្មីឬយ៉ាងណា។
លោក Sanders មានអាយុ ៨២ឆ្នាំ។ លោក Biden អាយុ ៨១ ឆ្នាំជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេ ទំនងជានឹងប្រឈមមុខក្នុងការបោះឆ្នោតប្រធានាធិបតីប្រជែងនឹងអតីតប្រធានាធិបតីលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីសន្មត់នៃគណបក្សសាធារណរដ្ឋ។ លោកTrump មានអាយុ៧៧ឆ្នាំ។
លោក Sanders ដែលជាអ្នកឯករាជ្យ ជាទូទៅគាំទ្ររបៀបវារៈក្នុងស្រុករបស់លោក Biden នៃគណបក្សប្រជាធិបតេយ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះសមាជិកព្រឹទ្ធសភារូបនេះបានរិះគន់យ៉ាងខ្លាំងអំពីការឆ្លើយតបរបស់លោក Biden ចំពោះកំណើនចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់នៅក្នុងការឆ្លើយតបដោយយោធាអ៊ីស្រាអែលចំពោះការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលាទៅលើប្រទេសអ៊ីស្រាអែល។
លោក Sanders ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍ជ្វីហ្វ បាននិយាយនៅថ្ងៃទី ៦ ខែឧសភា ថា «អ៊ីស្រាអែលមានសិទ្ធិដាច់ខាតក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយភេរវកម្មនេះ ប៉ុន្តែ អ៊ីស្រាអែលមិនបានមាននិងមិនមានសិទ្ធិធ្វើសង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទាំងមូល ដូចអ្វីដែលអ៊ីស្រាអែលកំពុងធ្វើនេះទេ»។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានរាយការណ៍នៅថ្ងៃទី ៦ ឧសភាថា អ៊ីស្រាអែលបានសម្លាប់មនុស្សជិត៣ម៉ឺន៥ពាន់នាក់នៅហ្កាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។
លោក Sanders ស្ទើរតែប្រាកដថា អាចនឹងជាប់ឆ្នោត ហើយត្រឡប់ទៅធ្វើការនៅព្រឹទ្ធសភាវិញក្នុងខែវិច្ឆិកា ដោយតាមរយៈសំឡេងអ្នកបោះឆ្នោតនៅរដ្ឋVermont ជាកន្លែងដែលគាត់នៅតែមានប្រជាប្រិយភាពនៅឡើយ។
លោកបានធ្វើការក្នុងសភាសហរដ្ឋអាមេរិករយៈពេល៤0ឆ្នាំ។ លោកបានធ្វើជា សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Vermont អស់រយៈពេល ១៦ ឆ្នាំ មុនពេលលោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០០៦។ ឥឡូវនេះលោកបានតាំងខ្លួនជាអ្នកសង្គមនិយមប្រជាធិបតេយ្យ ប៉ុន្តែលោកនៅតែបន្តធ្វើការប្រជុំជាមួយគណបក្សប្រជាធិបតេយ្យ។
ឥឡូវនេះលោកគឺជាប្រធានគណៈកម្មាធិការសុខភាព សិក្សាធិការ ការងារ និងសោធននិវត្តន៍នៃព្រឹទ្ធសភាស.រ.អ.។ លោក Sanders បាននិយាយថា «ខ្ញុំបានធ្វើរួចមកហើយ ហើយបើបានឆាប់ឆ្នោតឡើងវិញ ខ្ញុំនឹងកាន់ជំហរដ៏រឹងមាំក្នុងការផ្តល់ជំនួយដែលពលរដ្ឋរដ្ឋ Ver-monters ត្រូវការក្នុងគ្រាដ៏លំបាកនេះ»៕
វេទិកាបញ្ចេញមតិ