ការជម្លៀសជនជាតិបរទេសជាលើកដំបូងចេញពីប្រទេសចិនបានកើតឡើងនៅថ្ងៃពុធនេះ ខណៈចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាបានកើនឡើងដល់មនុស្សចំនួន១៣២នាក់ ហើយប្រទេសជាច្រើនកំពុងដាក់បំរាមលើការធ្វើដំណើរទៅកាន់ប្រទេសចិន។
យន្តហោះមួយគ្រឿងបានដឹកជនជាតិជប៉ុនចំនួន២០៦នាក់ពីទីក្រុងវូហានដែលជាប្រភពមេរោគទៅកាន់អាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូនៅថ្ងៃពុធនេះ។ អ្នកដំណើរ ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការត្អូញត្អែរថា មានអាការៈឈឺ។
មានបុគ្គលិកពេទ្យបាននៅលើយន្តហោះនោះដើម្បីត្រួតពិនិត្យអ្នកដំណើរមុនពេលឡើងយន្តហោះនិងនៅពេលយន្តហោះចុះចត។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បាននិយាយថាយន្ដហោះមួយគ្រឿងទៀតបានដឹកជនជាតិអាមេរិក តែមិនដឹងចំនួនប៉ុន្មាននាក់ចេញពីទីក្រុង Wuhan ទៅកាន់ទីក្រុង Anchorage រដ្ឋ Alaska ជាកន្លែងដែលពួកគេនឹងត្រូវពិនិត្យរកមេរោគនេះឡើងវិញ។
ប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ បារាំង រុស្ស៊ី និងប្រទេសផ្សេងទៀតក៏បានប្រកាសផែនការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងវូហាននៅសប្តាហ៍នេះដែរ។
បន្ថែមពីលើចំនួនអ្នកស្លាប់កើនឡើង អាជ្ញាធរចិននិយាយថា ចំនួនករណីអ្នកជំងឺបានកើនឡើងដល់ជាង៥ពាន់៩រយនាក់គឺលើសចំនួនអ្នកជំងឺក្នុងអំឡុងពេលមានវិបត្តិជំងឺ SARS ដែលបានសម្លាប់មនុស្ស៨០០នាក់នៅទូទាំងពិភពលោករវាងឆ្នាំ២០០២-២០០៣៕