ជំនួបនៅការិយាល័យ Oval ការទទួលទានអាហារថ្ងៃត្រង់នៅសេតវិមាន និងការលេងកូនហ្គោលនៅរដ្ឋ Florida មានគោលបំណងបញ្ជាក់ឡើងវិញប្រាប់មេដឹកនាំជប៉ុនថា រដ្ឋបាលរបស់លោកត្រាំឈរជាមួយសម្ព័ន្ធមិត្តដោយការប្រគៀកស្មាគ្នា១០០ភាគរយ នេះតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ទៅដល់រដ្ឋធានីវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃព្រហស្បតិ៍មួយថ្ងៃមុនលោកក្លាយជាមេដឹកនាំបរទេសទី២ដែលបានជួបជាផ្លូវការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
កាលពីពេលមុន លោកនាយករដ្ឋមន្រ្តី Abe ស្វះស្វែងធ្វើឲ្យមានទំនាក់ទំនងល្អជាមួយនឹងលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ហើយបានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉កដើម្បីជួបជាមួយលោកត្រាំកាលពីខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីជ័យជម្នះនៅក្នុងការបោះឆ្នោតដ៏ភ្ញាក់ផ្អើលរបស់ពាណិជ្ជកររូបនេះ។
យោងតាមពួកមន្រ្តីយោធាសហរដ្ឋអាមេរិក មកពីភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំងក្នុងចំណងទាក់ទងខាងយោធា និងពាណិជ្ជកម្ម ជប៉ុនមិនមានជម្រើសទេ ក៏ប៉ុន្តែត្រូវស្វែងរកការទាក់ទងគ្នាដ៏ល្អជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ជប៉ុនមានការមិនស្ងប់ចិត្តពីសុន្ទរកថារបស់លោកត្រាំកាលពីពេលមុន ហើយនិងផលប៉ះពាល់ទៅលើតំបន់អាស៊ីខាងកើត។
ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត លោកដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកបង់ប្រាក់ចំណែករបស់ខ្លួនកាន់តែច្រើនឡើងសម្រាប់ឲ្យអាមេរិកបោះទីតាំងនៅទីនោះ៕