លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា គ្រោងនឹងប្រកាសអំពីទំហំនៃកងទ័ពអាមេរិកដែលត្រូវដកចេញពីប្រទេសអាហ្វកានីស្ថាន ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ ក្រុមមេដឹកនាំយោធាសហរដ្ឋអាមេរិកព្រមានថា ការកាត់បន្ថយមិនត្រូវធ្វើឱ្យមានគ្រោះថ្នាក់ដល់ភាពជឿនលឿនទៅមុខ ដែលបានកសាងឡើងដើម្បីធានាសន្តិសុខដល់ប្រទេសនេះ កាលពីឆ្នាំកន្លងទៅ។
លោកឧត្តមសេនីយ៍ ដេវីត ភេធ្រើស (David Petraeus) មេបញ្ជាការកំពូលរបស់ក្រុមចម្រុះនៅអាហ្វកានីស្ថាន គ្រោងនឹងដាក់ជូន ទៅសេតវិមានក្នុងពេលឆាប់ៗនេះ នូវជម្រើសនៃការដកកងទ័ពចេញ។
កាលពីខែធ្នូ ឆ្នាំ២០០៩ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកចេញពីអាហ្វកានីស្ថាននៅខែកក្កដា ក្នុងឆ្នាំនេះ។ លោកក៏ធ្លាប់បានផ្តល់សិទ្ធិអំណាចក្នុងការដាក់ពង្រាយកងទ័ពចំនួន៣០.០០០នាក់បន្ថែម ដើម្បីប្រយុទ្ធនឹងការងើបបះបោរ ដោយបានធ្វើឲ្យចំនួនទាហានអាមេរិកសរុបនៅអាហ្វកានីស្ថានឡើងដល់១០០.០០០នាក់។
ក្រុមមន្ត្រីយោធា ថ្លែងថាកំណើននេះបាននាំឲ្យមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសន្តិសុខ នៅអតីតតំបន់រឹងមាំរបស់ពួកតាលីបាន។ ប៉ុន្តែក្រុមមន្ត្រីបញ្ចកោណ និយាយថា សមិទ្ធិផលទាំងនេះនៅមានភាពផុយស្រួយនិងអាចវិលទៅស្ថានភាពដើមវិញ។ ពួកគេព្រមានថា ការដកកងទ័ពណាមួយគួរធ្វើបន្តិចម្តងៗ និងផ្អែកលើស្ថានភាពសន្តិសុខនៅនឹងកន្លែងតែម្តង។
ឧត្តមសេនីយ៍ឯក ដេវីត រូឌ្រីហ្គេស (David Rodriguez) ជាមេបញ្ជាការងនៃកងកម្លាំងសហរដ្ឋអាមេរិកនៅអាហ្វកានីស្ថាន។
«ខ្ញុំព្រួយបារម្ភអំពីការដកកងទ័ពដែលមិនទាន់សមស្របជាមួយនឹងសមត្ថភាពរបស់អាហ្វកានីស្ថានដែលកំពុងមាន ឬការដកចេញលឿនពេកដែលអាចធ្វើឲ្យក្រុមកងទ័ពនិងប៉ូលីស ប្រព្រឹត្តកំហុស ឬនាំឱ្យមានគម្លាតជាបណ្តោះអាសន្ន។ ឥឡូវនេះ ប្រសិនបើរឿងនេះកើតឡើង ពួកតាលីបានអាចស្តារឡើងវិញនូវមូលដ្ឋានចាស់របស់ខ្លួនក្នុងចំណោមប្រជាពលរដ្ឋដែលនៅមានការភ័យខ្លាច»។
លោកឧត្តមសេនីយ៍ រ៉ូឌ្រីហ្គេស មានប្រសាសន៍ថា កងកម្លាំងសន្តិសុខអាហ្វកានីស្ថានជាង២៨៤.០០០នាក់ ត្រូវបានហ្វឹកហ្វឺននៅទូទាំងប្រទេស ដែលជាការកើនឡើងចំនួន៥០ភាគរយចាប់តាំងពីឆ្នាំ២០០៩។
ការហ្វឹកហ្វឺនកងកម្លាំងអាហ្វកានីស្ថានមានសារៈសំខាន់សម្រាប់សម័យអន្តរកាល ដោយការគ្រប់គ្រងផ្នែកសន្តិសុខនៅតាមបណ្តាទីក្រុងនិងខេត្តចំនួន៧របស់អាហ្វកានីស្ថាន នឹងត្រូវផ្ទេរពីកងកម្លាំងបរទេសទៅឲ្យកងកម្លាំងតាមមូលដ្ឋាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។
«យើងត្រូវតែជំរុញដៃគូអាហ្វកានីស្ថានរបស់យើងឲ្យចាប់ផ្តើមដឹកនាំកាន់តែច្រើនឡើងៗ។ ក្នុងន័យនេះ យើងត្រូវតែហ៊ានប្រថុយ ហើយមានទំនុកចិត្តទៅលើពួកគេកាន់តែខ្លាំង»។
ខណៈពេលដែលកងកម្លាំងអន្តរជាតិខិតខំកសាងកម្លាំងអាហ្វកានីស្ថាន អំពើហិង្សាមិនបានថយចុះនោះទេ។ ពួកតាលីបាន បានបើកយុទ្ធនាការវាយប្រហារ និងបំភិតបំភ័យ ដែលលោកឧត្តសេនីយ៍ រ៉ូឌ្រីហ្គេស ថ្លែងថា ទង្វើនោះធ្វើឡើងសំដៅបំផ្លាញការជឿទុកចិត្តរបស់ពលរដ្ឋអាហ្វកានីស្ថានទៅលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការការពារប្រជាពលរដ្ឋ។
សហរដ្ឋអាមេរិក និងអង្គការអូតង់បានឲ្យដឹងថា ពួកគេសង្ឃឹមថានឹងឲ្យកងទ័ពប្រយុទ្ធទាំងអស់របស់អន្តរជាតិចេញពីអាហ្វកានីស្ថាន នៅត្រឹមដំណាច់ឆ្នាំ២០១៤ ដោយកងកម្លាំងអាហ្វកានីស្ថានមានលទ្ធភាពគ្រប់គ្រងសន្តិសុខនៅទូទាំងប្រទេស។
ប៉ុន្តែក្រុមអ្នកវិភាគថ្លែងថា ក្រុមសម្ព័ន្ធមិត្ត មិនទាន់ច្បាស់អំពីគោលដៅក្នុងតំបន់ក្រោយឆ្នាំ២០១៤ ដែលពួកគេនិយាយថាមានការជាប់ពាក់ព័ន្ធជាមួយប្រទេសជិតខាងរបស់អាហ្វកានីស្ថាន ជាពិសេសគឺប្រទេសប៉ាគីស្ថាន។
លោកដេវីត បាណូ (David Barno) ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ ដែលធ្លាប់បម្រើការនៅអាហ្វកានីស្ថាន ហើយបច្ចុប្បន្នជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security)។
លោកថ្លែងថា កងកម្លាំងចំនួនពី២៥.០០០នាក់ដល់៣៥.០០០នាក់គួររក្សាទុកនៅអាហ្វកានីស្ថានក្រោយឆ្នាំ២០១៤ ដើម្បីប្រយុទ្ធនឹងក្រុមអាល់កៃដា ហើយក៏ប្រហែលជាអាចប្រយុទ្ធនឹងពួកតាលីបានដែលនៅសេសសល់។
«សហរដ្ឋអាមេរិកត្រូវការវត្តមានយោធាយូរអង្វែងក្នុងទ្រង់ទ្រាយតូចនៅក្នុងផ្នែកនេះរបស់ពិភពលោក។ ការណ៍នោះបញ្ជូនសារច្បាស់លាស់ថា យើងនឹងនៅតែប្តេជ្ញាចិត្តជានិច្ច»។
ការពិចារណាមួយទៀតសម្រាប់សេតវិមាននោះគឺការចំណាយទៅលើសង្រ្គាមនៅអាហ្វកានីស្ថាន ដែលបច្ចុប្បន្ននេះ មានទឹកប្រាក់ចំនួនជាង១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
បើពិនិត្យមើលពីស្ថានភាពដ៏លំបាកផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការសម្លាប់មេដឹកនាំអាល់កៃដា ឈ្មោះ អូសាម៉ា ប៊ិនឡាដិន សមាជិកសភាមួយចំនួនកំពុងអំពាវនាវឲ្យដកកងទ័ពចេញពីប្រទេសអាហ្វកានីស្ថានឲ្យបានលឿន៕
ប្រែសម្រួលដោយ លី សុខឃាង