ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកទោស​អាហ្វហ្គានីស្ថាន​ ដែល​ជា​វិធានការ​ដ៏​សំខាន់​មួយ


លោក Zalmay Khalilzad ចូលរួម​ក្នុង​កម្មវិធី​ចូល​កាន់​តំណែង​របស់​លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
លោក Zalmay Khalilzad ចូលរួម​ក្នុង​កម្មវិធី​ចូល​កាន់​តំណែង​របស់​លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

លោក Zalmay Khalilzad បេសកជន​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បាន​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​តាលីបង់​បាន​ស្វាគមន៍​ការ​ដោះដូរ​អ្នកទោស​រវាង​ជន​សកម្មប្រយុទ្ធ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ថា «ជា​ជំហាន​ដ៏​មាន​សារៈសំខាន់» ឆ្ពោះ​ទៅ​កាន់​សន្តិភាព។

លោក Khanilzad បាន​និយាយ​នៅ​លើ Twitter កាលពី​ថ្ងៃទី១៣ ខែមេសា​ថា «ភាគី​ទាំង​២​ត្រូវតែ​បង្កើន​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ទៅ​តាម​ទីដៅ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក​និង​ក្រុម​តាលីបង់​ឲ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។ លោក​បាន​និយាយ​ទៀត​ថា ការ​ដោះដូរ​អ្នកទោស​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់​ដោយ​អ្នកទោស​រង​ការ​គំរាមកំហែង​ដោយ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា។

តាម​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី ថ្ងៃទី១២ ខែមេសា​នេះ ក្រុម​តាលីបង់​បាន​ដោះលែង​អ្នកទោស​អាហ្វហ្គានីស្ថាន​ចំនួន​២០នាក់​នៅ​ក្នុង​ខេត្ត​កាន់ដាហា​ភាគ​ខាង​ត្បូង។

ចំណាត់ការ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន បាន​ដោះលែង​អ្នកទោស​តាលីបង់​១០០នាក់​ ដោយ​ធ្វើ​ឲ្យ​មាន​អ្នកទោស​តាលីបង់​ទាំងអស់​ដែល​ត្រូវ​បាន​ដោះលែង​ចាប់តាំង​ពី​ថ្ងៃទី៨ ខែមេសា​មក មាន​ចំនួន​៣០០នាក់។

កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សហរដ្ឋអាមេរិក និង​ក្រុម​តាលីបង់​នៅ​ក្នុង​រដ្ឋធានី​ដូហា​នៃ​ប្រទេស​កាតា កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដោះលែង​អ្នក​ប្រយុទ្ធ​តាលីបង់​៥ពាន់​នាក់​ជា​វិធានការ​ស្ថាបនាការ​ទុក​ចិត្ត​មុន​ពេលការ​ចរចា​សន្តិភាព​ផ្លូវការ​ដែល​មាន​គោលបំណង​បញ្ចប់​ជម្លោះ​ដែល​មាន​អាយុ១៨ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តាលីបង់​បាន​សន្យា​ដោះលែង​កងទ័ព​រដ្ឋាភិបាល និង​បុគ្គលិក​ស៊ីវិល​អាហ្វហ្គានីស្ថាន​ចំនួន​១ពាន់នាក់​ដែល​ខ្លួន​កំពុង​ឃុំឃាំង៕

XS
SM
MD
LG