ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield ថ្លែង​ក្នុង​កិច្ច​ប្រជុំក្រុមប្រឹក្សា​សន្តិសុខជាតិអសបកាលពីថ្ងៃទី​១៨ មីនា ឆ្នាំ២០២៤។(AP Photo/Eduardo Munoz Alvarez)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield ថ្លែង​ក្នុង​កិច្ច​ប្រជុំក្រុមប្រឹក្សា​សន្តិសុខជាតិអសបកាលពីថ្ងៃទី​១៨ មីនា ឆ្នាំ២០២៤។(AP Photo/Eduardo Munoz Alvarez)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield នឹង​ធ្វើ​ដំណើរ​ទៅកាន់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ហើយ​នឹង​ជួប​ជាមួយ​ជនជាតិ​កូរ៉េ​ខាងជើង​ដែល​រត់​គេច​ពី​កូរ៉េ​ខាងជើង​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​ការិយាល័យ​របស់​អ្នកស្រី Thomas-Greenfield កាលពី​ថ្ងៃ​ចន្ទ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Thomas-Greenfield ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ២០ ខែ​មេសា​នេះ បាន​កើតឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​បដិសេធ​មិន​គាំទ្រ​ការ​បន្ត​ទៅ​មុខ​នៃ​គណៈកម្មាធិការ​អ្នក​ជំនាញ​ពហុជាតិ ដែល​នៅ​ក្នុង​ពេល​ជាង ១៥ ឆ្នាំ​កន្លង​មក​នេះ គណៈកម្មាធិការ​នេះ​បាន​ធ្វើការ​លើ​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​កូរ៉េ​ខាងជើង​ក្នុង​បំណង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន​បាន​រិះគន់​ការ​បោះឆ្នោត​វ៉េតូ​របស់​រុស្ស៊ី​និង​ការ​បោះឆ្នោត​អនុប្បវាទ​របស់​ចិន។ អ្នក​ជំនាញ​ថា ការ​បោះឆ្នោត​របស់​ចិន​និង​រុស្ស៊ី​ដូចនេះ​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Thomas-Greenfield ដែល​នឹង​មាន​ការ​ឈប់​សំចត​ផងដែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន មាន​គោល​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ត្រីភាគី​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​និង​លើសពី​នេះ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nate Evans អ្នក​នាំពាក្យ​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

ទាំង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នៅ​ពេលបច្ចុប្បន្ន​នេះ​គឺជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG