ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ទិវា​អតីត​យុទ្ធជន


ទង់ជាតិ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដោត​នៅ​ខាង​មុខ​ផ្នូរ​សព​របស់​យុទ្ធជន​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​ នៅ​មុន​ទិវា​អតីត​យុទ្ធជន នៅទីបញ្ចុះសព Crown Hill National Cemetery ក្នុងទី​ក្រុង Indianapolis ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។
ទង់ជាតិ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដោត​នៅ​ខាង​មុខ​ផ្នូរ​សព​របស់​យុទ្ធជន​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​ នៅ​មុន​ទិវា​អតីត​យុទ្ធជន នៅទីបញ្ចុះសព Crown Hill National Cemetery ក្នុងទី​ក្រុង Indianapolis ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​និង​អនុ​ប្រធានាធិបតី​លោកស្រី​ Kamala Harris​ និង​មន្រ្តី​យោធា​ជាន់ខ្ពស់​នឹង​ចូល​រួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ថ្ងៃច័ន្ទនេះ​នៅ​ឯ​ទី​បញ្ចុះសព​នៅ​ក្រុង​ Arlington​ ខណៈ​ដែល​ប្រទេស​នេះ​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដើម្បី​ឧទ្ទិស​ដល់​ពលីជន​ក្នុង​សង្គ្រាម។​

លោក Biden ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ​លោក Lloyd Austin និង​នាយ​អគ្គ​សេនាធិការ​ចម្រុះ​លោក​ឧត្តម​សេនីយ៍ Mark Milley នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​រំឭក​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីបញ្ចុះសពស្ថិតនៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ​Biden ​បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា​ «យើង​ត្រូវតែ​ចងចាំ​តម្លៃ​ដែល​បាន​លះបង់​ដើម្បី​សេរីភាព​របស់​យើង។ ​យើង​ត្រូវតែ​ចងចាំ​គុណ​បំណាច់ដែល​យើង​ជំពាក់​អ្នក​ដែល​បាន​ពលី​ចោល​គ្រួសារ​ពួក​គេ។​ ខ្ញុំ​មាន​ការ​ឈឺចាប់​ណាស់​ចំពោះ​ការ​បាត់បង់នេះ»។​

លោក Biden បាន​ថ្លែង​ដូច្នេះ​ក្នុង​សុន្ទរកថា​ទៅ​កាន់​អតីត​យុទ្ធជន ​និង​គ្រួសារ​អតីត​យុទ្ធជន។

សុន្ទរកថា​របស់​លោក​ Biden ​ធ្វើឡើង​នៅ​ខួប​លើក​ទី​៦​នៃ​ការ​ស្លាប់​របស់​កូន​ប្រុស​របស់​លោក​ឈ្មោះ​ Beau ​ដែល​បាន​ធ្វើ​ជា​វរសេនីត្រី​នៃ​កងទ័ព​ឆ្មាំ​ជាតិ​នៃ​រដ្ឋ​ Delaware និង​ដែល​បាន​បំពេញ​បេសកកម្ម​នៅ​អ៊ីរ៉ាក់​ មុន​ពេល​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ។​

លោក Biden និយាយថា៖ «ខ្ញុំដឹងថា ការបាត់​បង់​នេះ​វាឈឺចាប់​យ៉ាងណា។ ខ្ញុំដឹងថា ​វា​ធ្វើឲ្យ​នេះដូង​អ្នកធ្លុះធ្លាយ។ ខ្ញុំមាន​អារម្មណ៍ថា ​វា​ធ្វើ​ឲ្យ​អ្នកជាប់​ក្នុង​ទុក្ខសោក​នេះ មិន​អាច​ចេញវិញ​បាន​ទេ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ? ​ទោះជាយើង​ឈឺចាប់​យ៉ាងណា ខ្ញុំ​ដឹង​អំពី​អារម្មណ៍​មោទនភាព​របស់​អ្នក​ចំពោះ​អ្នកជាទីស្រឡាញ់​របស់​អ្នក ដែល​អ្នក​បាត់បង់ និង​អ្នក​ដែលកំពុង​បម្រើ​ប្រទេស​របស់​យើង គឺ​មោទនភាព​និង​សេចក្តី​ក្លាហាន​ក្នុង​ការ​បម្រើ​ជនជាតិ​ដ៏​អស្ចារ្យ​របស់​យើង»។

សហរដ្ឋ​អាមេរិក​ប្រារព្ធ​ពិធី​រំឭក​ទិវា​អតីត​យុទ្ធជន​នៅ​ចុង​ខែ​ឧសភា​ចាប់​តាំង​ពី​ឆ្នាំ​១៨៦៨​មក បន្ទាប់ពី​សង្គ្រាម​ស៊ីវិល។ ឥឡូវ​នេះ ថ្ងៃបុណ្យជាតិ​នេះ​ធ្វើ​ឡើងនៅថ្ងៃច័ន្ទ​ចុង​ក្រោយ​នៃខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ៕

XS
SM
MD
LG