បើតាមអ្នកការទូតស៊ុយអែតម្នាក់ ដែលបានជួយសម្រួលកិច្ចចរចា បាននិយាយថា កិច្ចចរចានុយក្លេអ៊ែរកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងមានសារៈសំខាន់ ហើយបានប្រព្រឹត្តទៅយូរជាងការរំពឹងទុក។
ការធ្វើវិភាគប្រកបដោយសុទិដ្ឋិនិយមដោយលោក Kent Harstedt ប្រេសិតពិសេសស៊ុយអែត ផ្ទុយពីការថ្លែងរបស់ពួកអ្នកការទូតកូរ៉េខាងជើង ដែលបានបន្ទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមិនបាននាំមកនូវគំនិតថ្មីៗនៅក្នុងកិច្ចចរចាកាលពីដើមខែតុលានៅក្នុងរាជធានីនៃប្រទេសស៊ុយអែត។
នៅក្នុងពិធីមួយកាលពីថ្ងៃពុធនៅក្នុងក្រុងសេអ៊ូល លោក Harstedt បាននិយាយថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉ខាងជើងមានរយៈពេល «ច្រើនម៉ោង» ហើយ «គ្មានការបង្អាក់ទេ»។
លោកបានថ្លែងថា លោកមាន «សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន» ថា កិច្ចចរចានេះនឹងមានធ្វើតទៅទៀត ទោះណាជាកូរ៉េខាងជើងមិនយល់ព្រមតាមសេចក្តីអញ្ជើញរបស់ប្រទេសស៊ុយអែតឱ្យធ្វើការចរចាបន្តក្នុងពេលពីរសប្តាហ៍ទៀតក៏ដោយ។
លោក Hardstedt បានមានប្រសាសន៍ដោយប្រើឈ្មោះជាផ្លូវការរបស់កូរ៉េខាងជើងថា «សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុកូរ៉េមិនបានបិទទ្វារសម្រាប់កិច្ចចរចាបន្តនៅចំណុចនេះទេ។ យើងមិនធ្វើអត្ថាធិប្បាយដោយចំៗអំពីការសន្ទនារបស់យើងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុកូរ៉េទេ។ យើងគ្រាន់តែអាចនិយាយថាយើងមានការសន្ទនាបែបធ្វើការងារល្អណាស់ជាមួយពួកគេ»។
ប្រេសិតស៊ុយអែតរូបនេះបានមានប្រសាសន៍បន្ថែមថា «យើងក៏ត្រូវតែចាំជាក់ដែរថានេះជាបញ្ហារសើបនិងសាំញ៉ាំណាស់ដែលត្រូវពិភាក្សាគ្នា»។
ប្រទេសស៊ុយអែតបានដើរតួជាអន្តរការីរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ពីព្រោះប្រទេសទាំងពីរនោះគ្មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាទេ។
ទោះណាជាប្រទេសស៊ុយអែតបានជួយរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងក៏ដោយ ក៏លោក Harstedt បានមានប្រសាសន៍ថា លោកគ្មានទាក់ទិនក្នុងកិច្ចចរចាគ្នានេះទេ៕