ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ស្នើ​ឲ្យ​ប៉ាគីស្ថាន​ស៊ើបអង្កេត​ជុំវិញ​លទ្ធភាព​ជួយ​ឲ្យ​ប៊ិនឡាដិន​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ


លោក​ Jay Carney អ្នក​នាំពាក្យ​សេតវិមានថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​សេតវិមាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ៩ឧសភា​ ឆ្នាំ​២០១១។​
លោក​ Jay Carney អ្នក​នាំពាក្យ​សេតវិមានថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​សេតវិមាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ៩ឧសភា​ ឆ្នាំ​២០១១។​

សេត​វិមាន​ឲ្យ​ដឹង​ថា​ស.រ.អ.​រំពឹង​ថា​ប្រទេស​ប៉ាគីស្ថាន​នឹង​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ​និង​ទាំង​ស្រុង​ជុំវិញ​អ្វី​ដែល​ ស.រ.អ.​ហៅ​ថា​ ការ​សន្មត់​អំពី​ថា​មាន​បណ្ដាញ​គាំ​ទ្រ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អូសាម៉ា​ប៊ិន​ឡាដិន​រស់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ សេតវិមាន​ក៏​ធ្វើ​ប្រតិកម្ម​ផង​ដែរ​ទៅ​នឹង​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ដ្រីនៃ​ប្រទេស​ប៉ាគីស្ថាន។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ការ​ថ្លែង​ភាគ​ច្រើន​ទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​សេតវិមាន​ផ្ដោត​លើ​ការ​ស៊ើប​អង្កេត​ដែល​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា​ កំពុង​តែ​ប្រព្រឹត្ដ​ធ្វើ​ ក្រោយ​ពី​ប្រតិបត្ដិការណ៍​វាយ​លុកពិសេស​របស់​ ស.រ.អ.​ដែល​សម្លាប់​ប៊ិន​ឡាដិន​ ហើយ​នឹង​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ Yousuf Raza Gilani ​ព្រម​ទាំង​ស្ថានភាព​ទំនាក់​ទំនង​រវាង​ ស.រ.អ.​និង​ប្រទេស​ប៉ាគីស្ថាន។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ទៅ​កាន់​សភា​ប៉ាគីស្ថាន​ លោក Gilani ​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ សេវា​ស៊ើប​ការណ៍​សម្ងាត់​ ឬ ​យោធា​នៃ​ប្រទេស​ប៉ាគីស្ថាន​ដឹង​អំពី​វត្ដមាន​របស់​អូសាម៉ាប៊ិន​ឡាដិន​ នៅ​ក្នុង​ទី​ក្រុង​ Abbottabad ឬ​ថា​ ពួក​គេ​បាន​ជួយ​ឧបត្ថមម្ភ​គាត់។

លោក​ Gilani និយាយ​ថា​ ទំនាក់​ទំនង​របស់​ប៉ាគីស្ថានជា​មួយ​ ស.រ.អ.​នៅ​តែ​ខ្លាំង​ដដែលក៏​ប៉ុន្ដែ​លោក​ព្រមាន​ប្រឆាំង​នឹង​ប្រតិបត្ដិការដូច​គ្នា​នេះ​នា​ពេល​អនាគត​ ដោយ​និយាយ​ថា​ប្រទេស​ប៉ាគីស្ថាន​រក្សា​សិទ្ធិ​វាយ​បក​វិញ​យ៉ាង​ពេញ​ទំហឹង។

លោក​ Jay Carney អ្នក​នាំពាក្យ​សេតវិមាន​និយាយ​ថា​ ការ​ពិគ្រោះ​គ្នា​ ការ​សុំ​យោបល់​នៅ​តែ​បន្ដ​ធ្វើត​ទៅ​ទៀត​ ក្នុង​លំដាប់​ថ្នាក់​ជា​ច្រើន​ អំពី​ការ​ទៅ​ជួប​ប្រពន្ធ​របស់​អូសាម៉ា ប៊ិនឡាដិន​ ហើយ​នឹង​ការ​ប្រើ​សម្ភារ:​ ឯកសារ​ដែល​ប្រទេស​ប៉ាគីស្ថាន​អាច​បាន​ប្រមូល​ទុក​ រឹប​អូស​ ក្រោយ​ពី​កង​កុម្ម៉ង់ដូ ស.រ.អ.ចេញពីបរិវេណ​ផ្ទះ​របស់​ ប៊ិនឡាដិន នៅទី​ក្រុង​ Abbottabad ។

លោក​ Carney ​ឆ្លើយ​តប​យ៉ាង​ដូច្នេះ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរ​លោក​ថា​តើ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ទុក​ចិត្ដ​ការ​ប្ដេជ្ញា​ចិត្ដ​របស់​មេដឹក​នាំ​ប្រទេស​ប៉ាគីស្ថាន​រូប​នោះ​ដែល​សន្យា​ថា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ដែរ​ឬ​ទេ។

«យើង​ជឿ​ថា​ ពួក​គេ​នឹង​ស៊ើប​អង្កេត​អំពី​រឿង​នេះ​ ហើយ​យើង​សង្ឃឹម​ថា​ការ​ស៊ើប​អង្កេតនេះ​នឹង​ប្រព្រឹត្ដធ្វើ​ដោយ​ពេញ​លេញ​និងទាំង​ស្រុង។​ ក៏​ប៉ុន្ដែ​ពិត​ណាស់​ហើយ​ យើងក៏​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ដែរ​ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃទំនាក់​ទំនង​សហ​ប្រតិបត្ដិការ​ដែល​យើង​ត្រូវ​មាន​ ហើយ​កាល​ពី​អតីតកាល យើង​សហការណ៍​គ្នា ទោះ​បី​យើង​ខ្វែង​គំនិត​គ្នាក៏​ដោយ​ ហើយ​យើង​គិត​ថា​យើង​នឹង​បន្ដ​មាន​ត​ទៅ​ទៀត​នា​ពេល​អនាគត»។

លោក​ Carney​ និយាយ​ថាលោក​ប្រធានាធិបតី​អូបាម៉ា​ប្រាដដ​ក្នុង​ចិត្ដ​ថា​លោក​មាន​សិទ្ធិ​ហើយ​នឹងមានកាតតព្វកិច្ចបញ្ជា​ឲ្យ​ធ្វើ​ការ​លុក​លុយទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ អូសាម៉ា ប៊ិនឡាដិន។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ CBS ក្នុង​កម្មវិធី​ ៦០​នាទី​ ដែល​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យលោកប្រធានាធិបតី​អូបាម៉ា​ មាន​ប្រសាសន៍​ថា​ ស.រ.អ.ជឿ​ថា​ប្រាកដ​ជា​មាន​បណ្ដាញ​គាំ​ទ្រ​អ្វី​ម្យ៉ាង​ចំពោះ​ប៊ិន​ឡាដិន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក​អូបាម៉ា​មាន​ប្រសាសន៍​ថា​ ប្រទេស​ប៉ាគីស្ថាន​បាន​ប្រាប់​ ស.រ.អ.​ថា​ខ្លួន​មាន​បំណង​យ៉ាង​ជ្រាល​ជ្រៅ​រក​ឃើញ​ថា​ តើ​មេដឹកនាំ​ពួក​អាល់​ខេដា​មាន​បណ្ដាញ​គាំ​ទ្រ​ប្រភេទ​ណា៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG