រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Jim Mattis បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលមុនស្តីពីជោគវាសនានៃការបន្ថែមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងឧបទ្វីបកូរ៉េ និងបានបង្ហាញពីលទ្ធភាពនៃការលុបចោលនៃការធ្វើសមយុទ្ធនេះនៅថ្ងៃអនាគត។
លោក Mattis បាននិយាយកាលពីថ្ងៃពុធថា «គោលជំហរយោធារបស់យើងមិនបានផ្លាស់ប្តូរចាប់តាំងពីជំនួបកំពូលនៅប្រទេសសិង្ហបុរីមក ហើយក៏គ្មានការសម្រេចណាមួយអំពីការផ្អាកធ្វើសមយុទ្ធយោធានៅថ្ងៃអនាគតនោះដែរ។
លោកបានបន្ថែមថា «កងកម្លាំងរបស់យើងនៅតែរក្សាគោលជំហរនិងការគាំទ្រយ៉ាង
ពេញទំហឹងនៅក្នុងការដឹកនាំកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីនាំយកសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េទាំងមូល»។
សេចក្តីថ្លែងការណ៍នេះបានជួយបញ្ជាក់អំពីជំហររបស់លោក Mattis បន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃអង្គារនៅអំឡុងពេលដែលលោករដ្ឋមន្ត្រីការពារប្រទេសបានប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំទីបញ្ជាការប៉ង់តាហ្គូនថា នៅពេលនេះលោកគ្មានគម្រោងផ្អាកធ្វើសមយុទ្ធយោធាណាមួយនៅលើឧបទ្វីបកូរ៉េនោះទេ។
ក៏ប៉ុន្តែប៉ុន្មាននាទីក្រោយមកនៅពេលសួរថាតើនឹងមានការធ្វើសមយុទ្ធយោធា
ទ្រង់ទ្រាយធំនៅក្នុងឆ្នាំក្រោយនៅក្នុងឧបទ្វីបកូរ៉េឬយ៉ាងណានោះ លោក Mattis បានឆ្លើយថាមន្ទីរបញ្ចកោណមិនទាន់ធ្វើការសម្រេចចិត្តលើករណីនេះទេ ហើយថានឹងធ្វើការពិភាក្សាជាមួយមេដឹកនាំប្រទេស។
លោក Mattis បានធ្វើការបញ្ជាក់កាលពីថ្ងៃអង្គារថា នៅខណៈមានការពិភាក្សាជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងអំពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាច្រើននោះ ការធ្វើសមយុទ្ធយោធាផ្សេងៗទៀតនឹងត្រូវបន្តធ្វើឡើងដើម្បីរក្សាគោលជំហររបស់យោធា៕