ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​ពី​ក្រុង​៤​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ស៊ីរី


រូបភាព​នេះ​បង្ហាញ​ពី​រថយន្ត​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បំផ្ទុះ​នៅ​តំបន់ Rashideen នៅ​ក្នុង​ស្រុក​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ នៅ​ខាង​ក្រៅ​ក្រុង Aleppo កាលពី​ថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៧។
រូបភាព​នេះ​បង្ហាញ​ពី​រថយន្ត​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បំផ្ទុះ​នៅ​តំបន់ Rashideen នៅ​ក្នុង​ស្រុក​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ នៅ​ខាង​ក្រៅ​ក្រុង Aleppo កាលពី​ថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៧។

មនុស្ស​ប្រហែល​៣​ពាន់​នាក់​គ្រោង​នឹង​ជម្លៀស​ខ្លួន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ ពី​ក្រុង​ដែល​ត្រូវ​បាន​គេ​ឡោមព័ទ្ធ​ចំនួន​៤​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​មនុស្ស​មួយ ដែល​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ប្រហែល​២៤​ម៉ោង ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ ដែល​បាន​សម្លាប់​មនុស្ស​និង​ធ្វើ​ឲ្យ​របួស​ជា​ច្រើន​នាក់។ ​

អ្នក​ដែល​ត្រូវ​គេ​ជម្លៀស​ខ្លួន​ចេញ​គឺ​ជា​អ្នក​ភូមិ Foua និង​ភូមិ Kfaryam ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល និង​ក្រុង Zabadani និង​ក្រុង Madaya ដែល​កាន់​កាប់​ដោយ​ក្រុម​ប្រឆាំង។ កន្លែង​ទាំង​៤​នោះ​ត្រូវ​បាន​គេ​ឡោមព័ទ្ធ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រថយន្តក្រុង ​និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ប្រហែល​១២០​គ្រឿង​ត្រូវ​បាន​បើក​ទៅ​កាន់​ភូមិ Foua និង​ភូមិ Kfaryam ដើម្បី​ជួយ​ដល់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​កាន់​ក្រុង Aleppo។ ​

ការ​ជម្លៀស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​រថយន្ត​ដែល​បំពាក់​គ្រាប់​បែក​មួយ​គ្រឿង​ដែល​វាយប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​ក្រុង​មួយ ដែល​ដឹក​ជញ្ជូន​មនុស្ស​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព​នៅ​ក្នុង​តំបន់ Rashideen ក្បែរ​ក្រុង Aleppo៕

XS
SM
MD
LG