សមាជិកសភាសហរដ្ឋអាមេរិក បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក រៀបចំយុទ្ធសាស្ត្រមួយ ដើម្បីបង្កើត «រង្វង់ភ្លើង»(Rings of Fire) នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ចិន ដោយធ្វើការងារនេះជាមួយក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។
សមាជិករដ្ឋសភាអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Mike Gallagher នៃរដ្ឋ Wisconsin និងសមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Joni Ernst នៃរដ្ឋ Iowa បានស្នើច្បាប់ស្តីពី «រង្វង់ភ្លើង» ឆ្នាំ២០២៣ ឬ Rings of Fire Act 2023 កាលពីសុក្រកន្លងទៅ។
ច្បាប់នេះក៏រួមដាក់បញ្ចូលផងដែរនូវទីតាំងសំខាន់ៗមួយចំនួន ដែលអាចដាក់ប្រព័ន្ធមីស៊ីលអាមេរិកនៅក្នុងតំបន់ ការចាត់តាំងមេបញ្ជាការមួយរូប ដើម្បីមើលការខុសត្រូវលើកិច្ចប្រឹងប្រែងនេះ ក៏ដូចជាបញ្ជីឈ្មោះប្រទេសសម្ព័ន្ធមិត្ត ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើការជាមួយដើម្បីបង្កើតយុទ្ធសាស្ត្រមួយនេះឡើង។ នេះបើតាមការឱ្យដឹងរបស់ការិយាល័យរបស់លោក Gallagher។
ជាលក្ខណៈភូមិសាស្ត្រ «រង្វង់ភ្លើង»នេះ គឺសំដៅទៅលើតំបន់ ដែលមានប្រវែង៤ម៉ឺនគីឡូម៉ែត្រ ដែលមានរាងដូចក្រចកជើងសេះ នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលអាចទទួលរងគ្រោះថ្នាក់ដោយការរញ្ជួយដីនិងបន្ទុះភ្នំភ្លើង។
អ្នកតាក់តែងច្បាប់នេះ ក៏បានសរសេរអត្ថបទវិភាគ នៅក្នុងសារព័ត៌មាន Fox News ថា ប្រទេសជប៉ុន និងហ្វីលីពីន អាចទទួលដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី ហើយប្រព័ន្ធកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ អាចត្រូវដាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី ប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក និងរដ្ឋ Alaska សហរដ្ឋអាមេរិក។
អត្ថបទវិភាគនេះ ក៏បានលើកបញ្ជាក់ផងដែរថា យោងទៅលើរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកនោះ ប្រទេសចិន បានអភិវឌ្ឍ គ្រាប់មីស៊ីល cruise និងបាល្លីស្ទិកដែលបាញ់ចេញពីដីប្រមាណជាង១.២៥០គ្រាប់ ដែលអាចបាញ់ក្នុងចម្ងាយពីរវាង៥០០ទៅ៥.៥០០គីឡូម៉ែត្រ ដែលអាចបាញ់ដាក់គោលដៅអាមេរិកនានា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕