ក្រុមអភិរក្សកូរ៉េខាងត្បូងចម្រុះថ្មីមួយមានឈ្មោះថា «Alt Right» បានត្រូវបង្កើតឡើងដើម្បីប្រយុទ្ធនឹងអ្វីដែលពួកគេនិយាយថាជាការចោទប្រកាន់ «ដោយខុសច្បាប់» ចំពោះលោកស្រី Park Geun-hye ប្រធានាធិបតីតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវដោយសារ «បណ្តាញផ្សាយព័ត៌មានដែលនិយាយកុហក» និង «ពួកវីរជនកាន់អំណាច» លម្អៀងទៅខាងកូរ៉េខាងជើង។
ពួកអភិរក្សនិយមលម្អៀងទៅខាងលោកស្រី Park មានការយឺតយូរក្នុងការរៀបចំនៅក្រោយមានរឿងអាស្រូវទាក់ទិននឹងអំពើពុករលួយរបស់លោកស្រីប្រធានាធិបតីដែលបានកើតមានឡើងកាលពីខែតុលាឆ្នាំ។
លោក Chulhong Kim សាស្ត្រាចារ្យជំនួយនៅឯមហាវិទ្យាល័យ Presbyterian និង Theological Seminar ក្នុងក្រុងសេអ៊ូលបាននិយាយថា «ការប៉ុនប៉ងរបស់យើងក្នុងការជួយសង្គ្រោះលោកស្រីប្រធានាធិបតីប្រហែលយឺតណាស់ហើយឬមួយក៏យឺតបន្តិច។ ហេតុអ្វី? ពីព្រោះអ្វីទាំងអស់មិនបានគិតទុកជាមុនទេ។» លោក Chulhong Kim បានក្លាយទៅជាមេដឹកនាំម្នាក់នៃក្រុមអភិរក្សនិយមថ្មីនេះដែលនឹងក្លាយទៅជាអង្គការផ្លូវការមួយ។
លោកស្រីប្រធានាធិបតី Park បានធ្លាក់ពីតំណែងដោយសារមានការចោទប្រកាន់ថាលោកស្រីបានឃុបឃិតជាមួយឬមួយបានត្រូវបំភាន់ដោយអ្នកស្រី Choi Soon-sil មិត្តយូរយាមកហើយរបស់លោកស្រី និងសហការី
ជិតស្និទ្ធខ្លះរបស់លោកស្រីក្នុងការបង្ខិតបង្ខំក្រុមហ៊ុនកូរ៉េធំៗឱ្យធ្វើវិភាគទានជិត៦៥លានដុល្លារដល់មូលនិធិពីរមានការសង្ស័យ។ គេរាយការណ៍ថាអ្នកស្រី Choi បានទទួលអត្ថប្រយោជន៍ពីកុងត្រាជាមួយក្រុមហ៊ុនរបស់អ្នកស្រីផ្ទាល់និងក្រុមហ៊ុនរបស់មិត្តភក្តិអ្នកស្រីផងដែរ៕