ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វហ្គានីស្ថាន


រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ក្នុងដំណើរទស្សនកិច្ចនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។
រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ក្នុងដំណើរទស្សនកិច្ចនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន ចាប់​តាំងពី​លោក​បាន​កាន់​តំណែង​នេះ​មក។

ទស្សនកិច្ច​របស់​លោក Austin នេះ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ថាតើ​នឹង​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ខាង​មុខ ដែល​ជា​ថ្ងៃ​កំណត់​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​តាលីបង់ ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Austin បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បន្ទាប់ពី​លោក​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​កាប៊ុល នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឥណ្ឌា។

របាយការណ៍​មួយ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ដកស្រង់​សម្ដី​របស់​លោក Austin ដែល​បាន​និយាយ​ថា លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី «ស្តាប់​និង​ស្វែង​យល់» និង​ថា លោក​ចង់​ស្វែង​យល់​អំពី​ក្ដី​កង្វល់​របស់​លោក Ghani។

សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ថា លោក Ghani និង​លោក Austin បាន «សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​ខ្លាំងក្លា» ហើយ​បាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​ដ៏ «ត្រឹមត្រូវ​និង​ស្ថិតស្ថេរ» មួយ នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Austin ក៏​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ថ្នាក់​ដឹកនាំ​ក្រុម​សម្ព័ន្ធភាព​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ផងដែរ ដើម្បី​ស្វែងយល់​ឲ្យ​បាន​ប្រសើរ​ជាង​មុន​អំពី​ស្ថានភាព និង​ដើម្បី​ប្រមើល​មើល​ទៅ​ថ្ងៃ​ខាង​មុខ​សម្រាប់​សន្តិភាព​ដ៏​ត្រឹមត្រូវ​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ប្រទេស​មាន​បញ្ហា​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​នេះ៕

XS
SM
MD
LG