វិមានកាពីតូល៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅថ្ងៃទី៤អំពីសេចក្តីព្រៀងច្បាប់ដែលនឹងកាត់បន្ថយការចំណាយជាង៦០ពាន់លានដុល្លារបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសាពើពន្ធនេះ ។ មានការប្រយុទ្ធគ្នាដ៏ស្វិតស្វាញរវាងគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋនិយមអំពីអាទិភាពនៃការចំណាយផ្សេងៗរបស់ប្រទេស។
ក្រុមសភាតំណាងរាស្រ្តបានចំណាយពេលវេលាភាគច្រើននៃរយៈពេល៣ថ្ងៃ៣យប់កន្លងមកនេះដើម្បីជជែកដេញដោលនិងបោះឆ្នោតលើវិសោធនកម្មចំនួន៥៨៣ដល់សេចក្តីព្រៀងច្បាប់មួយដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ សមាជិកសភាតំណាងរាស្រ្តខ្លះ បានចាប់ផ្តើមបង្ហាញនូវភាពតានតឹងក្នុងចិត្តនិងការនឿយហត់ ក៏ប៉ុន្តែសមាជិកសភាតំណាងរាស្រ្តខ្លះ ដូចជាលោក Mike Pence សភាតំណាងរាស្រ្តខាងគណៈបក្សសាធារណៈរដ្ឋនិយមមកពីរដ្ឋIndianaមានចិត្តរំជើបរំជួលចង់បន្ថយយ៉ាងខ្លាំងថែមទៀតដល់ការចំណាយរបស់រដ្ឋាភិបាល។
« យើងបាននិយាយទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងថាយើង នឹងកាត់បន្ថយការចំណាយយ៉ាងហោចណាស់ក៏១រយពាន់លានដុល្លាដែរ យើងបានកាត់បន្ថែមប្រាក់រាប់រយលានដុល្លាទៀត យើងកាត់បន្ថយច្រើនថែមទៀត យើងកាត់បន្ថយ២២ពាន់លានដុល្លាទៀត យើងសន្យាតិចតែយើងត្រូវធ្វើបានច្រើនហើយយើង ធ្វើឲ្យប្រទេសជាតិរបស់យើងត្រឡប់ទៅកាន់ផ្លូវមួយឆ្ពោះទៅកាន់ការទទួលខុសត្រូវសារពើពន្ធនិងការធ្វើកំណែទម្រង់មួយ»។
ពួកគណៈបក្សសាធារណៈរដ្ឋនិយមបានឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទូទាំងប្រទេសកាលពីខែវិច្ឆិការឆ្នាំទៅ ដោយបានទទួលការត្រួតត្រាសភាតំណាងរាស្រ្តភាគច្រើន ហើយនឹងទទួលបានអាសនៈបន្ថែមទៀតនៅក្នុងព្រឹទ្ធសភាដែលនៅក្រោមការត្រួតត្រាដោយគណៈបក្សប្រជាធិបតេយ្យនៅឡើយ។ បេក្ខជនជាច្រើនខាងគណៈបក្សសាធារណៈរដ្ឋនិយមបានសន្យានឹងកាត់បន្ថយយ៉ាងខ្លាំងដល់ការចំណាយក្នុងប្រទេស។
ក្នុងអម្លុងពេលនៃការជជែកដេញដោលរយៈពេលយូរនៅសប្តាហ៍នេះ ពួកគណៈបក្សប្រជាធិបតេយ្យបានប្រយុទ្ធដើម្បីកាត់បន្ថយកម្មវិធីសង្គម ថវិកាថែទាំសុខភាពនិងការផ្តល់ថវិការសម្រាប់ទីភ្នាក់ងារការពារបរិដ្ឋានហើយនឹងទីភ្នាក់ងារអនុវត្តន៍បទបញ្ជាផ្សេងៗទៀត។ លោក Keith Ellison តំណាងរាស្រ្តខាងគណៈបក្សប្រជាធិបតេយ្យនៃរដ្ឋ Minnesota និយាយថាប្រជាពលរដ្ឋអាមេរិកាំងជាច្រើនប្រហែលកំពុងឆ្ងល់ថាតើការជជែកដេញដោលនោះបានធ្វើអំពីអ្វី។
«លោកប្រធាន អ្វីដែលយើងកំពុងវែកញែកគឺមាគ៌ាណាដែលសហរដ្ឋអាមេរិកត្រូវដើរ ?។តើយើងនឹងកាត់បន្ថយកម្មវិធីដ៏សំខាន់ដែលជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋអាមេរិកាំងកាន់តែប្រសើរឡើងហើយនឹងធ្វើឲ្យពួកគេក្លាយជាអ្នកមានវណ្ណៈថ្នាក់កណ្តាលឬ ?។តើយើងនឹងកាត់បន្ថយបទបញ្ញត្តិដ៍សំខាន់ដែលជួយការពារយើង ធ្វើឲ្យយើងមានខ្យល់ស្អាតនិងទឹកស្អាត ហើយនឹងសិទ្ធិដ៍សំខាន់ផ្សេងៗទៀតឬ ?។ លោកប្រធាន តើយើងនឹងមានប្រទេសអាមេរិកដែលយើងមានសិទ្ធិខាងការងារ ដែលយើងអាចរៀបចំចាត់ចែងបទបញ្ញតិដ៍ត្រឹមត្រូវមួយដែលផ្តល់ឲ្យយើងនូវឱកាសទៅតាមស្តង់ដារដ៍ត្រឹមត្រូវនៅក្នុងប្រទេសអាមេរិក»។
លោកស្រី Anna Palmer នៃទស្សនាវដ្តី Congressional Quarterly និយាយថាសភាមានការលំបាកដើម្បីធ្វើការកាត់បន្ថយថវិកា ពីព្រោះសភាធ្លាប់តែចាយវាយច្រើន។
«ជាលើកទីមួយក្នុងរយៈពេលយ៉ាងយូរ ដែលសភាតំណាងរាស្រ្តកំពុងពិនិត្យការកាត់បន្ថយមូលនិធិជាជាងការបន្ថែមការចំណាយ ខាងពីជំនួយបរទេស ការសិក្សាអប់រំ ហើយនឹងធ្វើឲ្យការកាត់បន្ថយការចំណាយយ៉ាងខ្លាំង»។
វិធានការណ៍ចំណាយបណ្តោះអាស័ន្ននៅពេលបច្ចុប្បន្ននេះ ដែលនឹងចូលជាធរមាន នឹងផុតកំណត់នៅថ្ងៃទី៤ ខែមិនា ។ សភាតំណាងរាស្រ្តនិងព្រឹទ្ធសភា ត្រូវតែអនុម័តលើសេចក្តីព្រៀងច្បាប់លើការចំណាយដើម្បីរារាំងការបិទរដ្ឋាភិបាលនៅថ្ងៃទី៥ ខែមិនា។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទនៅចុងឆ្នាំ១៩៩៤ បន្ទាប់ពីបានតទល់គ្នាជាមួយលោក Bill Clinton ប្រធានាធិបតីនិងសភាតំណាងរាស្រ្តដែលត្រួតត្រាដោយគណៈបក្សសាធារណៈរដ្ឋនិយម។ លោកស្រី Anna Palmer និយាយថាមេដឹកនាំខាងគណៈបក្សសាធារណៈរដ្ឋនិយម មានការប្រុងប្រយ័ត្ន ពីការបិទម្តងទៀត។
ក៏ប៉ុន្តែ អ្នកស្រី Palmer និងអ្នកវិភាគផ្សេងៗទៀតនិយាយថា ការជជែកដេញដោលយ៉ាងខ្លាំង លើអាទិភាពថវិកា ក៏ជាគ្រោះថ្នាក់មួយដែរដល់គណៈបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Barack Obama ។ ពួកមេដឹកនាំខាងគណៈបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាបាននិយាយថាពួកគេ នឹងមិនសុខចិត្តទទួលយកការកាត់បន្ថយយ៉ាងខ្លាំងបែបនេះដល់សេចក្តីព្រាងច្បាប់ចំណាយទេ ហើយលោកប្រធានាធិបតី Obama បានមានប្រសាសន៍ថា លោកនឹងបោះឆ្នោតវ៉េតូ ប្រឆាំងនឹងសេចក្តីព្រាងច្បាប់នោះនៅពេលវាមកដល់តុរបស់លោក។
ប្រែសម្រួលដោយជឹង ប៉ូជីន