ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាង​ជើង​នៅ​ពេល​សេតវិមាន​អះអាង​ថា​មាន «ការ​ជឿនលឿន»


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​បាន​ជួប​ជាមួយ​នឹង​លោក Kim Yong Chol បេសកជន​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៨។

នៅ​ក្នុង​សប្តាហ៍នេះ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. Mike Pompeo នឹង​ធ្វើដំណើរ​លើកទី​បី​ទៅ​កាន់​ក្រុង Pyongyang នៅ​ពេល​មាន​កង្វល់​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូចជា​បង្កើន​សមត្ថភាព​កន្លែង​នុយក្លេអ៊ែរ​និង​កន្លែង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន និង​មិន​បាន​រុះរើ​កន្លែង​ទាំង​នោះ​ទេ។

លោក​ Pompeo ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដំបូង​របស់លោក​ក្នុង​ប្រទេសកូរ៉េខាង​ជើងកាលពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំនេះ​ក្នុង​ឋានៈ​ជា​នាយក​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ CIA នឹង​ស្ថិត​ក្នុង​ក្រុង​ Pyongyang ពីថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ថ្ងៃ​សៅរ៍។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​ពិភាក្សា​កាលពី​ថ្ងៃ​អាទិត្យនៅ​ឯតំបន់​គ្មាន​កង​ទ័ព​នៃ​ប្រទេសកូរ៉េរវាង​លោក Sung Kim ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​ប្រទេស​ហ្វីលីពីន និង​ពួក​មន្ត្រី​កូរ៉េ​ខាង​ជើង។

នេះ​ជា​លើក​ដំបូង​ដែលគេ​បាន​ដឹង​ថា ពួក​មន្ត្រី​ស.រ.អា. និង​កូរ៉េខាង​ជើង​បាន​ជួប​គ្នា​ចាប់តាំង​ពី​លោកប្រធានាធិបតី​ Donald Trump បាន​ធ្វើការ​ចរចា​ជាមួយ​លោក Kim Jung Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ទី​១២ខែមិថុនា។​

អ្នកស្រី​ Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​មួយ​របស់​ VOA នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «យើង​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​តទៅ​ទៀត។​ យើង​មាន​ជំនួប​ល្អ​ប្រសើរ​កាលពី​ម្សិលមិញ។​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​នឹង​ស្ថិ​នៅ​ទីនោះ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​បន្ត​ការ​ពិភាក្សា​ទាំង​នោះ»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នកស្រី​ Sanders បាន​ប្រកែក​មិន​ព្រម​ពិភាក្សា​អំពី​របាយការណ៍​នានា​ដែល​និយាយ​យោង​ដល់​ព័ត៌មាន​បាន​មក​ពី​ពួក​មន្ត្រី​ខាង​ការ​ស៊ើបការ​សម្ងាត់​ស.រ.អា. និង​រួប​ថត​ដោយ​ផ្កាយ​វិទ្យាសាស្ត្រ​ពាណិជ្ជកម្ម​ដែល​ថា​កូរ៉េខាង​ជើង​នៅ​តែ​បន្ត​កែ​លម្អ​កម្មវិធី​នុយក្លេអ៊ែរ​និង​កម្មវិធី​កាំជ្រួច​មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​របស់​ខ្លួន៕

XS
SM
MD
LG