មេបញ្ជាការទី១នៃទីបញ្ជាការនៅទ្វីបអាហ្វ្រិក របស់កងកម្លាំងស.រ.អាបានចូលនិវត្តន៍ក្រោយពីបានបម្រើកងទ័ពអស់រយៈជិត៤០ឆ្នាំ ដោយនិយាយថាមុខនាទីរបស់កងទ័ពនៅក្នុងតំបន់បះបោរនៃអាហ្វ្រិកខាងជើងនៅក្នុងបច្ចុប្បន្ននេះ ជាសក្ខីភាពនៃគុណសម្បត្តិនៃការទំនាក់ទំនងបញ្ជាការដែលបានបង្កើតឡើងដើម្បីលើកស្ទួយកងទ័ព។
គឺជាពិធីដ៏រំជួលចិត្តមួយសម្រាប់លោកឧត្តមសេនីយ William Ward ព្រោះលោកបានបញ្ចប់កាតព្វកិច្ចពេញលេញជាងបីឆ្នាំមកនេះ នៅទីបញ្ជាការទ័ពក្នុងទ្វីបអាហ្វ្រិកហៅកាត់ថាAfricom។ លោកឧត្តមសេនីយ បានប្រាប់ដល់ទាហានច្រើនរយនាក់នៅក្នុងពិធីប្តូរបញ្ជាការថា កិច្ចប្រតិបត្តិការរបស់លោកបានពង្រីកសហប្រតិបត្តិការកងកម្លាំងទ័ពជាមួយប្រទេសក្នុងទ្វីបអាហ្វ្រិកជាច្រើន រួមមានទាំងកិច្ចប្រតិបត្តិការហ្វឹកហ្វឺនយោធារួមថ្មីផងដែរ។
នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Africom បានធ្វើបេសកកម្មខាងយុទ្ធសាស្ត្រយោធាដំបូងរបស់ខ្លួន ដើម្បីជួយជម្លៀសពួកជនបរទេសចេញពីប្រទេសលីប៊ី និងដឹកជញ្ជូនគ្រឿងសម្ភារៈមនុស្សធម៌ទៅឲ្យជនភៀសខ្លួននៅក្នុងប្រទេសទុយនេហ្ស៊ី។ បញ្ជាការនោះក៏មានមុខនាទីសំខាន់មួយដែរ នៅក្នុងការរៀបចំ នូវអ្វីដែលក្រុមនាយទាហានហៅថា “ជម្រើសផ្សេងៗជាច្រើន” នៅក្នុងករណីលោកប្រធានាធិបតីដាក់បទបញ្ជាឲ្យធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសលីប៊ី។
ប៉ុន្តែលោកឧត្តមសេនីយ Ward បានមានប្រសាសន៍ថាកិច្ចការប្រចាំថ្ងៃនៅក្នុងទ្វីបអាហ្វ្រិកដោយកងកម្លាំងស.រ.អា មានការហ្វឹកហាត់និងជំនួយមនុស្សធម៌ បានធ្វើឲ្យពួកជនជាតិអាហ្វ្រិកដែលមានការសង្ស័យជាច្រើន ទុកចិត្តថាបញ្ជាការថ្មី មិនមែនជាការគំរាមកំហែងទេ។លោកបានថ្លែងនូវអ្វីដែលលោកបានហៅថា “ការចូលទាក់ទិនជាបន្ត” នោះ បានបញ្ជាក់ពីគុណសម្បត្តិរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
«គ្មានសក្ខីភាពណាដែលសព្វថ្ងៃនេះធំជាង អ្វីដែលមាន នៅក្នុងតំបន់ខាងជើងនៃទ្វីបនេះ នោះទេ។ នៅកន្លែងដែលយើងមានទំនាក់ទំនងបន្តជាប់គ្មានអាក់នោះ យើងឃើញពួកយោធាធ្វើការងារនៅក្នុងលក្ខណៈមួយដែលនាំមកនូវស្ថិរភាពនៃសង្គមមួយ។ហើយនៅកន្លែងណាដែលយើងគ្មានទំនាក់ទំនងបែបនេះ ពួកយោធានាំឲ្យមានអស្ថិរភាព»។
លោកឧត្តមសេនីយ Ward បានសំដៅយ៉ាងជាក់ស្តែងទៅលើប្រទេសអេហ្ស៊ីព កន្លែងដែលកងកម្លាំងយោធាមួយជិតស្និទ្ធនឹងស.រ.អា បានបំពេញមុខងារជាមួយនឹងការអត់ធ្មត់ហើយបានសម្រួលការផ្ទេរអំណាចយ៉ាងស្ងាត់ស្ងៀមមួយ ហើយនឹងប្រទេសលីប៊ី កន្លែងដែលកងយោធាកាត់ផ្តាច់ចេញពីស.រ.អា ត្រូវបានបែកបាក់គ្នា និងមានអង្គភាពខ្លះកំពុងបាញ់ប្រហារទៅលើពលរដ្ឋរបស់ខ្លួនផ្ទាល់។
លោក Robert Gates រដ្ឋមន្ត្រីការពារប្រទេស ស.រ.អា បានថ្លែងទៅកាន់ការប្រជុំនោះថា ឧត្តមសេនីយ Ward និងក្រុមរបស់លោកបានបង្ហាញឲ្យឃើញថាការបង្កើតបញ្ជាការនៅទ្វីបអាហ្វ្រិកមិនបានធ្វើឲ្យមានសកម្មភាពយោធាស.រ.អាច្រើនលើទ្វីបនោះទេ ឬនាំឲ្យមានគោលនយោបាយយោធាស.រ.អា ឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិកក៏ទេដែរ។ លោកក៏បានថ្លែងអំពីការបះបោរនៅក្នុងអាហ្វ្រិកខាងជើងផងដែរ។
«នៅក្នុងអាហ្វ្រិកខាងជើង យើងឃើញមនុស្សប្រយុទ្ធគ្នាដើម្បីការផ្លាស់ប្តូរនយោបាយ ចេញពីការបដិវត្តន៍មួយនៅក្នុងប្រទេសលីប៊ី ទៅប្រទេសស៊ូដង់ខាងត្បូង ប្រជាជាតិថ្មីមួយក៏បានលេចរូបរាងឡើង។ នៅពាសពេញទាំងតំបន់ ប្រជាជាតិកំពុងពុះពារឲ្យ ដល់ប្រជាជនដែលកើនយ៉ាងលឿនរបស់ខ្លួន នូវសេរីភាព ភាពចាំបាច់ជាមូលដ្ឋាន និងឱកាសធំទូលាយ នៅពេលប្រយុទ្ធទល់នឹងការបំផ្លាញដោយភេរវកម្ម អំពើពុករលួយ និងចោរកម្មតាមសមុទ្រ។បញ្ជាការទ័ពក្នុងទ្វីបអាហ្វ្រិក ឬ Africom ត្រូវតែបន្តមុខនាទីរបស់ខ្លួននៅក្នុងការលើកស្ទួយការវិវត្តន៍នេះ ទប់ស្កាត់ការប្រយុទ្ធគ្នា និងគាំទ្រស្ថិរភាពជាគោល»។
មេបញ្ជាការថ្មីនៃបញ្ជាការទ័ពក្នុងទ្វីបអាហ្វ្រិក លោកឧត្តមសេនីយ Carter Ham បានមានប្រសាសន៍ថា លោកមានបំណងរក្សាទុកកិច្ចការដែលលោកឧត្តមសេនីយ Ward បានបង្កើតឡើង។
លោកឧត្តមសេនីយ Ham ធ្លាប់បានបំរើមុខងារជាមេបញ្ជាការរបស់កងកម្លាំងស.រ.អានៅក្នុងទ្វីបអឺរ៉ុបរយៈពីរឆ្នាំកន្លះកន្លងទៅនេះ ហើយលោកធ្លាប់មានករណីយកិច្ចបញ្ជាការច្រើន និងមានបេសកកម្មនៅមន្ទីរប៉ង់តាហ្គោនច្រើន។
បញ្ជាការទ័ពក្នុងទ្វីបអាហ្វ្រិកមានកងយោធាពិសេសរកគ្មានមួយ និងរចនាសម្ព័ន្ធស៊ីវិលដែលរៀបចំឡើង សម្រាប់ធ្វើឲ្យមានសហប្រតិបត្តិការ ឲ្យបានច្រើន ជាមួយនឹងប្រទេស៥៣នៃទ្វីបអាហ្វ្រិក។ បញ្ជាការទ័ពនោះមានមនុស្សប្រមាណពីរពាន់នាក់ ពាក់កណ្តាលនៃចំនួននេះជាជនស៊ីវិល ហើយមនុស្សតែ១០០នាក់ប៉ុណ្ណោះដែលប្រចាំការជាអចិន្ត្រៃយ៍ នៅក្នុងបណ្តាប្រទេសអាហ្វ្រិក។
ប្រែសម្រួលដោយ នុច សារីតា