ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​យោធា​អាមេរិក​-អេហ្ស៊ីប​អាច​មាន​ឥទ្ធិពល​លើ​វិបត្តិ​នៅ​អេហ្ស៊ីប


ក្រុម​បាតុករ​និង​ទាហាន​អេហ្ស៊ីប​នៅ​ក្នុង​ទី​ក្រុង​​ឡឺគែរ។
ក្រុម​បាតុករ​និង​ទាហាន​អេហ្ស៊ីប​នៅ​ក្នុង​ទី​ក្រុង​​ឡឺគែរ។

ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​យោធា​សហរដ្ឋ​អាមេរិក​និង​អេហ្ស៊ីប​ប្រហែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​កំណត់​លទ្ធផល​នៃ​ការ​ជ្រួល​ច្របល់​នា​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ពេល​ដែល​បាតុកម្ម​ក្នុង​ប្រទេស​អេហ្ស៊ីបបាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​ មន្រ្តី​យោធា​មាន​ឋានៈ​ទីពីរ​របស់​អេហ្ស៊ីប​បាន​ស្ថិត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បីចូលរួម​ការ​ប្រជុំ​រយៈ​ពេល​មួយ​សប្តាហ៍​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​អាមេរិក។ ឧត្តមសេនីយ៍​ឯក សាមី ​អាណាន ​(Sami Anan)​ បាន​បំព្រួញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហើយ​បាន​វិលត្រឡប់​ទៅកាន់​មាតុភូមិ​របស់​លោក​វិញ​កាល​ពី​ថ្ងៃ​សុក្រ។

ក៏ប៉ុន្តែ​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប លោកអាណាន បាន​ទទួល​ការហៅ​ទូរសព្ទ​ពី​ឧត្តម​នាវី​ឯក​ម៉ៃឃើល​ មូល្លីន (Michael Mullen)​ ដែល​ជា​មន្រ្តី​យោធា​ជាន់ខ្ពស់​របស់​អាមេរិក​ ដែល​អ្នក​នាំ​ពាក្យ​និយាយ​ថា​ លោក​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វិជ្ជាជីវៈ​យោធា​របស់​អេហ្ស៊ីប។ អ្នក​នាំពាក្យ​និយាយ​ថា មន្រ្តី​ទាំងពីរ​រូប​បាន​អះអាង​ជា​ថ្មី​ពី​បំណង​របស់​អស់​លោក​ចំពោះ​ភាព​ជា​ដៃគូ​ខាង​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​អេហ្ស៊ីប​ដែល​បន្ត​មាន​ឡើង​ហើយ​បាន​សន្យា​រក្សា​ទំនាក់​ទំនង។

វា​ហាក់​ដូចជា​ការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​អញ្ចឹង​ ក៏​ប៉ុន្តែ​ ក្នុង​បរិបទនៃ​ការ​ធ្វើ​បាតុកម្ម​កាន់​តែ​ធំ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​អេហ្ស៊ីបហើយនឹងវត្តមាន​របស់​កងទ័ព​នៅ​លើ​ផ្លូវ​នានា​ក្នុង​ប្រទេស​ដែល​ពួក​អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា វា​ជា​ភ័ស្តុតាងនៃ​ការ​ប្រាស្រ័យ​ទាក់ទងពី​ខាង​ក្រោយ​ដ៏​សំខាន់ក្នុងការ​ទាក់​ទង​គ្នា​រវាង​អាមេរិក​និង​អេហ្ស៊ីប។

វា​ជា​ប្រភេទ​នៃ​ការ​ទាក់​ទង​ដែល​ធ្លាប់​បាន​ឃើញ​ចំពោះ​លោក ចេមស៍ ឌុប៊ិក (James Dubik) ឧត្តមសេនីយ៍​ឯកចូលនិវត្តន៍​អាមេរិក​ដែល​ឥឡូវ​នេះ​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​សង្គ្រាម​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​មាន​ប្រសាសន៍​ថា៖

«ទំនាក់​ទំនង​ទាំង​នោះ​ ជា​រឿយៗ​អាច​មាន​សារៈសំខាន់​សម្រាប់​ពិភាក្សា​ ឬ​សម្រាប់​ការ​ចរចា​រវាង​ប្រទេស​ជាតិ​ដែល​ទំនាក់​ទំនង​ផ្លូវ​ការ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ប្រយោជន៍»។

ឧត្តមសេនីយ៍​ ឌូប៊ិក​ មិន​បាន​ទាក់ទង​ច្រើន​ជាមួយ​នឹង​មន្រ្តី​អេហ្ស៊ីប​ ក្នុង​អំឡុង​ពេល​លោក​មាន​អាជីព​ជា​យោធា​នោះ​ទេ​ ក៏ប៉ុន្តែ ​លោក​ជា​មេបញ្ជាការជាន់​ខ្ពស់ម្នាក់​នៅ​ទីបញ្ជាការ​ហ្វឹកហ្វឺន និង​ទ្រឹស្តី​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក​ ហើយក្រោយ​មក​លោក​បាន​ផ្លាស់​ទៅ​ទីក្រុង​បាដាក​ដើម្បី​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង

របស់​អាមេរិក​ដើម្បី​បង្ហាត់​កងទ័ព​ថ្មី​របស់​អ៊ីរ៉ាក់។ លោក​និយាយ​ថា ការហ្វឹកហ្វឺន​ផ្លូវ​ការ​មាន​សារៈ​សំខាន់​ចំពោះ​កិច្ចការ​នានា​ដូចជា​ជំនាញ​ខាង​ប្រយុទ្ធ​និង​កលល្បិច។ ក៏ប៉ុន្តែ​លោក​និយាយ​ថា ការ​ទាក់​ទង​ក្រៅ​ផ្លូវ​ការ ​នៅ​តាម​ផ្លូវដើរ​ក្នុង​អគារ និង​អំឡុ​ង​ពេល​ពិសារ​អាហារ​ ផ្តល់​ប្រភេទហ្វឹកហ្វឺន​ផ្សេង​គ្នា។ លោក​ថ្លែង​ថា៖

«វា​ផ្តោត​ទៅលើ​តួនាទី​របស់​កងទ័ព​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ស៊ីវិល។ វា​ក៏​ជា​ពិភាក្សា​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យោធា​ដើម្បី​ការពារ​ពលរដ្ឋ​ក្នុង​ប្រទេស​ជាតិ»។

ទាហាន​អេហ្ស៊ីប​ប្រហែល​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​រវាង​គោលការណ៍​ពីរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ ប្រសិនបើ​រដ្ឋាភិ​បាល​បញ្ជា​ឲ្យ​បង្ក្រាប​បាតុករ​នោះ។ លោក​ ឌូប៊ិក បន្ត​ថា៖

«ការ​សម្រេច​ចិត្ត​ទាំង​នោះ​ ជា​ការ​ពិបាក​ណាស់។ ជា​ការ​ពិបាក​ណាស់។ អស់​លោក​អ្នក​ដឹង​ហើយ​ថា​ នេះ​មិន​មែន​ជា​ស្ថានភាព​ស្រួល​ទេ​ មិន​មែន​ជា​ស្ថានភាពដែលអ្នក​ស្វែង​រក​ទេ​ ហើយ​មិនមែន​ជា​ស្ថានភាព​ដែល​អាចដឹង​ចម្លើយ​ពិត​ប្រាកដ​មុន​ទេ ​រហូតទាល់​អស់​លោក​អ្នក​ប្រឈម​នឹង​បញ្ហា​នោះ​»។

វា​ជា​ការស្ទាក់​ស្ទើរ​មួយ​ដែល​គេ​បាន​ដឹង​ថា​ កង​ទ័ព​ត្រូវ​ប្រឈម​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ​ នៅ​ពេល​មាន​ការផ្លាស់​ប្តូរស្ថានភាព​នោះ​។

ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​ប្រឈម​ទាំងនោះ​ គឺ​បដិវត្តន៍​នៅ​ហ្វីលីពីន​ឆ្នាំ​១៩៨៦នៅ​ពេល​ដែលពួក​កងទ័ព​មិន​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ និង​ការ​បង្ក្រាប​ទៅ​លើ​ចលនា​ប្រជាធិបតេយ្យ​នៅ​ទីលាន ធានអានមេន (Tiananmen) ក្នុង​ប្រទេស​ចិន​ឆ្នាំ​១៩៨៩នៅ​ពេល​កងទ័ព​បាញ់​ទៅលើ​បាតុករ។

ក្នុង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ លោក​ថាវហ្វិក​ ហាមិដ​ (Tawfik Hamid)​ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​នៃ​វិទ្យាស្ថាន​ផូថូម៉ាក់​ (Potomac ) ​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា​ ប្រសិន​បើ​ទាហាន​អេហ្ស៊ីបត្រូវ​ប្រឈម​ជាមួយ​នឹង​ភាព​ស្ទាក់​ស្ទើរ​នោះ​ ពួកគេ​នឹង​ជ្រើសរើស​មិន​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ ហើយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ហូស្នី ​មូបារ៉ាក់​ (Hosni Mubarak) ដែល​ជា​មេ​ដឹក​នាំ​ដ៍​យូរ​របស់​ខ្លួន។ លោក​ថ្លែង​ដូច្នេះ​ថា៖

«​ខ្ញុំ​គិត​ថា ​នៅទីបំផុត​ ពួកគេ​នឹងមិនបង្វែរ​អាវុធ​របស់​គេ​ទៅ​រក​ប្រជា​ពលរដ្ឋអេហ្ស៊ីប​នោះ​ទេ។ ខ្ញុំ​ជឿជាក់​ថា វា​នឹង​ក្លាយ​ជា​ការ​កាន់តែ​ងាយ​ស្រួល​ឡើងសម្រាប់ពួកគេ​ដើម្បី​ដក​លោក​មូបារ៉ាក់​ចេញ​ពី​អំណាច​ ក្នុងនាម​ជា​បុគ្គល​ម្នាក់​ ហើយ​មើលទៅ​ហាក់ដូច​ជាវីរបុរស​ដែល​បាន​ដក​លោក​ មូបារ៉ាក់​ចេញពី​តំណែង។ ការសម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នឹង​ធ្វើ​ឲ្យ​ស្ថានការ​នេះ​ធ្លាក់ចូល​ក្នុង​ឋាននរក​ដ៏​ពិតប្រាកដ ជា​ឋាននរក​ពិតប្រាកដ​ប្រសិន​បើ​ស្ថានការ​នេះកើតឡើង»។

លោក​ហាមីដ​ (Hamid) ជា​គ្រូពេទ្យ​ម្នាក់​ដែល​បាន​ចំណាយ​ពេល​២​ឆ្នាំ​នៅក្នុង​កងទ័ពអេហ្ស៊ីប​ក្នុង​នាម​ជា​យុវជន​ក្មេង​ម្នាក់​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​នៅពេល​នោះ។ លោក​និយាយ​ថា ជនជាតិ​អេហ្ស៊ីបមិន​ចូល​ចិត្ត​កង​ប៉ូលីស​ទេ​ពីព្រោះ​ពួក​មន្រ្តី​ប៉ូលីស​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋានជា​រឿយៗ​ ប្រើ​អំពើ​ឃោរឃៅ។ ក៏ប៉ុន្តែ​ លោក​និយាយ​ថា ប្រជាពលរដ្ឋ​គោរព​ ពួក​កងទ័ព​ដែល​ជា​ធម្មតា​មិន​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្ទាល់​ជា​មួយ​ប្រជា​ពលរដ្ឋ​អេហ្ស៊ីបទេ​ ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​អ្នក​ការពារ​ប្រឆាំង​ការគំរាម​កំហែង​ពី​ខាង​ក្រៅ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG