ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​សហរដ្ឋ​អាមេរិក​នឹង​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក លោក Lloyd Austin ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្រសួង​ការពារ​ប្រទេស​ក្នុង​ក្រុង Arlington រដ្ឋ Virginia ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក លោក Lloyd Austin ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្រសួង​ការពារ​ប្រទេស​ក្នុង​ក្រុង Arlington រដ្ឋ Virginia ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

យោធា​ស.រ.អា.​នឹង​ចាប់​ផ្តើម​តម្រូវ​ឱ្យ​បុគ្គលិក​យោធា​ចាក់​វ៉ាក់សាំង​កូវីដ១៩​ នៅ​ត្រឹម​ពាក់​កណ្តាល​ខែ​កញ្ញា។

នៅ​ក្នុង​អនុស្សរណៈ​ទៅ​បុគ្គលិក​យោធា ​រដ្ឋមន្រ្តី​ការពារជាតិ​ស.រ.អា.​ លោក ​Lloyd Austin​ បាន​និយាយ​ថា ​លោក​នឹង​សុំ​ការ​យល់​ព្រម​ពី​លោក​ប្រធានាធិបតី ​Joe Biden ​អំពី​តម្រូវ​ការ​ចាក់​វ៉ាក់សាំងនេះ​មិន​ហួស​ពាក់​កណ្តាល​ខែ​កញ្ញា​ ឬ​ភ្លាមៗ ​នៅពេល​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ (FDA)​ ផ្តល់​ការ​យល់​ព្រម​ចុង​ក្រោយ​ដល់​វ៉ាក់សាំង​ Pfizer។ ​

អនុស្សរណៈ​នេះ​ជំរុញ​ឱ្យ​កងទ័ព​ត្រៀម​ខ្លួន​សម្រាប់​តម្រូវការចាក់​វ៉ាក់សាំង ​ហើយ​លោក​Austin ​បន្ថែម​ថា​ ​បើ​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង ​«ខ្ញុំនឹង​មិន​ស្ទាក់​ស្ទើរ​ចាត់​វិធានការ​លឿន​ជាង​នេះ ​ឬ​ស្នើ​សុំ​ចំណាត់​ការ​ថ្មី​ទៅ​លោក​ប្រធានាធិបតី បើ​ខ្ញុំ​គិត​ថា ​ត្រូវការ​ធ្វើ​ដូច្នេះ»។​

លោក​ Biden ​បាន​និយាយក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សារ​របស់​លោក​ Austin ​ដោយ​បន្ថែម​ថា​ «ការ​ចាក់​វ៉ាក់សាំង​នឹង​ជួយ​ឱ្យ​បុគ្គលិក​យោធា​របស់​យើង​មាន​សុខភាព​ល្អ ការពារ​គ្រួសារពួកគេ​បាន​ប្រសើរ​ឡើង​ និង​ធានា​ថា កម្លាំង​របស់​យើង​ត្រៀម​ខ្លួន​រួចជា​ស្រេច​ដើម្បី​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក»។​

ការ​ប្រកាស​នេះ​កើត​ឡើង​មួយ​សប្តាហ៍​កន្លះ​បន្ទាប់ពី​លោក ​Biden​ បាន​កំណត់​ច្បាប់​ថ្មី​ដែល​តម្រូវ​ឱ្យ​បុគ្គលិក​សហព័ន្ធ​ផ្តល់​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង បើមិន​ដូច្នេះ​ទេត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​តេស្ត​ជា​ប្រចាំ។ ​នៅ​ពេល​នោះ ​លោកក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​បញ្ចកោណ​ពិចារណា​ការ​តម្រូវ​ឱ្យ​បុគ្គលិក​យោធា​ចាក់​វ៉ាក់សាំង​ផង​ដែរ។​

រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ ​(FDA) ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ផ្តល់​ការ​យល់ព្រម​ពេញលេញ​សម្រាប់​វ៉ាក់សាំង​ Pfizer​ នៅ​ខែ​ក្រោយ។ បើគ្មាន​ការ​យល់ព្រម​ទេ​ នោះ​មន្ទីរ​បញ្ចកោណ​នឹង​ត្រូវ​សុំ​ការ​លើកលែង​ពី​លោក​ប្រធានាធិបតី​អំពី​តម្រូវការ​ចាក់​វ៉ាក់សាំង​នេះ។​

យោធា​ស.រ.អា.ឱ្យ​ដឹង​ថា​ ប្រហែល​ពាក់​កណ្តាល​នៃ​កងកម្លាំងអាមេរិក​បាន​ចាក់​ថ្នាំ​បង្ការ​ពេញលេញ។ ​បុគ្គលិក​យោធា​អាច​សុំ​ការ​លើក​លែង​មិន​ចាក់​វ៉ាក់សាំង ​បើមាន​ហេតុផល​សុខភាព​ ឬ​សាសនា៕

(លោក​ Jeff Seldin រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ដែល​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង Reuters)

XS
SM
MD
LG