ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មថ្មីទៅលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជួយផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ទណ្ឌកម្មថ្មីនេះ សំដៅលើធនាគារ Gazprombank ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ អង្គភាពនិងបុគ្គលជាច្រើនទៀតដែលមានចំណងទាក់ទងជាមួយអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើទំព័ររបស់ខ្លួន ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថា ទណ្ឌកម្មនេះសំដៅលើធនាគារ Gazprombank ដែលជាធនាគារធំជាងគេរបស់រុស្ស៊ីដែលមិនទាន់រងទណ្ឌកម្មនៅឡើយ រួមទាំងធនាគាររុស្ស៊ីជាង៥០ទៀត ព្រមទាំងស្ថាប័នមូលប័ត្ររុស្ស៊ីជាង៤០ និងមន្ត្រីហិរញ្ញវត្ថុរុស្សី១៥នាក់។
ក្រសួងហិរញ្ញវត្ថុអាមេរិកថា ធនាគារ Gazprombank គឺជាមធ្យោបាយឲ្យរុស្ស៊ីទិញយុទ្ធោបករណ៍សម្រាប់ធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ហើយរដ្ឋាភិបាលរុស្ស៊ីក៏បានប្រើធនាគារនេះ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួនដែរ។
ប្រទេសអូស្រ្តាលី កាណាដា នូវែលសេឡង់ និងអង់គ្លេស ពីមុនក៏ធ្លាប់ដាក់ទណ្ឌកម្មធនាគារ Gazprombank នេះដែរ។
ទណ្ឌកម្មនេះមានន័យថាទ្រព្យសម្បត្តិនិងប្រយោជន៍ទាំងអស់របស់ស្ថាប័ន អង្គភាពឬបុគ្គលដែលរងទណ្ឌកម្ម ត្រូវបានរាំងខ្ទប់។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថាទណ្ឌកម្មនេះ «នឹងធ្វើឲ្យខ្សោយថែមទៀតដល់ក្បាលម៉ាស៊ីនធ្វើសង្គ្រាមរបស់រុស្ស៊ី។ សកម្មភាពនេះ នឹងធ្វើឲ្យរុស្ស៊ីកាន់តែពិបាកគេចទណ្ឌកម្មអាមេរិកនិងផ្តល់ថវិកានិងបំពាក់អាវុធដល់យោធារបស់ខ្លួន»៕
វេទិកាបញ្ចេញមតិ