ការកើនឡើងនូវការប្រើប្រាស់ឧបករណ៍ដ្រូនមិនពាក់ព័ន្ធនឹងយោធានៅក្នុងសហរដ្ឋអាមេរិក បង្កឲ្យមានការកើនឡើងនូវការគំរាមកំហែងផ្នែកសន្តិសុខជាតិ។ នេះបើយោងតាមការព្រមានរបស់មន្ត្រីសន្តិសុខ និងមន្ត្រីអាកាសចរណ៍ជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែមិថុនាកន្លងទៅនេះ ស្របពេលដែលពួកគេបានជំរុញសភាឲ្យអនុម័តច្បាប់ដែលនឹងអនុញ្ញាតឲ្យភ្នាក់ងារនានាអាចផ្ដោតទិសដៅទៅលើ និងបាញ់ទម្លាក់ឧបករណ៍ដ្រូនសង្ស័យណាមួយបាន។
ដោយសារតែការប្រើប្រាស់ឧបករណ៍ដ្រូនបែបកម្សាន្ត និងបែបអាជីវកម្មមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាពេលបច្ចុប្បន្ននេះ មានឧបករណ៍ដ្រូនដែលជាយន្តហោះគ្មានមនុស្សបើកនេះជាងមួយលានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក គេឃើញថា ឧក្រិដ្ឋជន និងភេរវជនបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីគោលបំណងអាក្រក់ៗនានា។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីដែលមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ក្រសួងសន្តិសុខមាតុភូមិ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដែលអ្នកទាំងនោះបានផ្ដល់សក្ខីកម្មនៅពីមុខគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាល។
លោកស្រី Angela H. Stubblefield មន្ត្រីទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានថ្លែងថា៖ «ទោះបីជាបច្ចេកវិទ្យាឧបករណ៍ដ្រូនផ្ដល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ច និងសង្គមក៏ដោយ ក៏យើងទទួលស្គាល់ផងដែរថា ការប្រើប្រាស់មិនត្រឹមត្រូវនៃបច្ចេកវិទ្យានេះអាចបង្កឲ្យមានបញ្ហាសន្តិសុខជាក់លាក់មួយចំនួនបាន»។
លោក Scott Brunner នាយករងជំនួយការនៃទីភ្នាក់ងារ FBI បាននិយាយថា ទីភ្នាក់ងារ FBI មាន «ការព្រួយបារម្ភថា ឧក្រិដ្ឋជន និងភេរវជននឹងកេងចំណេញលើប្រព័ន្ធយន្តហោះគ្មានមនុស្សបើកនេះនៅក្នុងវិធីមួយចំនួនដែលបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិកាំង»។
លោកបានបញ្ជាក់ថា៖ «ការគំរាមកំហែងនោះអាចកើតឡើងភ្លាមៗមួយរំពេច»។
ក្រុមភេរវកម្ម
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមជ្រុលនិយមរដ្ឋឥស្លាម និងក្រុមភេរវកម្មផ្សេងៗទៀតបានប្រើឧបករណ៍ដ្រូនបែបអាជីវកម្មដែលមានតម្លៃថោក ដើម្បីឈ្លបយកការណ៍ និងធ្វើការវាយប្រហារផ្សេងៗ។ មន្ត្រីរដ្ឋាភិបាលអាមេរិកបាននិយាយថា ក្រុមឧក្រិដ្ឋជនបានប្រើយន្តហោះគ្មានមនុស្សបើកនេះដើម្បីដឹកជញ្ជូនថ្នាំញៀននៅទូទាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក និងបានដឹកទំនិញខុសច្បាប់ចូលទៅពន្ធនាគារ។
ប៉ុន្តែ ទីភ្នាក់ងារអនុវត្តច្បាប់នានាខ្វះសិទ្ធិអំណាចតាមផ្លូវច្បាប់ដើម្បីវាយប្រហារលើឧបករណ៍ដ្រូនទាំងនោះ ទោះបីជាឧបករណ៍ទាំងនោះពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មក៏ដោយ។ ករណីនេះគឺដោយសារតែសម្រាប់គោលបំណងផ្សេងៗរបស់ច្បាប់សហព័ន្ធ ឧបករណ៍ដ្រូននាពេលបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថាជាយន្តហោះ។ ច្បាប់បច្ចុប្បន្នរបស់សហរដ្ឋអាមេរិកចាត់ទុកថាជាបទឧក្រិដ្ឋចំពោះសកម្មភាពណាដែលធ្វើឲ្យខូចខាត ឬក៏បំផ្លាញដល់យន្តហោះ ឬក៏ជ្រៀតជ្រែកជាមួយនឹងប្រតិបត្តិការរបស់យន្តហោះជាដើម។
នាពេលបច្ចុប្បន្ននេះ មន្ត្រីរដ្ឋាភិបាលអាមេរិកចង់ឲ្យសភាអនុម័តច្បាប់រារាំងការគំរាមកំហែងដែលកំពុងលេចឡើងឆ្នាំ ២០១៨ (Preventing Emerging Threats Act of 2018) ដែលជាសំណើច្បាប់មួយដែលបានស្នើឡើងដោយសេតវិមាន។ សំណើច្បាប់នេះនឹងអនុញ្ញាតឲ្យភ្នាក់ងាររបស់ទីភ្នាក់ងារ FBI និងភ្នាក់ងាររបស់ក្រសួងសន្តិសុខមាតុភូមិមានសិទ្ធិអាចបញ្ឈប់ប្រតិបត្តិការ ដកហូត និងអាចឈានដល់ការបំផ្លាញនូវឧបករណ៍ដ្រូនណាដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។
ក្រសួងការពារប្រទេស និងក្រសួងថាមពលសហរដ្ឋអាមេរិកមានសិទ្ធិរួចមកហើយនៅក្នុងការផ្ដោតសំដៅទៅលើឧបករណ៍ដ្រូនសង្ស័យណាដែលហោះលើអាគារយោធា ឬក៏អាគារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
ច្បាប់ដែលបានស្នើឡើងនេះអាចផ្ដល់សិទ្ធិដូចនេះដល់ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ ឲ្យមានសិទ្ធិផ្ដល់អំណាចដល់ប្រមុខដឹកនាំរបស់ក្រសួងទាំងនេះឲ្យកំណត់អាគារ និងការជួបជុំគ្នាទ្រង់ទ្រាយធំបន្ថែមទៀត សម្រាប់ប្រតិបត្តិការប្រឆាំងនឹងឧបករណ៍ដ្រូនទាំងនេះ។
អ្នកស្រី Hayley Chang អគ្គទីប្រឹក្សារងនៃក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា៖ «ករណីនោះនឹងធ្វើឡើងតាមរយៈការវាយតម្លៃផ្អែកលើហានិភ័យ»។
លោក David Glawe អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិទទួលបន្ទុកកិច្ចការស៊ើបការណ៍សម្ងាត់ និងការវិភាគ បានបញ្ជាក់ថា ច្បាប់នេះគឺមាន «សារៈសំខាន់ចំពោះសន្តិសុខមាតុភូមិ»។
សំណើច្បាប់នេះនឹងផ្ដល់សិទ្ធិដល់ភ្នាក់ងារអនុវត្តច្បាប់ឲ្យស្រាវជ្រាវ កំណត់មុខសញ្ញា ត្រួតពិនិត្យ និងតាមដានឧបករណ៍ដ្រូនរបស់សត្រូវ តាមរយៈការបញ្ជូនសារតាមរលកវិទ្យុ និងតាមរយៈមធ្យោបាយទាក់ទងផ្សេងៗទៀត «ដោយមិនចាំបាច់មានការយល់ព្រមជាមុន»។ សំណើច្បាប់នេះក៏អនុញ្ញាតផងដែរឲ្យមន្ត្រីទាំងនោះអាចបញ្ឈប់ប្រតិបត្តិការ ធ្វើឲ្យខូចខាត ឬក៏បំផ្លាញឧបករណ៍ដ្រូនណាដែលចាត់ទុកថាជាការគំរាមកំហែង។
លោក Scott Brunner នៃទីភ្នាក់ងារ FBI បាននិយាយថា ប្រសិនបើគ្មានការផ្ដល់សិទ្ធិបន្ថែមនោះទេ នោះទីភ្នាក់ងារ FBI «គ្មានលទ្ធភាពក្នុងការការពារសហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពពីការគំរាមកំហែងដែលកំពុងតែកើនឡើងនេះទេ»។
ច្បាប់ដែលបានស្នើឡើង
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Ron Johnson ដែលជាប្រធាន គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាល បាននិយាយថា លោកមានគម្រោងបញ្ចូលច្បាប់នេះទៅក្នុងវិសោធនកម្មច្បាប់ផ្ដល់ការអនុញ្ញាតចំពោះការការពារជាតិឆ្នាំ ២០១៩ (2019 National Defense Authorization Act) ដែលជាច្បាប់មួយដែលព្រឹទ្ធសភាមានគម្រោងជជែកដេញដោល។
អ្នកតស៊ូមតិផ្នែកសិទ្ធិពលរដ្ឋនានាបានលើកឡើងពីការព្រួយបារម្ភផ្នែករដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងច្បាប់នេះ ដោយពួកគេបាននិយាយថា ច្បាប់នេះផ្ដល់សិទ្ធិអំណាចទូលំទូលាយ និងតាមទំនើងចិត្តដល់អាជ្ញាធរពង្រឹងច្បាប់ឲ្យវាយប្រហារទៅលើអ្នកបញ្ជាឧបករណ៍ដ្រូនស្លូតត្រង់នានា។
សហជីពសេរីភាពជនស៊ីវិលអាមេរិកាំង ដែលហៅកាត់ថា ACLU ដែលជាអង្គការសេរីភាពជនស៊ីវិលដ៏ចំណាស់ជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក បានប្រឆាំងនឹងសំណើច្បាប់នេះ ដោយអះអាងថា ក្រសួងការពារប្រទេស និងក្រសួងថាមពលមានសិទ្ធិអំណាចរួចទៅហើយនៅក្នុងការផ្ដោតសំដៅលើឧបករណ៍ដ្រូនគំរាមកំហែងនានា។
ប៉ុន្តែ អ្នកស្រី Hayley Chang នៃក្រសួងសន្តិសុខមាតុភូមិ បានប្រាប់សមាជិកសភានានាថា សំណើច្បាប់នេះបានកំណត់កម្រិតខ្ពស់មួយសម្រាប់ការអនុវត្តប្រតិបត្តិការប្រឆាំងនឹងឧបករណ៍ដ្រូន ដោយអ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «វាគឺចាំបាច់ណាស់ដើម្បីកាត់បន្ថយការគំរាមកំហែង»។
អ្នកស្រីបានបញ្ជាក់ថា៖ «ការសម្រេចចំពោះទីតាំងដែលត្រូវដំឡើងបច្ចេកវិទ្យាទាំងនេះ គឺនឹងត្រូវធ្វើឡើងដោយមន្ត្រីនៅថ្នាក់ខ្ពស់បំផុត» ដោយលោកស្រីបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ ឬក៏រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺជាអ្នកដែលនឹងធ្វើសេចក្ដីសម្រេចនេះ ដោយមានការប្រឹក្សាយោបល់ជាមួយនឹងទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ។
ក្រុមអាជីវកម្មនៃសមាគមឧស្សាហកម្មហោះហើរដែនអាកាសបានបញ្ជាក់ថា ពួកគេកំពុងពិនិត្យមើលសំណើច្បាប់នេះជាមួយនឹងសមាជិករបស់ពួកគេ ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រកាន់ជំហរណាមួយនៅឡើយទេ។
ទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបានចុះបញ្ជីឧបករណ៍ដ្រូនជាង ១ លានគ្រឿង ដែលក្នុងនោះ ឧបករណ៍ដ្រូនចំនួន ១ សែន ២ ម៉ឺន ២ ពាន់គ្រឿង គឺជាឧបករណ៍ដ្រូនបែបអាជីវកម្ម និងរបស់សាធារណជនទូទៅ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ចំនួនឧបករណ៍ដ្រូនទាំងនេះអាចកើនឡើងរហូតដល់ ៤ លានគ្រឿងនៅត្រឹមឆ្នាំ ២០២១៕
ប្រែសម្រួលដោយ ភី សុភាដា