លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ក្នុងពេលថ្មីៗនេះ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត ហើយរដ្ឋបាលរបស់លោក ត្រាំ នឹងមិនបិទភ្នែកចំពោះវិធានការរបៀបនេះនោះទេ។
លោកស្រី Haley បានថ្លែងដោយសង្ខេបទៅកាន់អ្នកកាសែត បន្ទាប់ពីលោកស្រីចូលរួមកិច្ចប្រជុំដំបូងបង្អស់របស់លោកស្រីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកិច្ចប្រជុំនេះស្នើឡើងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ប្រទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនពិតជាបានបាញ់គ្រាប់មីស៊ីលប្រាកដមែន ប៉ុន្តែវាមិនបានបំពានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងមេដឹកនាំពិភពលោកកាលពីឆ្នាំ២០១៥នោះទេ។
យោងតាមសេចក្តីសម្រេចលេខ២២៣១របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តក្រោយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានអនុម័តរវាងប្រទេសមហាអំណាចពិភពលោកទាំង៦ជាមួយនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ កាលពីឆ្នាំ២០១៥ អ៊ីរ៉ង់ត្រូវបានអំពាវនាវមិនឲ្យធ្វើសកម្មភាពអ្វីពាក់ព័ន្ធនឹងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនោះទេ។ ប៉ុន្តែសេចក្តីសម្រេចនោះមិនបានហាមឃាត់ឲ្យជាក់លាក់នោះទេ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះថា «អន់ខ្លាំងណាស់» ហើយកាលពីធ្វើយុទ្ធនាការបោះឆ្នោត លោកក៏បានគំរាមឲ្យលុបចោលកិច្ចព្រមព្រៀងនោះចេញដែរ៕