ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​តំណាងរាស្ត្រ​អាមេរិកាំង​បោះឆ្នោត​ច្រាន​ចោល​កិច្ចព្រមព្រៀង​បរមាណូ​ជាមួយ​អ៊ីរ៉ង់


មេដឹកនាំ​ក្រុម​សំឡេង​ភាគ​តិច​ក្នុង​សភា​តំណាងរាស្រ្ត​លោកស្រី Nancy Pelosi ​ធ្វើ​ការ​ថ្លែង​នៅ​មុខ​វិមាន​ US Capitol នៅ​ក្រុង​វ៉ាស៊ីនតោន​ នៅ​មុន​ពេល​បោះឆ្នោត​សភា​តំណាងរាស្រ្ត​លើ​កិច្ចព្រមព្រៀង​បរមាណូ​អ៊ីរ៉ង់​នា​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​សៅរ៍​នេះ​ លោក​ Michael McCaul ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​នៃ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​គណបក្សសាធារណរដ្ឋ​ថា​ កិច្ច​ព្រម​ព្រៀង​បរមាណូ​អន្តរជាតិ​ជាមួយ​ប្រទេសអ៊ីរ៉ង់ ​«នឹង​មិន​បញ្ឈប់​ប្រទេសអ៊ីរ៉ង់​ដែល​មាន​អាវុធ​បរមាណូ​ទេ​ ក៏​ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ស.រ.អា ​និង​ក្រុម​ស​ម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​គ្រោះថ្នាក់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំនៅ​ពេល​ខាង​មុខ»។

លោក Mc Caul បាន​និយាយ​ថា​ «ដោយ​មិន​បាន​ទប់ទល់​នឹង​បណ្តាញ​ភេរវជន​របស់​របប​គ្រប់គ្រង​អ៊ីរ៉ង់ សេតវិមាន​បាន​អនុញ្ញាត​ឲ្យ​បណ្តាញ​ទាំង​នេះរីក​រាលដាល​ទៅ​វិញ»។

កាល​ពី​ថ្ងៃ​សុក្រ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បានបោះឆ្នោត​ច្រាន​ចោល​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ទប់ទល់​នឹង​កម្មវិធី​អាវុធ​បរមាណូ​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​មានការ​ជជែក​ដេញ​ដោល​គ្នា​ប្រកប​ដោយ​ការ​រំជួល​អារម្មណ៍​មួយ​ព្រឹក។​

ដោយសារ​ព្រឹទ្ធ​សភា​ស.រ.អា​បាន​ធ្វើការ​បោះឆ្នោត​ដាច់​ណាត់​មួយ​រាំង​ខ្ទប់​វិធានការ​មិន​យល់ព្រម​តាម​កិច្ចព្រមព្រៀងនេះ​ ការ​បោះ​ឆ្នោត​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​គ្រាន់​តែ​ជា​និមិត្តរូប​ដោយ​ភាគ​ច្រើន។ ​ការបោះឆ្នោត​នេះ​មាន​គោលដៅ​បញ្ជូន​សារ​មួយ​ទៅ​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និង​រដ្ឋបាល​របស់​លោក​ដែល​បាន​ធ្វើ​ការជំរុញ​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​កិច្ចចរចា​គ្នា​កាល​ពី១៨ខែ​មុន​នេះ៕

XS
SM
MD
LG