ស្ថានទូតសហរដ្ឋអាមេរិកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីរំខានពលរដ្ឋកម្ពុជាតាមរយៈប្រព័ន្ធតុលាការដោយសារតែហេតុផលនយោបាយហើយងាកមកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញដោយក្នុងនោះត្រូវដោះលែងលោកកឹម សុខា មេដឹកនាំអតីតបក្សប្រឆាំង។
សារតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃអង្គារនេះបានបញ្ជាក់ថា៖
«យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន។ ប្រជាពលរដ្ឋ ទាំងអស់នៅកម្ពុជាគួរតែអាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធីហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការកិច្ចការសាធារណៈ»។
ការអំពាវនាវរបស់សហរដ្ឋអាមេរិកធ្វើឡើងនៅចំខួបលើកទីមួយនៃការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជាដែលសហរដ្ឋអាមេរិកនៅតែបន្តរិះគន់និងបានចាត់ទុកថា«មានកំហុសឆ្គងយ៉ាងខ្លាំង»និង«មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»ដែរ។
សាររបស់ស្ថានទូតបានបន្ថែមថា៖
«ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក»។
ប៉ុន្តែសេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងពីទណ្ឌកម្មអ្វីដែលសហរដ្ឋអាមេរិកអាចនឹងពិចារណាដាក់បន្ថែមលើប្រទេសកម្ពុជាដូចការអំពាវនាវកន្លងមករបស់សកម្មជនសិទ្ធិមនុស្សនិងអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកឡើយ។
ប្រទេសកម្ពុជាបានរៀបចំ ការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ចូលរួមប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេបានឈ្នះអាសនៈទាំង១២៥។
សកម្មជនសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកយល់ថាការចាត់ទុកប្រទេសកម្ពុជាថាមានលទ្ធិប្រជាធិបតេយ្យគឺ«ជាការពិបាក»ព្រោះការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨«មិនមែនសេរីនិងត្រឹមត្រូវទេ»ហើយវាបានជំរុញកម្ពុជាឱ្យធ្លាក់ក្នុងការគ្រប់គ្រងដោយបក្សតែមួយ។
លោកស្រី អូលីវៀ អ៊ីណូស អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិ Heritage បានប្រាប់អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកក្នុងអង្គសវនាការមួយកាលពីសប្តាហ៍មុនថា ប្រតិកម្មរបស់សហរដ្ឋអាមេរិកមាន«តិចតួច»ក្រោយពីការបោះឆ្នោតជាតិនៅកម្ពុជាគឺមិនមានការដាក់ទណ្ឌកម្មអ្វីបន្ថែមទេ។ លោកស្រីបានស្នើឱ្យដាក់ទណ្ឌកម្មលោកហ៊ុន សែននិងមន្ត្រីរបស់លោកចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងកោះប្រជុំបន្ទាន់នូវបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយសារពួកគេមានកាព្វកិច្ចឱ្យប្រទេសកម្ពុជាទទួលខុសត្រូវប្រសិនបើលទ្ធិប្រជាធិបតេយ្យត្រូវខូចខាត។
រដ្ឋាភិបាលកម្ពុជាបានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកដោយចាត់ទុកថាវាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរសារឆ្លើយតបវិញតាមបណ្តាញសង្គមហ្វេសប៊ុកថា៖
«ប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីប្រាថ្នា និងសុបិនមិនចង់ឃើញបរទេសណាមួយលុកលុយ ឬឈ្លានពានក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនដែលប៉ះពាល់ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតដូចប្រជាពលរដ្ឋអាមេរិកាំងផងដែរ»។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា៖
«ប្រជាពលរដ្ឋខ្មែរយល់ច្បាស់អំពីសិទ្ធសម្រេចលើជោគវាសនារបស់ខ្លួនដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាតម្លៃពិតប្រាកដនៃសិទ្ធមនុស្សនិងប្រជាធិបតេយ្យ»។
រីឯលោក គីន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានចាត់ទុកថាការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកគឺជារឿង«មិនសមហេតុផល»។
លោក គីន ភាបានសរសេរបន្ថែមតាមទំព័រហ្វេសប៊ុករបស់លោកថា៖
«ប្រទេសខាងក្រៅគួរតែនៅឱ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយគួរតែធ្វើអត្ថាធិប្បាយប្រកបដោយការទទួលខុសត្រូវលើអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសដទៃហើយគួរតែដើរតួនាទីស្ថាបនាក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់»។
មេដឹកនាំអតីតគណបក្សប្រឆាំងនៅប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ក៏បានយកឱកាសខួបទីមួយនៃការបោះឆ្នោតជាតិនៅកម្ពុជាអំពាវនាវឱ្យពលរដ្ឋខ្មែររួបរួមគ្នាដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរផងដែរ៕