មន្ទីរបញ្ចកោណ សរអ៖ នៅឯការប្រារព្ធពិធីជាផ្លូវការមួយ នាថ្ងៃអង្គារនេះ នៅក្នុងទីក្រុងបាកដាដ (Baghdad) សហរដ្ឋអាមេរិកបានបញ្ចប់បេសកកម្មប្រយុទ្ធរយៈពេល៧ឆ្នាំកន្លះរបស់ខ្លួន ហើយបំពេញបន្ថែមនូវរយៈពេលអន្តរកាលឆ្ពោះទៅកាន់តួនាទីផ្តល់ប្រឹក្សាយោបល់ និងហ្វឹកហ្វឺន ដើម្បីគាំទ្រកងកម្លាំងអ៊ីរ៉ាក់។ កិច្ចប្រឹងប្រែងនោះនឹងត្រូវបន្តរហូតដល់ដំណាច់ឆ្នាំក្រោយ ប៉ុន្តែមានសំណួរដ៏សំខាន់ចោទឡើងថាតើអ្វីនឹងអាចកើតឡើងបន្ទាប់ពីនោះទៀត។
អង្គភាពប្រយុទ្ធអាមេរិកបានចាកចេញពីប្រទេសអ៊ីរ៉ាក់ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិកមានចំនួនតិចជាង៥ម៉ឺននាក់ ដូចដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចេញបញ្ជា។ កងទ័ពដែលនៅសេសសល់គឺជាអ្វីដែលក្រុមយោធាបានពិពណ៌នាថាជាកងពលតូចសម្រាប់ផ្តល់ប្រឹក្សាយោបល់ និងជួយឧបត្ថម្ភ ដែលបេសកកម្មចម្បងរបស់គេគឺត្រូវជួយកងកម្លាំងអ៊ីរ៉ាក់ នូវការហ្វឹកហ្វឺន ការគាំទ្រផ្នែកភ័ស្តុភារ កម្លាំងទ័ពអាកាស និងសមត្ថភាពឯកទេសផ្សេងៗទៀត។
កងកម្លាំងអ៊ីរ៉ាក់ទទួលខុសត្រូវផ្នែកសន្តិសុខទូទាំងប្រទេស ហើយមេដឹកនាំរបស់ពួកគេធ្វើសេចក្តីសម្រេចចិត្តលើប្រតិបត្តិការយោធាទាំងអស់។
មានការកើនឡើងយ៉ាងគំហុកនូវការវាយប្រហាររបស់ពួកក្រុមជីវពល កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែលោកឧត្តមសេនីយ៍ រ៉េ អូឌៀណូ (Ray Odierno) មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបញ្ចប់កិច្ចការរបស់លោក កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា កងកម្លាំងអ៊ីរ៉ាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាសន្តិសុខ។
តែលោកកត់សម្គាល់ឃើញថា អ្នកបន្តវេនពីលោក នឹងមានកងទ័ពយ៉ាងច្រើន ដែលមិនគ្រាន់តែសម្រាប់ការហ្វឹកហ្វឺនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឆ្លើយតបក្នុងគ្រាមានអាសន្ន ប្រសិនបើចាំបាច់។
«កងកម្លាំងសន្តិសុខអ៊ីរ៉ាក់មានសមត្ថភាពដោះស្រាយកម្រិតសន្តិសុខ ដែលចាំបាច់នោះហើយ។ ទីពីរ ខ្ញុំជឿជាក់ថា កងកម្លាំងប្រាំម៉ឺននាក់ នៅតែមានសមត្ថភាពយ៉ាងខ្លាំង។ ដូច្នេះហើយ វាមិនមែនថា យើងគ្មានសមត្ថភាពសោះនោះទេ។ យើងនៅតែមានសមត្ថភាពជាមូលដ្ឋាន ប្រសិនបើយើងត្រូវធ្វើ ហើយកងកម្លាំងអ៊ីរ៉ាក់ត្រូវការឲ្យយើងជួយ យើងអាចជួយបាន។ ទីបី ខ្ញុំគិតថា វាជារឿងសំខាន់ ដែលយើងត្រូវតែគោរពទៅតាមការប្តេជ្ញាចិត្តរបស់យើង»។
លោកឧត្តមសេនីយ៍ អូឌៀណូ បានឲ្យដឹងទៀតថា កងកម្លាំងអ៊ីរ៉ាក់ត្រូវតែធ្វើឲ្យប្រសើរឡើងថែមទៀតខាងសមត្ថភាពប្រឆាំងភេរវកម្មនៅត្រឹមដំណាច់ឆ្នាំក្រោយ ហើយក្រុមគ្រូហ្វឹកហ្វឺនអាមេរិក នឹងធ្វើការដើម្បីជួយពួកគេក្នុងរឿងនោះ។
ប៉ុន្តែលោកឧត្តមសេនីយ៍ទទួលស្គាល់ ហើយមនុស្សជាច្រើនក៏ជឿដែរថា អ៊ីរ៉ាក់នឹងមិនអាចបញ្ចប់ការអភិវឌ្ឍកងកម្លាំងសន្តិសុខរបស់ខ្លួននៅត្រឹមដំណាច់ឆ្នាំក្រោយបានទេ។
លោកជេមស៍ ឌូប៊ីក (James Dubik) ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ របស់កងទ័ពអាមេរិក ដែលទទួលបន្ទុកខាងការហ្វឹកហ្វឺនកងកម្លាំងអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៧ និង២០០៨ មានប្រសាសន៍ថា កងកម្លាំងអ៊ីរ៉ាក់នឹងត្រូវការជំនួយបន្ត ហើយអាមេរិកគួរតែបន្តផ្តល់ជំនួយនេះ។
«វាជាផលប្រយោជន៍ខាងយុទ្ធសាស្រ្តដ៏ប្រសើរបំផុតរបស់រដ្ឋអាមេរិក ដែលមានអ៊ីរ៉ាក់មួយប្រកបទៅដោយស្ថិរភាព ដែលកាន់តែមានលទិ្ធប្រជាធិបតេយ្យ និងអ្នកតំណាងច្រើនជាងមុន។ ហើយ វាជាផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់យើង ដែលមានប្រទេសអ៊ីរ៉ាក់មួយ ដែលរាប់អានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្ត»។
លោក ម៉ៃខល អូហានឡុន (Michael O'Hanlon) អ្នកវិភាគនៃវិទ្យាស្ថានប្រ៊ុកឃីងស៍ (Brookings Institution) យល់ស្របថា សេចក្តីត្រូវការរបស់អ៊ីរ៉ាក់នឹងមានហួសពីដំណាច់ឆ្នាំក្រោយទៅទៀត ដែលពេលនោះជាពេលវេលាដែលកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីចែងថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់គួរតែចាកចេញ។
«ខ្ញុំជឿជាក់ថា ក្រុមយោធាទាំងសងខាងនឹងគាំទ្រឲ្យមានការបន្តទំនាក់ទំនងប្រកបដោយអាជីពនេះក្នុងកម្រិតមួយ»។
លោកអូហានឡុន និយាយទៀតថា ក្រុមយោធារបស់អ៊ីរ៉ាក់នឹងត្រូវការការហ្វឹកហ្វឺនផ្នែកឯកទេសមួយចំនួន ហើយវត្តមានរបស់អាមេរិកក៏អាចជួយទប់ស្កាត់ភាពតានតឹងដែលមិនងាយសាបរលាបនៅក្នុងស្រុក រវាងនិកាយស៊ីអ៊ីត (Shiites) និងស៊ុននី (Sunnis) និងរវាងជនជាតិអារ៉ាប់ (Arabs) និងឃឺឌ (Kurds) មិនឲ្យផ្ទុះឡើងនូវអំពើហិង្សា។
«កងកម្លាំងអ៊ីរ៉ាក់មានសមត្ថភាពយ៉ាងខ្លាំង។ ពួកគេមិនចាំបាច់ឲ្យយើងដឹកដៃនោះទេ។ ប្រហែលជា ពួកគេអាចបំពេញកិច្ចការនេះ ដោយមិនចាំបាច់មានយើង។ ប៉ុន្តែ ដោយសារតែការទទួលខុសត្រូវរបស់ភាគីទាំងពីរ និងអតីតកាលដ៏លំបាកដែលយើងធ្លាប់បានឆ្លងកាត់ទាំងអស់គ្នា ហេតុអ្វីបានជាយើងចង់ប្រថុយគ្រោះថ្នាក់ក្នុងការចាកចេញយ៉ាងប្រញាប់ប្រញាល់ ខណៈដែលការចាកចេញនេះ ប្រហែលជាមិនមែនជាការប្រយ័ត្នប្រយ៉ែងបំផុតនោះ»។
លោកអូហានឡុន និយាយថា ខាងផ្លូវចិត្ត កងកម្លាំងអ៊ីរ៉ាក់ និងមេដឹកនាំរបស់ពួកគេចង់ឲ្យកងកម្លាំងអាមេរិកចាកចេញទាំងស្រុងនៅចុងឆ្នាំក្រោយ។ ប៉ុន្តែ លោកបានឲ្យដឹងទៀតថា មេដឹកនាំទាំងនេះក៏ទទួលស្គាល់ដែរថា ជាយុទ្ធសាស្រ្ត ពួកគេគួរតែរិះរកមធ្យោបាយរក្សាទុកវត្តមានយោធាអាមេរិកាំងមួយចំនួនដើម្បីនៅបន្តទៀត។
ប៉ុន្តែ នោះមិនមែនជាអ្វីដែលមេដឹកនាំអាមេរិកចង់និយាយទៅកាន់អ៊ីរ៉ាក់ជាផ្លូវការទេ គឺយ៉ាងហោចណាស់មិនមែនជាសាធារណៈ។ លោកឧត្តមសេនីយ៍ ឌូប៊ីក មានប្រសាសន៍ថា វាជារឿងសំខាន់ក្នុងការស្នើសុំឲ្យមានវត្តមានយោធាអាមេរិក នៅក្រោយឆ្នាំ២០១១ ផុសចេញពីជនជាតិអ៊ីរ៉ាក់ខ្លួនឯង។ ហើយលោក និងអ្នកជំនាញផ្សេងទៀតកត់សម្គាល់ថា ការស្នើបែបនោះនឹងមិនអាចកើតមានឡើងបានទេ លុះណាតែអ៊ីរ៉ាក់បង្កើតរដ្ឋាភិបាលថ្មីមួយសិន ដែលដំណើរការនេះត្រូវបានជាប់គាំងនៅក្នុងវិវាទនយោបាយ ចាប់តាំងពីការបោះឆ្នោតរដ្ឋសភា កាលពីជាង៥ខែកន្លងទៅ។
«រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែបង្កើតឡើង។ ពួកគេត្រូវទទួលស្គាល់ថា ឋានៈខាងផ្លូវច្បាប់របស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់នឹងត្រូវបញ្ចប់ឆ្នាំ២០១១ ហើយប្រសិនបើពួកគេត្រូវការជំនួយពីយើង ពួកគេត្រូវតែស្នើសុំ ហើយរដ្ឋាភិបាលត្រូវតែចរចាសាជាថ្មីអំពីការសម្រុះសម្រួលមួយចំនួនដែលអាចទទួលយកបាន»។
ជាញឹកញាប់ ក្រុមមន្ត្រីអាមេរិកបានទទូចសុំឲ្យមេដឹកនាំអ៊ីរ៉ាក់ចុះសម្រុងនឹងគ្នា ហើយបង្កើតរដ្ឋាភិបាលថ្មីមួយ។ ចំពោះអ្នកនយោបាយដែលកំពុងមានវិវាទនៅអ៊ីរ៉ាក់ ការប្រារព្ធពិធីកាលពីថ្ងៃអង្គារ គឺជាការក្រើនរំឭកមួយលើកទៀត ដែលថាឥឡូវនេះ ជាជាងពេលណាៗទាំងអស់ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ អនាគតប្រទេសរបស់ពួកគេសិ្ថតនៅក្នុងដៃរបស់ពួកគេហើយ៕
ប្រែសម្រួលដោយលី សុខឃាង