បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ កំពុងពង្រីកវោហារសាស្រ្តរបស់ខ្លួនប្រឆាំងប្រធានាធិបតីចិន ស៊ី ជីងពីង មុនដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលផ្សារភាគហ៊ុនសាកលោក ដាំក្បាលចុះបន្ទាប់ពីការបញ្ចុះតម្លៃប្រាក់យ៉េនរបស់ចិន។
លោក Scott Walker អភិបាលរដ្ឋ Wisconsin បានជំរុញឲ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា លប់ចោលដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង ហើយនិងលប់ចោលការទទួលទានអាហារពេលល្ងាចនៅសេតវិមាននៅខែក្រោយ។
លោក Walker បានមានប្រសាសន៍កាលពីថ្ងៃចន្ទនៅពេលដែលផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានធ្លាក់ចុះថា៖ «ខ្ញុំគិតថា ប្រទេសចិន ក៏ដូចជាប្រទេសដ៏ទៃទៀតក្នុងពិភពលោក នឹងគោរពមេដឹកនាំខ្លះមកពីសហរដ្ឋអាមេរិក។ មួយផ្នែកនៃបញ្ហារបស់យើងនៅពេលឥឡូវនេះ គឺថា ពួកគេមិនគោរពយើងទេ»។
សេចក្តីអត្ថាធិប្បាយនេះ កើតមានឡើងនៅពេលដែលសេតវិមានបានប្រកាសថា លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅចុងសប្តាហ៍នេះដើម្បីពិភាក្សាបញ្ហានានាជាមួយពួកមន្រ្តីចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Walker បានលើកឡើងពីចំណុចសំខាន់ៗមួយចំនួនប្រឆាំងនឹងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។
លោកអភិបាលរដ្ឋ Walker បានមានប្រសាសន៍ថា៖ «ចំពោះការវាយប្រហារយ៉ាងខ្លាំងរបស់ចិនទៅលើប្រព័ន្ធអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក វត្តមានយោធារបស់ចិនក្នុងសមុទ្រចិនខាងត្បូង ការបន្តជ្រៀតជ្រែកចូលក្នុងសេដ្ឋកិច្ចរបស់យើង ហើយនិងការធ្វើទុកបុកម្នេញអ្នកកាន់គ្រឹស្តសាសនានិងសកម្មជនសិទ្ធិមនុស្ស លោកប្រធានាធិបតីអូបាម៉ា ត្រូវតែលប់ចោលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ»៕