ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជាតិ​ស.រ.អា.នឹង​ដំឡើង​​កម្រិត​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ​


លោក​ហារី​រីដ​មេដឹកនាំ​សម្លេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា នៅ​សន្និសីទ​​កាសែត​នៅ​វិមាន​កាពីតូលនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១១​ ក្រោយ​ពី​បាន​ជួប​ជា​មួយ​សមាជិក​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធ​សភា​ពាក់​ព័ន្ធ​នឹងរឿង​ថវិកា​។​
លោក​ហារី​រីដ​មេដឹកនាំ​សម្លេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា នៅ​សន្និសីទ​​កាសែត​នៅ​វិមាន​កាពីតូលនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១១​ ក្រោយ​ពី​បាន​ជួប​ជា​មួយ​សមាជិក​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធ​សភា​ពាក់​ព័ន្ធ​នឹងរឿង​ថវិកា​។​

ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ​ គេរំពឹងនៅ​ទូទាំង​ប្រទេស​ថា​ សភា​ជាតិ​ស.រ.អា.នឹង​ដំឡើងកម្រិត​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ដែល​ការ​ធ្វើ​ដូច្នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​នេះ​ខ្ចី​មូលនិធិ​បន្ថែម​ទៀត​ ហើយ​នឹង​សង​ប្រាក់​បំណុល​ជាតិ​របស់​ស.រ.អា.​ចំនួន១៤​លាន​លាន​ដុល្លារ។​ សភា​ជាតិមិន​ដែល​បរាជ័យ​ក្នុង​ការ​ដំឡើង​កម្រិត​ប្រាក់​កម្ចី​ទាល់​តែ​សោះ។​ បើ​ធ្វើ​ដូច្នេះ​នឹង​មាន​ហានិភ័យ​ក្នុង​ការ​លំបាក​សង​ប្រាក់​បំណុល​ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ។​ ក៏​ប៉ុន្ដែ​សម្លេង​ឆ្នោត​តិច​ធ្វើ​ឲ្យ​អ្នក​តាក់​តែង​ច្បាប់​មិន​ចូល​ចិត្ដមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជា​អ្នក​អនុញ្ញាត​ឲ្យ​ស.រ.អា.​មាន​ប្រាក់​បំណុល​ច្រើន​ថែម​ទៀត​ទេ។​ សម្លេង​ឆ្នោត​តិចតែង​តែ​បណ្ដាល​ឲ្យ​គណបក្ស​រិះគន់​ និងមាន​វេទិកា​ ហើយ​នៅ​ពេល​នេះ​ វា​ពិបាក​ធ្វើ​ការ​បក​ស្រាយ។

លើក​លែង​តែ​រយ:ពេល​ដ៏​ខ្លី​នៅ​ដំណាច់​ទស​វត្សរ៍​១៩៩០​ប៉ុណ្ណោះពេល​ដែល​ ស.រ.អា.​មាន​វាសនា​មាន​ថវិកា​លើស​ពី​សេចក្ដី​ត្រូវ​ការ​ ក្រៅ​ពី​នេះ រដ្ឋាភិបាល​សហព័ន្ធ​ចាំ​បាច់​ត្រូវ​ខ្ចី​ប្រាក់​កាន់​តែ​ច្រើន​ឡើងៗ​ ដើម្បី​យក​ទៅ​សង​ប្រាក់​បំណុល​ពេល​ឆ្នាំ​មាន​ឱនភាព​ថវិកា។​ ហើយ​រាល់​ពេល​ដែល​រដ្ឋាភិបាល​មាន​ប្រាក់​បំណុល​ឡើង​ដល់​កម្រិត​ប្រាក់​កម្ចី​អតិបរិមា​របស់​ខ្លួន​ សភាជាតិ​ត្រូវ​តែ​ធ្វើ​អន្ដរាគមន៍​ ហើយ​ដំឡើង​កម្រិត​ប្រាក់​បំណុល។

តាម​ធម្មតា​ គណបក្ស​គ្រប់​គ្រង​អំណាច​មាន​តួ​នាទី​ជា​អ្នក​ត្រូវ​ពន្យល់​ហេតុផល​ ​ហើយ​នឹង​ការ​ទទួល​ខុសត្រូវ​ ដោយ​សុំ​ឲ្យ​អ្នក​តាក់តែង​ច្បាប់​ធ្វើ​អ្វីៗ​ដែល​ចាំ​បាច់​ដើម្បី​រក្សា​លំនឹង​របស់​រដ្ឋាភិបាល។​ លោក​ហារី​រីដ​ (Harry Reid) ​មេដឹកនាំ​សម្លេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​ និង​ជាសមាជិក​សភា​ថ្នាក់​ខ្ពស់​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា។​ ថ្មីៗ​នេះ​ លោក​រីដ​និយាយ​ដូច្នេះ​ថា៖

«យើង​គ្មាន​ជម្រើស​ទេ។​ មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ពិភពលោក​ទទួល​ស្គាល់​ថា​ ប្រទេស​នេះ​មិន​អាច​មិន​សង​បំណុល​របស់​ខ្លួន​បាន​ទេ។​ យើង​មាន​បញ្ជី​ប្រាក់​បំណុល​ដែល​យើង​ត្រូវ​សង»។

ក៏​ប៉ុន្ដែ​ចំពោះ​គណបក្ស​មាន​សម្លេង​ភាគ​តិច​ ការ​បោះ​ឆ្នោត​បង្កើន​កម្រិត​នៃ​ប្រាក់​បំណុល​ធ្វើ​ឲ្យគណបក្ស​មិន​អាច​នៅ​ស្ងៀម​ មិន​ឈ្លោះ​ប្រកែក​បាន​ទេ។​ នៅ​ពេល​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​គ្រប់​គ្រង​ព្រឹទ្ធ​សភា​ក្នុងនាម​លោក​ជា​មេដឹក​នាំ​សម្លេង​ភាគ​តិច​នៅ​ឆ្នាំ​២០០៦​ លោក​និយាយ​ដូច្នេះ​ថា៖

«តើសមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ជាតិ​នេះ​បក​ស្រាយ​ដូច​ម្ដេច​ដើម្បី​ឲ្យ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន​យល់​ថា​ប្រាក់​បំណុល​ថ្មីច្រើន​លាន​លាន​ដុល្លារ​ ជា​រឿង​ល្អ​សម្រាប់​សេដ្ឋ​កិច្ច​របស់​យើង​នោះ?»

នៅ​ឆ្នាំ​នោះ​ សមាជិក​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​នៅ​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ដំឡើងកម្រិត​ប្រាក់​បំណុល​ ដោយ​ទុក​ចិត្ដ​ថា​ សំឡេង​ភាគ​ច្រើន​របស់​សមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​ការដំឡើងកម្រិត​ប្រាក់​បំណុល​ ហើយ​នឹង​បញ្ចៀស​វិបត្ដិ​សារពើ​ពន្ធ។​ ក្នុង​ចំណោម​អ្នក​ដែល​បោះ​ឆ្នោត​បដិសេធ​រួម​មាន​លោក​អូបាម៉ា​ ដែល​នៅ​ពេល​នោះ​ជា​សមាជិក​ព្រឹទ្ធសភា។​ លោក​សំអាង​ហេតុ​ផល​ថា​ ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​ មាន​ន័យ​ថា​បរាជ័យ​នៃ​ថ្នាក់​មេដឹកនាំ​សេដ្ឋ​កិច្ច​ក្រោម​លោក​ George W. Bush ដែល​នៅ​ពេល​នោះ​ជា​ប្រធានាធិបតី។

សព្វ​ថ្ងៃ​នេះ​ លោក​ប្រធានាធិបតី​អូបាម៉ា​មាន​ទស្សន:ខុស​ពី​ពេល​នោះ។​ លោក​ ហ្សេយ៍​ការនី ​(Jay Carney)​ អ្នក​នាំ​ពាក្យ​សេតវិមាន​និយាយ​ដូច្នេះ​អំពី​ការបោះ​ឆ្នោត​របស់​លោក​អូបាម៉ា​ នៅ​ព្រឹទ្ធ​សភា​នៅ​ឆ្នាំ​២០០៦​នោះ។

«លោក​ប្រធានាធិបតី​សោក​ស្ដាយ​អំពីការ​បោះ​ឆ្នោត​នោះ ​ហើយ​គិត​ថា​ លោកធ្វើ​ខុស។​ ឥឡូវ​នេះ​ លោក​ឃើញ​ថា​ ការ​ដំឡើងកម្រិត​ប្រាក់​បំណុល​មាន​សារ:​សំខាន់​ចំពោះ​សុខភាព​សេដ្ឋ​កិច្ច​នេះ​ ហើយ​នឹង​សេដ្ឋកិច្ច​សកល​លោក។ ​យើង​មិន​អាច​យក​ការ​បោះឆ្នោត​នោះ​មក​ធ្វើ​ជា​ល្បែង​បាន​ទេ»។

សមាជិក​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​មិន​មែន​ជា​ក្រុម​តែ​មួយ​ដែល​ផ្លាស់ប្ដូរ​គំនិត​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​អំពី​កម្រិត​ប្រាក់​បំណុល​ទេ។​ នៅ​ឆ្នាំ​២០០២​ លោក​ម៉ាយក៍​ ផិនស៍​ (Mike Pence) ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ តំណាង​រដ្ឋ​អ៊ិនឌីយ៉ាណា​ (Indiana) ​និយាយ​នៅ​រដ្ឋ​សភា​ មុន​ការ​បោះ​ឆ្នោត​ដំឡើង​កម្រិត​ប្រាក់​បំណុល​ថា៖

«ដូច​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​តំណាង​ដូច្នោះ​ដែរ​ ខ្ញុំ​មក​ទី​នេះ​ដោយ​ជឿ​ថា​ បើ​លោក​អ្នក​មាន​បំណុល​ លោក​អ្នក​គួរ​តែ​សង​ប្រាក់​បំណុល»។

សព្វ​ថ្ងៃ​នេះ​ សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​តាំង​ចិត្ដ​មិន​ដំឡើង​កម្រិត​ប្រាក់​បំណុលទេ​ លុះ​ត្រា​ណាលោក​ប្រធានាធិបតី​អូបាម៉ា​យល់​ព្រម​កាត់​បន្ថយ​យ៉ាង​ច្រើន​នូវ​ប្រាក់​ចំណាយ​នៅ​ក្នុង​កម្មវិធី​សហព័ន្ធ​ ដែល​សមាជិក​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​គាំទ្រ​ជា​យូរ​មក​ហើយ។

នៅ​ដើម​ឆ្នាំ​នេះ​ លោក​សមាជិក​សភា​ផិនស៍​ និយាយ​ថា៖

«ខ្ញុំ​នឹង​មិន​គាំ​ទ្រការ​ដំឡើងកម្រិត​ប្រាក់​បំណុល​ទេ ​លុះត្រា​មាន​ការ​ផ្លាស់​ប្ដូរ​ជាក់​ស្ដែង​ហើយ​នឹង​មាន​អត្ថន័យ​នៅ​ក្នុង​ការ​ចំណាយ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​ប្រកាន់​បក្ស​ពួក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដំឡើង​កម្រិត​ប្រាក់​បំណុល​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ​លោក​ម៉ារក៍​ ហ្គោលវ៉ាន​ (Mark Goldwein)​ គឺ​ជា​នាយក​ផ្នែក​គោល​នយោបាយ​នៃ​គណ:កម្មាធិការ​ថវិកា​សហព័ន្ធ​មាន​ការ​ទទួល​ខុស​ត្រូវ​ ដែល​មាន​ទី​ស្នាក់​ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​និយាយថា

«ការ​បោះ​ឆ្នោត​កម្រិត​ប្រាក់​បំណុល​តែង​តែ​មាន​រឿង​នយោបាយ​នៅ​ពី​ខាង​ក្រោយ។​ ហើយ​ជា​និច្ច​កាល​គឺ​គណបក្ស​គ្រប់​គ្រង​អំណាច​ដែល​ចេញ​មិន​រួច​ដោយ​សារ​ការ​បោះ​ឆ្នោត​គ្មាន​សំឡេង​គ្រប់គ្រាន់​ ហើយគណបក្ស​មិន​គ្រប់​គ្រង​អំណាច​ស្ដី​បន្ទោស​គណបក្ស​គ្រប់​គ្រង​អំណាច​ ថា​បាន​បង្កើត​ឲ្យ​មាន​ឱនភាព ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដូច្នេះ»។

ហេតុ​ដូច្នេះ​ហើយ​ នេះ​មិន​មែនជា​មូលហេតុ​ដែល​គេ​មិនគួរយក​កម្រិត​ប្រាក់​បំណុល​ផ្ដោតទៅ​លើ​បញ្ហា​ប្រាក់​បំណុល​របស់​យើង​ទេ។​ យើង​ត្រូវ​តែ​ដំឡើង​កម្រិត​ប្រាក់​បំណុល​ ក៏​ប៉ុន្ដែ​យើង​ក៏​ត្រូវ​ចាប់​ផ្ដើម​គិត​គូរ​ដោយ​យក​ចិត្ដ​ទុក​ដាក់​ផង​ដែរ​អំពី​ស្ថាន​ការណ៍​ប្រាក់​បំណុលរយ:​ពេល​យូរ»។

កាល​ពី​ខែ​មុន​ ស.រ.អា.​ដំឡើងកម្រិត​ប្រាក់​កម្ចី​បច្ចុប្បន្ន​ដល់ចំនួន​១៤,២​លាន​លាន​ដុល្លារ។ ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ប្រទេស​ជាតិ​នេះ​មាន​ហានិភ័យហិរញ្ញវត្ថុ​ បើ​គ្មាន​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​ត្រឹម​ខែ​សីហា​ទេ៕

ប្រែ​សម្រួលដោយ​ ​កងស៊ីវន

XS
SM
MD
LG