ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​លើ​តួកគី​ ដើម្បី​បញ្ឈប់​ការ​វាយលុក​នៅ​ស៊ីរី


លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ West Wing ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ West Wing ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​តួកគី​ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​ការ​វាយលុក​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ និង​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​ និង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​តួកគី​ ខណៈ​លោក​ប្រធានាធីបតី Tump ​មាន​គម្រោង​បញ្ជូន​ប្រតិភូ​មួយក្រុម​ដឹកនាំ​ដោយ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mile Pence ទៅ​កាន់​រដ្ឋធានី​អង់ការ៉ា​ដើម្បី​ចរចា​រក​ដំណោះស្រាយ​លើ​ស្ថានភាព​នេះ។

ចំណាត់ការ​របស់​លោក Trump ដូចនេះ​កើតឡើង​បន្ទាប់​ពី​មាន​ការរិះគន់​យ៉ាង​ខ្លាំង នៅ​ក្នុង​សប្តាហ៍នេះ​ ចាប់តាំង​ពី​សេតវិមាន​ប្រកាស​អំពី​ផែនការ​វាយលុក​របស់​តួកគី​ដែល​គ្រោង​ទុក​ជា​យូរ​មក​ហើយ​ ដើម្បី​ព្យាយាម​រំដោះ​តំបន់​នៅតាម​ព្រំដែន​ជាមួយ​នឹង​ប្រទេសស៊ីរី​ចេញ​ពី​ការគ្រប់គ្រង​របស់​ពួកសកម្ម​ប្រយុទ្ធឃឺត​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ ដោយ​តួកគី​បាន​ចោទប្រកាន់​ក្រុម​នេះ​ថា​ជា​ក្រុមភេរវកម្ម​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពួកផ្តាច់ខ្លួន​ឃឺត​នៅ​ប្រទេសតួកគី។

ការវាយលុក​របស់​តួកគី​បាន​ជំរុញ​ឲ្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់​ថា SDF ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីរី ​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បញ្ជូន​កងទ័ព​ស៊ីរី​ត្រឡប់​ចូល​តំបន់​ភាគជើង​ប្រទេស​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ហើយ​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​កងទ័ព​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Manbij ហើយ។

កាល​ពី​ថ្ងៃចន្ទ​លោក Trump បាន​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan និង​ឧត្តមសេនីយ៍ Mazloum Kobani មេបញ្ជាការ​កងកម្លាំង SDF ដែល​សហរដ្ឋអាមេរិក​បាន​កៀកស្មា​ជាមួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ប្រទេសស៊ីរី។

មន្រ្តីរដ្ឋបាល​ជាន់ខ្ពស់ម្នាក់​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «យើង​ទាំងអស់​គ្នា​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ភាគី​តែមួយ​គត់​ដែល​អាច​ជួយ​សម្រុះ​សម្រួល​ភាគី​ទាំងសង​ខាង​បាន»។

មន្រ្តី​រូបនោះ​បាន​និយាយ​ទៀត​ថា​លោក Trump បាន​បញ្ជា​ឲ្យ​លោក Pence ដឹកនាំ​ប្រតិភូ​មួយក្រុម​ធ្វើ​ដំណើរ​ទៅ​ប្រទេសតួកគី​ឲ្យ​បាន​ឆាប់​បំផុត​ ដើម្បី​ពិភាក្សា​គ្នា​និង​ពិនិត្យ​មើល​ថាតើ​អាច​នឹង​ទទួល​បាន​ជោគជ័យ​លើកិច្ចព្រមព្រៀង​ដែរ​ឬ​យ៉ាងណា៕

XS
SM
MD
LG