រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ចប់ការពិភាក្សាក្នុងថ្ងៃទី២ហើយជាមួយក្រុមមន្ត្រីកូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង អំពីការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Pompeo បានចាប់ផ្ដើមថ្ងៃទី២នៃការពិភាក្សាគ្នានេះ ដោយការទូរសព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ មុនពេលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង និងជាមួយអតីតនាយកស៊ើបការសម្ងាត់របស់កូរ៉េខាងជើងគឺលោក Kim Yong Chol។
នៅពេលដែលលោកទាំងពីរ បានជួបគ្នា ដើម្បីពិភាក្សាគ្នានេះ លោក Chol បានសួរលោក Pompeo ថាតើលោកសម្រាន្តបានស្រួលទេនៅយប់ដំបូងរបស់លោកក្នុងប្រទេសកូរ៉េខាងជើងនេះ។ លោក Pompeo បានឆ្លើយថា លោកសម្រាន្តលក់ស្រួល ហើយលោកទាំងពីរ ក៏បានចាប់ផ្ដើមនិយាយគ្នាបន្តិច មុនពេលដែលអ្នកយកព័ត៌មាន ត្រូវបានស្នើឱ្យចាកចេញពីបន្ទប់ពិភាក្សានេះនោះ។
លោក Pompeo បានមានប្រសាសន៍ថា «លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាថានឹងនាំអនាគតកាន់តែត្រចះត្រចង់ជាងនេះ ជូនកូរ៉េខាងជើង»។
គេនៅមិនទាន់ដឹងទេថាតើលោក Pompeo នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong Un នៅថ្ងៃសៅរ៍នេះ ដូចដែលលោកធ្លាប់បានជួបកាលពីពេលលោកបំពេញទស្សនកិច្ចលើកមុនៗដែរឬអត់ទេ។
នេះគឺជាដំណើរទស្សនកិច្ចលើកទី៣ហើយរបស់លោក Pompeo ទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ ហើយលើកនេះ គឺជាលើកដំបូងហើយដែលលោកស្នាក់នៅមួយយប់ក្នុងប្រទេសនេះ។ នេះក៏ជាដំណើរទស្សនកិច្ចលើកទី១ដែរ ចាប់តាំងពីលោកប្រធានាធិបតី ត្រាំ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុនអ៊ុន នៅឯកិច្ចប្រជុំកំពូលរបស់លោកទាំងពីរក្នុងប្រទេសសិង្ហបុរីកាលពីខែមុន។
ប្រមុខការទូតកំពូលរបស់អាមេរិករូបនេះ ត្រូវបានលោកប្រធានាធិបតី ត្រាំ ប្រគល់ភារកិច្ចឱ្យត្រួតពិនិត្យមើលលើការសន្យារបស់លោក គីម នៅឯកិច្ចប្រជុំកំពូលនោះ ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េ គ្មានអាវុធនុយក្លេអ៊ែរ៕