អ្នកសារព័ត៌មានអាមេរិកលោក Evan Gershkovich ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសរុស្ស៊ីពីបទចារកម្មនោះ នឹងឡើងសវនាការកាត់ក្តីក្នុងទីក្រុង Yekaterinburg នៃប្រទេសរុស្ស៊ី។ នេះបើតាមការការឱ្យដឹងរបស់អាជ្ញាធររុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP ។
ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីបាននិយាយថា ដីកាចោទប្រកាន់លើលោក Gershkovich ត្រូវបានធ្វើរួចហើយ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅឱ្យតុលាការតំបន់ Sverdlovsky ក្នុងទីក្រុង Ural Mountains។
លោក Gershkovich ត្រូវបានចោទប្រកាន់ថាបានប្រមូលព័ត៌មានសម្ងាត់ ពីទីតាំងមួយក្នុងតំបន់ Sverdlovsky ដែលផលិតនិងជួសជុលសម្ភារៈយោធា។ នេះបើតាមការឱ្យដឹងរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហាញពីភាពលម្អិតជាលើកដំបូងលើការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានរូបនេះ។ លោក Gershkovich ត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម។
ក្រុមមន្ត្រីរុស្ស៊ីមិនបានផ្តល់ភស្តុតាងណាមួយ ជុំវិញការចោទប្រកាន់នេះឡើយ។
លោក Gershkovich ត្រូវបានចាប់ឃុំខ្លួនក្នុងពេលចុះយកព័ត៌មាននៅក្នុងទីក្រុង Yekaterinburg កាលពីខែមីនាឆ្នាំ ២០២៣ និងត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យអាមេរិក។
ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បានចោទប្រកាន់លោកក្នុងពេលនោះថា លោកបានធ្វើការដោយមានការបញ្ជាពីអាមេរិកនៅពីក្រោយ ដើម្បីប្រមូលព័ត៌មានសម្ងាត់នានារបស់រដ្ឋរុស្ស៊ី ប៉ុន្តែក៏មិនបានផ្តល់ភស្តុតាងណាមួយដែរ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានចាត់ទុកការឃុំខ្លួនអ្នកសារព័ត៌មានអាមេរិករូបនេះថាជាការខុសច្បាប់៕
វេទិកាបញ្ចេញមតិ