សហរដ្ឋអាមេរិកបានប្រារព្ធទិវាអតីតយុទ្ធជនកាលពីថ្ងៃអាទិត្យ ដើម្បីរំឭកដល់អតីតយុទ្ធជនរាប់លាននាក់ទាំងស្ត្រីនិងបុរស ដែលបានបម្រើក្នុងជួរកងទ័ព ហើយត្រូវលះបង់ជីវិតរបស់ខ្លួនទៀតផង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter ពីទីក្រុង ប៉ារីស ប្រទេស បារាំង មកថា «ក្នុងទិវាអតីតយុទ្ធជននេះ និងជាខួបទី១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីមួយ យើងសូមរំឭកដល់វីរបុរសដ៏ក្លាហានដែលបានប្រយុទ្ធដើម្បីសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមនេះ និងអតីតយុទ្ធជនគ្រប់រូប ដែលបានស្លៀកសម្លៀកបំពាក់ទាហាននិងរក្សាប្រទេសយើងឲ្យបានគង់វង្ស ខ្លាំងក្លា និងមានឯករាជ្យ»។
នៅក្នុងសារក្នុងទិវាអតីតយុទ្ធជននេះ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហោះសារលើបណ្តាញសង្គម Tweeter ថា «ចំពោះអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នក។ មិនមានអ្វីដែលអាចប្រៀបផ្ទឹមនឹងស្នាដៃការងារនិងការលះបង់របស់អ្នកបានទេ»។
នៅក្នុងសហរដ្ឋអាមេរិក ទិវាអតីតយុទ្ធជន កាលពីដើមឡើយត្រូវបានគេហៅថាជា «ទិវាសន្តិភាព» ដើម្បីរំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទីមួយ ប៉ុន្តែសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចមួយកាលពីឆ្នាំ១៩២៦ ឲ្យប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ បានក្លាយទៅជាថ្ងៃឈប់សម្រាកជាតិរបស់អាមេរិក ចាប់តាំងពីឆ្នាំ១៩៣៨មក៕