នៅថ្ងៃចន្ទនៃសប្តាហ៍ចុងក្រោយនៃខែឧសភាជារៀងរាល់ឆ្នាំ គឺជាទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនដែលត្រូវបានគេធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីផ្តល់ជាកិត្តិយសដល់យុទ្ធជន យុទ្ធនារី ដែលបានទទួលមរណភាពនៅក្នុងបុព្វហេតុនៃការបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិក។
នៅឆ្នាំនេះ ទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន (Memorial Day) ដែលជាថ្ងៃឈប់សម្រាករបស់រដ្ឋាភិបាលសហព័ន្ធ ត្រូវចំថ្ងៃចន្ទ ទី៣០ ខែឧសភា។
ទីផ្សារហិរញ្ញវត្ថុនានាត្រូវបានបិទហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចូលរួមនៅក្នុងពិធីមួយដែលនឹងប្រព្រឹត្តធ្វើទៅនៅកន្លែងបញ្ចុះសពយុទ្ធជនអាមេរិកនៅក្នុងទីក្រុង Arlington រដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោន។
ពិធីដង្ហែក្បួនព្យុះហយាត្រានៅលើដងមហាវិថី Constitution ក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងត្រូវធ្វើឡើងជាថ្មីម្តងទៀត បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ជនជាតិអាមេរិកជាច្រើន បានកត់សម្គាល់នូវថ្ងៃនេះ ដោយទៅទស្សនកិច្ចនៅវិមានរំឭកគុណអ្នកស្លាប់នៅក្នុងសង្គ្រាម ឬទៅទស្សកិច្ចនៅកន្លែងកប់សព និងដាក់កម្រងផ្កាលើផ្នូរសពផងដែរ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមអ្នកជិះមូតូធំៗជាទូទៅបាននាំគ្នាជិះម៉ូតូដង្ហែជាក្បួនដើម្បីរំឭកដល់ទិវាបុណ្យនេះ។
ទន្ទឹមនឹងនេះផងដែរ ក៏មានការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរកម្សាន្តផងដែរនៅទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន (Memorial Day) នេះ ដោយសារតែវាត្រូវបានគេចាត់ទុកថា ជាថ្ងៃនៃការចាប់ផ្តើមនៃរដូវក្តៅនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕