ក្មេងៗជនជាតិស៊ីមបាវ៉េបានប្រមូលផ្តុំគ្នាយ៉ាងណែនណាន់តាន់តាប់នៅក្នុងសាលប្រជុំមួយនាទីក្រុង Masvingo ដើម្បីចោទសួរសំណួរទៅកាន់មន្ត្រីសហរដ្ឋអាមេរិក។ ពួកគេសង្ឃឹមថា នឹងត្រូវគេជ្រើសរើសសម្រាប់កម្មវិធីរយៈពេល៦សបា្តហ៍នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនេះ។ លោក Paul Swiderប្រធានកម្មវិធីគំនិតផ្តួចអ្នកដឹកនាំអាហ្វ្រិកវ័យក្មេង បានពន្យល់ទៅកាន់បណ្តាបេក្ខជនដែលមានសក្តានុពលអំពីកម្មវិធីនេះ។ លោកបានថ្លែងថា៖
«យើងឃើញថា អ្នកជាអនាគតអ្នកដឹកនាំនៃទ្វីបអាហ្វ្រិកនេះ ហើយយើងចង់បង្កើតមិត្ត ចែកចំលែកព័ត៌មាន និងបង្កើតទំនាក់ទំនងជាមួយអ្នក។ ដូច្នេះ នៅពេលដែលអ្នកមានតួនាទីជាមេដឹកនាំក្នុងផ្នែកធុរកិច្ចនិងក្នុងកិច្ចការសង្គមឬកិច្ចការផ្សេងទៀត គឺយើងស្គាល់គ្នារួចទៅហើយ។ យើងជាមិត្តរួចទៅហើយដែរ។ នៅក្នុងបណ្តាញនេះ គឺមានអ្នកវិនិយោគខ្លះ មានអ្នកផ្តល់ជំនួយខ្លះ និងមានអ្នកខ្លះទៀត ដែលគ្រាន់តែចង់ភ្ជាប់ទំនាក់ទំនង ដោយសារតែវាជាបណ្តាញមួយ»។
កម្មវិធីដ៏សំខាន់នេះ ជាកម្មវិធីអាហារូបករណ៍ Mandela Washington ដែលត្រូវបានបង្កើតឡើងដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ មានជនអាហ្វ្រិកក្មេងៗ១.០០០នាក់បានចូលរួមក្នុងកម្មវិធីនេះរួចមកហើយ។
នាង Samantha Nyereyemhuka សកម្មជនពិការម្នាក់ គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនស៊ីមបាវ៉េចំនួន៦០នាក់ ដែលបានទទួលប្រយោជន៍ពីកម្មវិធីអាហារូបករណ៍នេះដែរ។
«កម្មវិធីនេះបានផ្តល់ឲ្យខ្ញុំនូវទស្សនៈដោយឡែកមួយពាក់ព័ន្ធនឹងអ្វីដែលយើងធ្វើនៅក្នុងប្រទេសស៊ីមបាវ៉េ ដែលខ្ញុំសង្ឃឹមថានឹងធ្វើឲ្យការប្រើប្រាស់ភាសាកាយវិការមានភាពប្រសើរឡើងនៅក្នុងប្រទេសនេះ។ ពីព្រោះថា ប្រសិនបើអ្នកក្រឡេកទៅមើលភាសាកាយវិការនៅស៊ីមបាវ៉េវិញ វាជាភាសាមួយក្នុងចំណោមភាសាឯទៀត ដែលគេមិនសូវប្រើប្រាស់ច្រើនទេ។ ហើយមនុស្សដែលមានបញ្ហាគថ្លង់ មិនត្រូវបានគេផ្តល់ឱកាសឲ្យបញ្ចេញយោបល់ឡើយ ដោយសារតែមិនសូវមានមនុស្សចេះភាសាកាយវិការនេះ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា ចេញពីអ្វីដែលខ្ញុំបានរៀន ខ្ញុំនឹងផ្លាស់ប្តូរបញ្ហានេះ»។
លោក Paul Swiderបាននិយាយថា ប្រជាជនអាហ្វ្រិកដូចជា នាង Samantha ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសហគមន៍របស់ពួកគេ អាចដាក់ពាក្យបានដោយមិនគិតពីទីកន្លែងរស់នៅ ភេទ ឬមានកាយសម្បាទាពិការនោះទេ។ លោកបន្ថែមថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក និងសហរដ្ឋអាមេរិកទាំងមូល សុទ្ធតែចង់ឲ្យប្រជាជនអាហ្វ្រិកវ័យក្មេង «បង្កើនឱកាស» និងចូលរួមក្នុងបណ្តាញដ៏រឹងមាំនៅក្នុងទ្វីបអាហ្វ្រិកនេះ៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ